អ្នកសារព័ត៌មានសហគមន៍ ឬអ្នកសារព័ត៌មានប្រជាជនក្នុងប្រទេសកម្ពុជាមានការកើនឡើងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយពេលដែលបណ្តាញព័ត៌មានសង្គម ដូចជាហ្វេកប៉ុក ឬ ធ្វីតទឺមានការពេញនិយម។ អ្នកសារព័ត៌មានទាំងនោះ ភាគច្រើនបានប្រើប្រាស់គណនីផ្ទាល់ខ្លួន ឬក៏ Page ដើម្បីផ្សព្វផ្សាយនូវព័ត៌មានដែលខ្លួនបានដឹង។
ជាក់ស្តែង លោកហេង ម៉េងហុង អាយុ២២ឆ្នាំ ជាយុវជនគណបក្សសង្គ្រោះជាតិ បានធ្វើជាអ្នកកាសែតសហគមន៍នេះ ប្រមាណជាង១ឆ្នាំហើយ។ ជាយុវជនដែលមានស្រុកកំណើតនៅឯខេត្តកំពង់ចាម ម៉េងហុង បានប្រាប់ឲ្យដឹងថា៖
«ខ្ញុំធ្វើជាអ្នកកាសែតសហគមន៍ ព្រោះតែខ្ញុំចង់ផ្លាស់ប្តូរសង្គម។ កន្លងមក ខ្ញុំមាន បង្កើត Page ផ្ទាល់ខ្លួនមួយសម្រាប់ផ្សាយនូវព័ត៌មានដែលខ្ញុំបានធ្វើ»។
យ៉ាងណាមិញ ព័ត៌មានដែលបានមកពីហ្វេកប៉ុកភាគច្រើនត្រូវបានគេចាត់ទុកថា ជាព័ត៌មានបំផុសបំផុល ប៉ុន្តែមួយចំនួនទៀត បែរជាមានប្រយោជន៍សម្រាប់ផ្តល់ដំណឹងឲ្យអ្នកសារព័ត៌មានអាជីព។
កញ្ញា ហ៊ុន ស៊ីនួន ដែលធ្វើការនៅអង្គការយុវសន្តិភាព បានប្រាប់ឲ្យដឹងថា កន្លងមក កញ្ញាបានចែករំលែកព័ត៌មានតាមបណ្តាញព័ត៌មានសង្គម ដូចជាអត្ថបទ រូបថត ឬក៏វីដេអូ។ ស្ថិតក្នុងវ័យ២៤ឆ្នាំ ស៊ីនួនបាននិយាយថា៖
«ខ្ញុំធ្លាប់បានចែករំលែកព័ត៌មាន ដែលទាក់ទងនឹងសិទ្ធិមនុស្ស ជម្លោះដីធ្លី តស៊ូមតិជាដើម»។
ស៊ីនួន ចេះរបៀបយកព័ត៌មាននេះ ព្រោះកញ្ញាធ្លាប់បានចូលរួមបណ្តុះបណ្តាលពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ជាដើម។ ស៊ីនួនបានប្រាប់នូវសារៈសំខាន់ក្នុងការធ្វើជាអ្នកសារព័ត៌មានប្រជាពលរដ្ឋថា៖
«ផលប្រយោជន៍ យល់ដឹងពីបញ្ហាសង្គមបានច្រើន និងរបៀបសរសេរព័ត៌មាន។ វាជាផ្នែកមួយនៃការផ្លាស់ប្តូរសង្គម ព្រោះខ្ញុំអាចចែករំលែកព័ត៌មានទៅតាមបណ្តាញព័ត៌មានសង្គម»។
ថ្វីបើយ៉ាងនេះក្តី ស៊ីនួនមានការខ្វល់ខ្វាយថា៖
«ផលលំបាកគឺខ្ញុំជាមនុស្សស្រី ហើយការយកព័ត៌មានពេលយប់គឺមិនសូវមានសុវត្ថិភាព តែដើម្បីសង្គម ខ្ញុំអាចធ្វើបាន»។
ស្របនឹងគ្នានេះដែរ តេជព្រះគុណ យ៉ុម ហឿន ដែលជាសន្តិភាពបុគ្គលតេជព្រះគុណ មិនដែលស្គាល់អ្នកកាសែតសហគមន៍ជាអ្វីទេ តែបន្ទាប់ពីបានចូលរួមក្នុងការតស៊ូមតិជាមួយប្រជាពលរដ្ឋ ដូចជាបាតុកម្ម ទើបតេជព្រះគុណដឹងថា អ្នកកាសែតសហគមន៍មានសារៈសំខាន់យ៉ាងមិចចំពោះការផ្តល់ព័ត៌មាន ដំណឹងទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស។ ស្ថិតក្នុងព្រះជន្ម២៥វស្សា ព្រះតេជព្រះគុណបានប្រាប់ឲ្យដឹងថា៖
«មានផលលំបាកច្រើន។ វាប្រឈមជាមួយច្បាប់ និងធម្មវិន័យ។ តែសម្រាប់អាត្មាយល់ថា ទុក្ខរបស់ញាតិញមជាទុក្ខរបស់ព្រះសង្ឃ ទើបអាត្មាចូលរួម។ អាត្មាធ្លាប់មានបញ្ហា ប្រាកដជាប្រឈមជាមួយអាជ្ញាធរ ដូចជាពួកគាត់ហាមឃាត់ ដោយការជេរប្រមាថ ឬក៏ដកហូតទូរស័ព្ទ»។
យ៉ាងណាក៏ដោយ កញ្ញាស៊ីនួនសំណូមពរឲ្យមានការលើកទឹកចិត្តក្នុងការបង្កើតអ្នកសារព័ត៌មានសហគមន៍នេះឲ្យបានច្រើន ព្រោះពួកគាត់អាចផ្សាយព័ត៌មានពីសហគមន៍ដែលគាត់រស់នៅ ទៅឲ្យអ្នកក្រៅបានដឹង និងសូមឲ្យរដ្ឋាភិបាលគួរតែឲ្យពួកគាត់មានមេធាវីជួយផ្លូវច្បាប់ផងដែរ៕