មេដឹកនាំសហជីពតំណាងឲ្យកម្មករនិយោជិតក្រុមហ៊ុនស៊ីនទ្រីបានថ្លែងនៅថ្ងៃពុធនេះថា កម្មករទាំងអស់បានសម្រេចចិត្តវិលត្រឡប់ទៅធ្វើការជាធម្មតាឡើងវិញ ក្រោយក្រុមហ៊ុនយល់ព្រមតាមការទាមទាររបស់កម្មករ។
ការសម្រេចចិត្តវិលត្រឡប់ចូលធ្វើការវិញរបស់កម្មករប្រមូលសំរាមទាំងនេះកើតឡើងខណៈតុលាការក្រុងភ្នំពេញបានចេញដីកាឲ្យកម្មករទាំងអស់ចាប់ផ្តើមការងារវិញមិនឲ្យផុតពីថ្ងៃទី១៦ ខែតុលា និងស្នើឲ្យកម្មករជាង២ពាន់នាក់បញ្ឈប់ការធ្វើកូដកម្ម ដែលតុលាការថា«ខុសច្បាប់»។
លោក កៅ សុវ៉ាត ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ីនទ្រី(ខេមបូឌា) ប្រាប់វីអូអេនៅសៀលថ្ងៃពុធនេះថា កម្មករនៅផ្នែកបើកបរ និងកើបសំរាម បានសម្រេចចូលធ្វើការវិញហើយ ដោយពួកគេចាប់ផ្តើមធ្វើការចាប់ពីល្ងាចថ្ងៃនេះតែម្តង ក្រោយធ្វើកូដកម្មអស់រយៈពេល១៣ថ្ងៃ។
«គាត់ចាប់ផ្តើមចេញពីឥឡូវហ្នឹងទៅហើយបាទពីម៉ោងហ្នឹងទៅហើយ។ឥឡូវឡានកំពុងតែចាក់ប្រេងកំពុងតែឲ្យកម្មករយើងត្រៀម ដើម្បីចេញឡានធ្វើការហើយ។ ឥឡូវកំពុងតែចាក់ប្រេងបណ្តើរៗហើយ»។
មេដឹកនាំសហជីពរូបនេះបន្ថែមថា ក្រុមហ៊ុនបានយល់ព្រមបំពេញទៅតាមការទាមទារនានារបស់កម្មករ ដោយមានការសម្របសម្រួលពីអភិបាលរងក្រុងពីររូបគឺលោកកើត ឆែ និងលោកហួត ហៃ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលបានចូលរួមសម្របសម្រួលបញ្ចប់វិវាទរបស់កម្មករប្រាប់វីអូអេថា កម្មករបានសម្រេចចិត្តចូលធ្វើការវិញហើយ ប៉ុន្តែលោកមិនផ្តល់ការអធិប្បាយថា តើកម្មករអាចនឹងផ្លាស់ប្តូរចិត្តនោះទេ។ លោកបានបង្វែរសំណួរទៅខាងភាគីកម្មករវិញ។
មេដឹកនាំសហជីព លោក កៅ សុវ៉ាត បានបញ្ជាក់ជាថ្មីថា កម្មករមិនបន្តការតវ៉ាទៀតទេ ព្រោះពួកគេត្រូវបានសន្យាដោយខាងភាគីក្រុមហ៊ុនថា ពួកគេនឹងទទួលបាននូវអ្វីដែលពួកគេទាមទារចំនួន៥ចំណុចដែលរួមមានប្រាក់បំណាច់អតីតភាព ការងារប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងមុន ប្រាក់ខែចុងក្រោយ និងការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។ លោកអះអាងថា ក្រុមហ៊ុននឹងធ្វើការទូទាត់ឲ្យប្រាក់ទាមទារទាំងនេះ នៅសប្តាហ៍ទី២នៃខែកុម្ភៈឆ្នាំ២០២១។
បើតាមកំណត់ហេតុនៃកិច្ចប្រជុំរវាងភាគីសហជីពតំណាងកម្មករនៅក្រុមហ៊ុនស៊ីនទ្រី និងភាគីពាក់ព័ន្ធផ្សេងទៀតក្រុមហ៊ុនស៊ីនទ្រីបានឯកភាព និងបញ្ចប់កិច្ចសន្យាការងារជាមួយកម្មករនិយោជិត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ហើយទទួលដោះស្រាយបើកប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករស្របតាមច្បាប់ការងារ។ប្រាក់បំណាច់ទូទាត់ និងអត្ថប្រយោជន៍ផ្សេងៗ ដែលបានបញ្ចប់កិច្ចសន្យាការងារនេះនឹងត្រូវបើកជូនកម្មករនិយោជិត យ៉ាងយូរនៅសប្តាហ៍ទីពីរ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសាលារាជធានីភ្នំពេញជាអ្នកធានាចំនួនទឹកប្រាក់ដែលត្រូវទូទាត់នោះ។
វីអូអេមិនទាន់អាចសុំការអធិប្បាយពីតំណាងក្រុមហ៊ុនស៊ីនទ្រីបានទេនៅថ្ងៃពុធនេះ។
ទោះយ៉ាងណា នៅព្រឹកថ្ងៃពុធដដែលនេះ ពោលគឺនៅពេលដែលមិនទាន់មានដំណោះស្រាយបញ្ចប់វិវាទនោះ កម្មកររាប់សិបនាក់បានចេញតវ៉ាជាថ្មីនៅមុខអគារចតរថយន្តដឹកសំរាមរបស់ក្រុមហ៊ុននៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ស៊ីណា ខេមរា អាយុ៣៤ឆ្នាំ ជាកម្មករផ្នែកប្រមូលសំរាមដែលធ្វើការឲ្យក្រុមហ៊ុនស៊ីនទ្រី៧ឆ្នាំមកហើយនោះ និយាយថា បើមានការសន្យាពីក្រុមហ៊ុនថានឹងដោះស្រាយប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅខែកុម្ភៈនោះ លោក និងកម្មករផ្សេងទៀត នឹងចូលធ្វើការដូចដើម។លោកថា លោកមិនចង់ឃើញសំរាមនៅកកស្ទះពេញក្រុងនោះទេ។
«ខ្ញុំមិនចង់ឲ្យសំរាមនៅស្ទះពេញ ភ្នំពេញហ្នឹងដែរព្រោះវាស្អុយខូចសុខភាពទាំងអស់គ្នាតែបើយើងមកធ្វើការធម្មតាទៅ... រួចខ្លួនទៅបាទ»។
លោក អ៊ុច សារ៉ន ដែលធ្វើការផ្នែកកើបសំរាមអស់រយៈពេល៦ឆ្នាំ និយាយថា លោកមិនចង់ឃើញវិវាទការងារនេះ អូសបន្លាយបន្តទៀតទេ។
«សម្រាប់ខាងខ្ញុំផ្ទាល់ គឺខាតការងារ ខាតទាំងប្រាក់ប្រចាំថ្ងៃដែរហ្នឹងបងអើយព្រោះយើងរាល់ថ្ងៃចេះតែអូសទៅ។ តាមប្រជាពលរដ្ឋគាត់ចេះតែឲ្យចាយខ្លះទៅណាតិចតួចមក...ទុករួចថ្លៃម្ហូប ថ្លៃអង្ករ ថ្លៃអីដែរហ្នឹង»។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យយកក្រុមហ៊ុនស៊ីនទ្រីដែលផ្គត់ផ្គង់សេវាប្រមូលសំណល់រឹងក្នុងរាជធានីភ្នំពេញអស់២០ ឆ្នាំមកហើយនោះមក នៅក្រោមការគ្រប់គ្រងបណ្ដោះអាសន្នរបស់រដ្ឋ ក្រោមហេតុផលថា ក្រុមហ៊ុននេះផ្ដល់សេវាប្រមូលសំរាមមិនបានល្អ៕