ក្រុមហ៊ុនខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (CIC) បានអំពាវនាវឱ្យវិនិយោគិនចូលរួមក្នុងយន្តការដោះស្រាយពាក់ព័ន្ធលុយជាង ១០០លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនកំពុងតែវេចខ្ចប់ទ្រព្យដើម្បីដោះស្រាយជូនទៅអ្នកវិនិយោគវិញ។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមហ៊ុន។
ការអំពាវនាវយ៉ាងដូច្នេះ ធ្វើឡើងក្រោយលេចឮព័ត៌មានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថាក្រុមហ៊ុននេះបានបោកប្រាស់យកប្រាក់អ្នកវិនិយោគិន ដែលបានវិនិយោគនៅក្នុងក្រុមហ៊ុនមួយនេះ ក្នុងនោះក៏មានអ្នកឧកញ៉ា គួច ម៉េងលី ដែលគេស្គាល់ថាជាអ្នកវិនិយោគក្នុងវិស័យអប់រំ និងសុខាភិបាលលេចធ្លោមួយរូបនៅប្រទេសកម្ពុជា។
ក្នុងសេចក្តីបំភ្លឺព័ត៌មានចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ បានរៀបរាប់ថា បញ្ហាដែលកំពុងកើតឡើងនៅក្នុងក្រុមហ៊ុនគឺជាវិបត្តិហិរញ្ញវត្ថុដែលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកល និងភាពខ្វះចន្លោះក្នុងការត្រៀមខ្លួនរបស់ក្រុមហ៊ុនពោលគឺមិនមែនជាសំណុំរឿងបោកប្រាស់ដូចការចោទប្រកាន់តាមរយៈបណ្តាញទំនាក់ទំនងសង្គមមួយចំនួនឡើយ។
ក្រុមហ៊ុនបញ្ជាក់ថា៖«ក្រុមហ៊ុននៅតែរក្សាគោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាចំពោះមុខ ដោយធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប។ ក្រុមហ៊ុននឹងបន្តធ្វើការដោយអនុលោមទៅតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលកំណត់ដោយ និយ័តករមូលបត្រកម្ពុជា(នមក) ដែលតែងតែតម្កល់ផលប្រយោជន៍វិនិយោគិនជាអាទិភាព»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមហ៊ុន CIC បន្ថែមបាននៅឡើយទេ។
អ្នកជំនាញផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត ប្រាប់វីអូអេថាករណីក្រុមហ៊ុនCIC មិនមែនជារឿងតូចតាចទេ ដោយសារតែវាប៉ះពាល់ទៅដល់មុខមាត់របស់រដ្ឋាភិបាល និងការវិនិយោគពីបណ្តាវិនិយោគិនក្រៅប្រទេស ជាពិសេសសុខភាពហិរញ្ញវត្ថុរបស់អ្នកវិនិយោគដែលបានខាតប្រយោជន៍ពីក្រុមហ៊ុនមួយនេះ។
បើតាមអ្នកជំនាញច្បាប់រូបនេះ រដ្ឋាភិបាលគួរតែមានចំណាត់ការឱ្យបានឆាប់រហ័សដើម្បីបញ្ជាក់ពីការពិតនៃរឿងនេះជាពិសេសពាក់ព័ន្ធនឹងការបង្ហូរសាច់ប្រាក់ និងការមិនអាចផ្តល់ភាគលាភដល់អ្នកវិនិយោគបាន។
លោកថ្លែងថា៖«អ៊ីចឹងចំណុចពីរហ្នឹងហើយដែលអាជ្ញាធរ រដ្ឋាភិបាលជាពិសេសក្រសួងយុត្តិធម៌គួរតែចាប់ផ្តើមបើកការស៊ើបអង្កេត ហើយផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ថាតើក្រុមហ៊ុននៅដំណើរការ ក្រុមហ៊ុនអាចនឹងស្តារស្ថានភាពឡើងមកវិញឬក៏ក្រុមហ៊ុនមិនអាចស្តារឡើងមកវិញ»។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមទូរសព្ទ លោកគួច ម៉េងលីដែលជាវេជ្ជបណ្ឌិតមួយរូបផងនោះ និងជាស្ថាបនិកក្រុមហ៊ុន Mengly J. Quach Education PLC. លើកឡើងថាលោកបានដាក់លុយវិនិយោគនៅក្នុងក្រុមហ៊ុនCIC១០ឆ្នាំមកហើយ ដែលសរុបជាទឹកប្រាក់ចំនួនជិត៣សែនដុល្លារ។
លោកបញ្ជាក់ថា៖«អ៊ីចឹងឱ្យសមត្ថកិច្ចគេស៊ើបអង្កេតទៅថាតើជាក់ស្តែងវាយ៉ាងម៉េចដែលប្រជាពលរដ្ឋគេអាចដឹងថាវាមកពីស្អីទៅស្អី ហើយពេលគេស៊ើបអង្កេត យើងនឹងឃើញច្បាស់ជាងនេះទៀត។តើមកពីយ៉ាងម៉េច?»។
បើតាមលោកគួច ម៉េងលី ក្រុមហ៊ុនCICពីដើមឡើយគឺជាក្រុមហ៊ុនប្រមូលកៀរគរលុយដើម្បីជួយអ្នកទើបចាប់ផ្តើមអាជីវកម្មដំបូង ប៉ុន្តែក្រោយមកវិវឌ្ឍទៅជាអ្វីផ្សេងដែលខុសពីទម្រង់ដើមរបស់អាជីវកម្ម ហើយលោកក៏លាឈប់ពីសមាជិកនៃក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបង្ហោះទៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំន២០២៤ ថាស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់ដែលមានជាធរមាន។
លោកលើកឡើងថា៖«សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេស ត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក»។
លោក ជិន ម៉ាលីន ប្រាប់វីអូអេបន្ថែមថា៖«សូមរងចាំមើលចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ច ដែលជានិយ័តករមូលបត្រកម្ពុជា»៕