នាយិកា​ទីភ្នាក់ងារ CIA បាន​ធ្វើ​សន្និសីទ​កាសែត​ដល់​សមាជិក​សភា​អាមេរិក​ករណី​ឃាតកម្ម​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត

រូបឯកសារ៖ លោកស្រី Gina Haspel នាយិកា​ទីភ្នាក់ងារ CIA

កាសែត The Wall Street Journal បាន​រាយការណ៍​ថា ទីភ្នាក់ងារ CIA បាន​សន្និដ្ឋាន​ថា ឃាតកម្ម​របស់​លោក​ ប្រហែល​ជា​ត្រូវ​បាន​បញ្ជា​ដោយ​ព្រះ​រជ្ជទាយាទ​ Mohammed bin Salman។

លោកស្រី Gina Haspel នាយិកា​ទីភ្នាក់ងារ CIA បាន​ធ្វើ​សន្និសីទ​កាសែត​ដល់​សមាជិក​សភា​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ទៅ​លើ​លោក Jamal Khashoggi ដែល​ជា​អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត។ នេះ​បើយោង​តាម​លោក Bob Corker ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​បរទេស​ព្រឹទ្ធសភា​អាមេរិក។ ​

សន្និសីទ​កាសែត​នោះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទីភ្នាក់ងារ CIA មិន​បាន​ចូលរួម​ជាមួយ​នឹង​លោក Mike Pompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​និង​លោក James Mattis រដ្ឋមន្ត្រី​ការពារ​ប្រទេស ក្នុង​ការ​ថ្លែង​ទៅកាន់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​អំពី​ឃាតកម្ម​លើ​អ្នកកាសែត​រូប​នេះ។

លោក Khashoggi ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ឲ្យ​កាសែត Washington Post ក្នុង​សហរដ្ឋអាមេរិក និង​ជា​អ្នក​រិះគន់​ដ៏​ខ្លាំងក្លា​ទៅ​លើ​ព្រះរជ្ជទាយាទMohammed bin Salman ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ខែ តុលា នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស តួកគី។ ​

កាសែត The Wall Street Journal បាន​រាយការណ៍​ថា ទីភ្នាក់ងារ CIA បាន​សន្និដ្ឋាន​ថា ឃាតកម្ម​របស់​លោក​ ប្រហែល​ជា​ត្រូវ​បាន​បញ្ជា​ដោយ​ព្រះ​រជ្ជទាយាទ​ Mohammed bin Salman។

ទោះ​ជា​មាន​ការ​សន្និដ្ឋាន​ពី​ទីភ្នាក់ងារ CIA ក៏​ដោយ ក៏​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ច្រានចោល​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ​ការ​សន្និដ្ឋាន​នេះ ដោយ​ហៅ​ការ​សន្និដ្ឋាន​នេះ​ថា​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​លោក ត្រាំ បាន​ដាក់​ទណ្ឌកម្ម​ចំនួន​១៧​ទៅ​លើ​ប្រទេស​អារ៉ាប៊ីសាអូឌីត​រួច​ទៅ​ហើយ ចំពោះ​ការ​ចោទប្រកាន់​ទៅ​លើ​តួនាទី​របស់​ប្រទេស​នេះ​ក្នុង​ករណី​ឃាតកម្ម​នេះ៕