ការ​ចាប់​យក​អាជីព​ជា​អ្នកសារព័ត៌មាន​មិន​ទាន់​ទូលំទូលាយ​សម្រាប់​និស្សិត​កម្ពុជា

រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ខណៈ​និស្សិត និង​យុវជន​មួយ​ចំនួន​ចាប់​អារម្មណ៍​ការ​សិក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​នៅ​តាម​សកល​វិទ្យាល័យ​មិន​ច្រើន​ទេ​នៅ​កម្ពុជា និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​នេះ ហើយចាប់​យក​អាជីព​ជា​អ្នក​សារព័ត៌មាន​នៅ​មាន​តិច​តួច​នៅ​ឡើយ។ ទីផ្សារ​ការងារ​សម្រាប់​និស្សិត​ដែល​ចង់​ក្លាយ​ជា​អ្នក​សារព័ត៌មាន​ឯករាជ្យ​នៅ​មាន​ចំនួន​តិច ស្រប​ពេល​ដែល​ការ​រឹតត្បិត​សារព័ត៌មាន​ឯករាជ្យ​នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ។ នេះ​បើ​តាម​អ្នក​ជំនាញ។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​អ្នកសារព័ត៌​មាន​កម្ពុជា ហៅ​កាត់​ថា​ CamboJA ប្រាប់​វីអូអេ​ថា​បរិយាកាស​សម្រាប់​អ្នក​ដែល​ចង់​សរសេរ​ព័ត៌មាន​ពិត​មិន​ទាន់​អំណោយ​ផល​នៅ​ឡើយ ស្រប​ពេល​ដែល​ទីផ្សារ​ការងារ​សម្រាប់​អ្នក​ដែល​ចង់​រាយការណ៍​ព័ត៌មាន​ពិត​នៅ​មាន​កម្រិត។

លោក​ថ្លែង​ថា៖ «កត្តា​មួយ​សំខាន់​ដែល​យើង​ឃើញ​ថា​មិន​សូវ​មាន​អ្នក​សារ​ព័ត៌​មាន ជា​ពិ​សេស​គឺ​យុវជន​ដែល​ចាប់​អារម្មណ៍​នៅ​ក្នុង​វិស័យ​សារ​ព័ត៌​មាន​គឺ​កត្តា​សំខាន់​មួយ​ហ្នឹង​គឺ​ដោយ​សារ​តែ​រឿង​ទី​ផ្សារ​សម្រាប់​អ្នកសារ​ព័ត៌​មាននៅ​មានតិចតួច​ណាស់​នៅ​កម្ពុជា​យើងទី១។ ទី​២​ស្ថាន​ភាព​បរិយាកាស​ការងារ​ក៏​មិន​សូវ​អំណោយ​ផល​ដែរ​ដល់​អ្នក​សារ​ព័ត៌​មាន​វិជ្ជា​ជីវៈ​ ​អ្នក​សារ​ព័ត៌​មាន​ដែល​គាត់​ចង់​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​សរសេរ​ព័ត៌​មាន​ពី​រឿង​រ៉ាវ​ផ្សេងៗ​នៅ​ក្នុង​សង្គម​គឺ​ថា​មិន​សូ​វ​មាន​ទេ មិន​សូវ​មាន​បរិយាកាស​ល្អ​ទេ​សម្រាប់​ពួក​គាត់»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី ផ្តល់សម្ភាសន៍ជាមួយសំឡេងសហរដ្ឋអាមេរិក នៅទីក្រុងភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក ណុប វី បន្ថែម​ថា​ប្រសិន​បើ​សេរីភាព​សារព័ត៌មាន​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​អ្នកសារ​ព័ត៌​មាន​ឯករាជ្យ លោក​គិត​ថា​នឹង​មាន​អ្នក​ចាប់​អារម្មណ៍​អាជីព​ជា​អ្នក​សារព័ត៌មាន​ច្រើន។

សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ឆ្នាំ២០២៣​ នេះ​ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើ​តាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Border) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ខែ​ឧសភា។ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧​ក្នុង​ចំណោម១៨០​ប្រទេស​នៅឆ្នាំ​២០២៣​ ដែល​ថយ​ពី​លេខ​រៀង​ទី​១៤២ កាល​ពីឆ្នាំ​មុន។

កាល​ពី​ខែ​កុម្ភៈ ក្រសួង​ព័ត៌មាន​បាន​លុប​ចោល​អាជ្ញា​បណ្ណ​របស់​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​(វីអូឌី) ដែល​បណ្តាល​ឲ្យ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាត់​បង់​ការងារ។

លោក អ៊ុង ប៊ុនអ៊ី នាយក​នៃ​ដេប៉ា​តឺ​ម៉ង់​ប្រព័ន្ធ​ផ្សាយ និង​សារ​គមនាគមន៍ ហៅ​កាត់​ថា​DMC​នៃ​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំ​ពេញ ប្រាប់​វីអូអេ​ថា​ចំនួន​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​DMC ប្រមាណ​តែ​១៥​%ប៉ុណ្ណោះ​ដែល​ចាប់​យក​អាជីព​ជា​អ្នក​សារព័ត៌មាន ហើយ​ក្រៅ​ពី​នោះ ចាប់​យក​អាជីព​ជា​អ្នក​ទំនាក់​ទំនង​សាធារណៈ និង​ផលិតករ​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

លោក​បន្ថែម​ថា​និស្សិត​ដែល​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​នៅ​DMC​បាន​បំពេញ​ការងារ​ជា​អ្នក​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​និង​គោរព​ក្រមសីលធម៌​ត្រឹមត្រូវ។

លោក​ថ្លែង​ថា៖ «យើង​ឃើញ​ថា​និស្សិត​របស់​យើង​ដែល​គាត់​បញ្ចប់​ការ​សិក្សា​ទៅ​ហើយ​បច្ចុប្បន្ន​កំពុង​តែ​ប្រកប​អាជីព​ជា​អ្នកសារព័ត៌មាន​នៅ​តាម​ស្ថាប័ន​ព័ត៌​មាន​ផ្សេងៗ យើង​សង្កេត​ឃើញ​ថា​គាត់​ទៅ​ប្រកប​ការងារ​បាន​ជា​ធម្មតា​មិន​មាន​អី​ប៉ះ​ពាល់​ទេ​ ដោយ​សារ​នៅ​ទី​នេះ​គាត់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​សារ​ព័ត៌​មាន​ ឬក៏​ជាអ្នក​អនុ​វត្ត​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​មាន​វិជ្ជា​ជីវៈ និង​មាន​ក្រម​សីល​ធម៌​ត្រឹម​ត្រូវ»។

ក្រៅ​ពី​ DMC សកល​វិទ្យាល័យ​មួយ​ទៀត​គឺ​សកលវិទ្យាល័យ​កម្ពុជា (UC) ក៏​មាន​មុខ​ជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ផង​ដែរ។

លោក ប៊ុន សុផល ប្រធាន​មហា​វិទ្យាល័យ​ព័ត៌​មាន និង​គមនាគមន៍​នៃ​សកលវិទ្យាល័យ​ UC ​ប្រាប់​វី​អូអេ​តាម​រយៈ​សារ​អេឡិច​ត្រូ​និច​តេឡេក្រាម​ថា​សិស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ជំ​នាញ​សារព័ត៌​មាននេះ មាន​ចំនួន​ចាប់​ពី​១៥​ទៅ​៣០​នាក់ ក្នុង​មួយ​ឆ្នាំៗ ហើយ​ក្នុង​នោះ​មាន​តែ​៣០​%​ប៉ុណ្ណោះ​ដែល​ចាប់​យក​អាជីព​ជា​អ្នកសារ​ព័ត៌មាន។ លោក​យល់​ថាសិស្ស​ដែល​សិក្សា​ជំនាញ​ព័ត៌មាន​នៅ​មាន​ចំនួនតិច ក្រោម​ហេតុផល​ថា​សិស្ស​មួយ​ចំនួន​មិន​ទាន់​យល់​ពី​សារៈ​សំខាន់​នៃ​ជំនាញ​នេះ និង​មិន​ហ៊ាន​សិក្សា ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​នៅ​ពេល​ចាប់​អាជីព​ជា​អ្នកសារព័ត៌មាន។

លោក​ថ្លែង​ថា៖ «ភាព​មាន​គ្រោះ​ថ្នាក់​ហ្នឹង​គឺ​ថា​តាំង​ពី​គាត់​ចូល​រៀន​មក​ហ្នឹង​ concept (​ការ​គិត​)​ របស់​ឪពុក​ម្តាយ​តែង​យល់​ថា​កូន​ទៅ​រៀន​ផ្នែក​កាសែត​អី​ចឹង​ទៅ​ស្ពាយ​កាមេរ៉ា​ ចុះ​ទៅ​ថត​យក​ព័ត៌​មាន​បាតុកម្ម​ស្អីៗ​ផ្សេងៗ។ អញ្ចឹង​វា​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ អញ្ចឹង​សិស្ស​ដែល​ពេល​ចូល​រៀន​ហ្នឹង​ជួន​កាល​គាត់​ស្រឡាញ់ ប៉ុន្តែ​ការ​ដែល​យល់​ពី​ឪពុក​ម្តាយ​ដែល​គាត់​ប្រាប់​មក​ហ្នឹង​គឺ​វា​អញ្ចឹង»។

បើ​តាម​លោក ប៊ុន សុផល សិស្ស​មួយ​ចំនួន​ដែល​ចាប់​យក​អាជីព​ជា​អ្នកសារព័ត៌មាន ប៉ុន្តែ​ពួកគេ​សរសេរ​អត្ថបទ​ទាក់​ទង​នឹង​ផ្នែក​កម្សាន្ត​ វប្ប​ធម៌ ឬ​ទេសចរណ៍ ហើយ​វា​មិន​ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​បែប​ស៊ើប​អង្កេត និង​បែប​បាតុកម្ម​ជា​ដើម។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ដោយ​ឡែក​យើង​ជា​ស្ត្រី​ក៏​ទៅ​ធ្វើ​ការ​ផ្នែក​សារ​ព័ត៌​មាន​ភាគ​ច្រើន​ស្ត្រី​គាត់​ផ្តោត​ទៅ​លើ​ការ​សរសេរ​អញ្ចឹង​ហើយ​បាន​ភាគ​ច្រើន​ទៅ​លើ​ព័ត៌​មាន អញ្ចឹង​ពេល​ខ្លះ​វា​មាន​ហានិភ័យ​ដែរ​សម្រាប់​ស្ត្រី​ក្នុង​ការ​ចុះ​យក​ព័ត៌​មាន​នៅ​តាម​តំបន់​ឆ្ងាយៗ​ទៅ​អី​ផ្សេងៗ»។

កញ្ញា ឈឹម ពេជ្របរមី និស្សិត​ឆ្នាំ​ទី​៣​នៅ ​DMC ថ្លែង​ថា​កញ្ញា​ចង់​ចាប់​អាជីព​ជា​អ្នក​សារព័ត៌មាន​ទៅ​ថ្ងៃ​អនាគត។ នាង​គិត​ថា​បញ្ហា​ដែល​នាង​អាច​ប្រឈម មាន​ដូច​ជា​ការ​ចុះ​ទៅ​សម្ភាស ការ​ធ្វើ​ដំណើរ និង​សុវត្ថិភាព​នៅ​ពេល​ត្រូវ​ចុះ​ទៅ​បំពេញ​ការងារ។

កញ្ញា​ថ្លែង​ថា៖ «សម្រាប់​សេរី​ភាព​សារ​ព័ត៌​មាន​of course ​(ពិត​ណាស់)​ វា​ពិបាក​ក្នុង​ការ​ធ្វើ​រឿង។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​បើ​សិន​ជា​ខ្ញុំ​អត់​ធ្វើ​រឿង​ទាក់​ទង​មួយ​ sensitive​(រឿង​រសើប) នៅ​ក្នុង​ស្រុក​ទេ​ចឹង​រឿង​ហ្នឹង​អត់​មាន​ភាព​លំបាក​ជាមួយ​ខ្ញុំ​ទេ ប៉ុន្តែ​លំបាក​សម្រាប់​ខ្ញុំ​មួយ​ទៀត​ហ្នឹង​គឺ​ទាក់​ទង​អ្នក​នាំ​ពាក្យ​មាន​ការ​ពិបាក​ក្នុង​ការ​សួរ​នាំ​ ក្នុង​ការ​ចាំការ​respond(​ឆ្លើយ​តប)​ពី​គាត់​មក​វិញ​អា​ហ្នឹង​គឺ​ជា​អ្វី​តែ​មួយ​គត់​ដែល​ពិបាក​សម្រាប់​ខ្ញុំ​រាល់​ថ្ងៃ​ហ្នឹង​»។

ចំណែក​លោក លី​ សាណូ​ និស្សិត​ឆ្នាំ​ទី​៣​ម្នាក់​ទៀត​ដែល​សិក្សា​នៅ​DMC ​និយាយ​ថា​លោក​មិន​ចង់​ចាប់​អាជីព​ជា​អ្នក​សារ​ព័ត៌​មាននោះ​ទេ ព្រោះ​លោក​គិត​ថា​ការងារ​ជា​អ្នក​កាសែតមិន​មាន​សុវត្ថិភាព​និង​មិនទទួល​បាន​ការ​គាំទ្រ​ពី​គ្រួសារ។

លោក​ថ្លែង​ថា​៖«​reason(មូល​ហេតុ) ដែល​យើង​អត់​ចាប់​អាជីព​ជា​អ្នក​កាសែត​ហ្នឹង គឺ​ដោយ​សារយើង​ដឹង​ហើយ​ថា​កាសែត វា​ធ្វើ​ការ​រត់​ទៅ​វិញ​រត់​ទៅ​មក​ច្រើន​ទាំង​ការ​គិត​ ហើយ​វា​ត្រូវ​ការ​សរសេរ​បែប​critical thinking (ការ​ត្រិះ​រិះ​ពិចារណា) ក្នុង​ការ​សរសេរ។ ចំពោះ​ខ្ញុំ ខ្ញុំ​ចូល​ចិត្ត​something entertainment (អ្វី​មួយ​ដែល​កម្សាន្ត) ហើយ​ណា​មួយ​អា​រឿង​ការ​រឹត​ត្បឹត​ កា​រ​ត្បិត​ត្បៀតសេរី​ភាព​សារ​ព័ត៌​មាន​នៅ​ក្នុង​នេះ ចំពោះ​ខ្ញុំ​ ខ្ញុំ​អត់​សូវ​ដឹង​លើ​រឿង​ហ្នឹង​ច្បាស់​ប៉ុន្មាន​គ្រាន់​ដឹង​ថា​ខ្លួន​ឯង​ធ្វើ​អា​ហ្នឹង វា​អត់​សុវត្ថិភាព។ យើង​ចង់​ធ្វើ​ការ​ងារ​អី​មួយ​ដែល​អាច​មើល​ទៅ​វា​អាច​មាន​សុវត្ថិភាព​ដល់យើង ហើយណា​មួយ​អ្នក​ផ្ទះក៏​អត់ ​support (គាំទ្រ)ដែរ ព្រោះ​ដោយ​សារ​អី​ការងារ​ហ្នឹង​វា​ហត់​ខ្លាំង»។

ក្រៅ​ពី​ការ​បណ្តុះ​បណ្តាល​នៅ​តាម​សកល​វិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ​អំពី​ជំនាញ​សរសេរ​ព័ត៌មាន ក៏​មាន​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី​ពី​បណ្តា​អង្គការ​មួយ​ចំនួន​ទៅ​លើ​ផ្នែក​នេះ ដូច​ជា​ការ​បណ្តុះ​បណ្តាល​របស់​Newsroom Cambodia ដែល​សម្រប​សម្រួល​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​(CCIM)។ សិក្ខាកាម​មួយ​ចំនួន​ដែល​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ខ្លី​នេះ​ បាន​ក្លាយ​ជា​អ្នក​សារព័ត៌មាននៅ​តាម​ស្ថាប័ន​ផ្សេងៗ។

កញ្ញា ប៉ូញ សោភ័ណ និស្សិត​ឆ្នាំ​ទី​៤​សិក្សា​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​នៅ​សាកល​វិទ្យា​ល័យ​កម្ពុជា ប្រាប់​វីអូអេ​ថា​កញ្ញា​ក៏​ជា​សិក្ខា​កាម​ម្នាក់​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​សារព័ត៌​មាន​នៅ​Newsroom Cambodia។ កញ្ញា​យល់​ថា​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​លក្ខណៈ​ត្បិត​ត្បៀត​ខ្លាំង។

ចំណងជើងរបស់សារព័ត៌មានក្នុងស្រុកផ្សាយជាភាសា​អង់គ្លេស បង្ហាញពី​ជំហរ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជាក្នុងការ​ការពារសន្តិភាព កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

កញ្ញា​ថ្លែង​ថា៖ «វិស័យ​សេរី​ភាព​សារ​ព័ត៌​មាន​នៅ​កម្ពុជា​យើង​ សព្វ​ថ្ងៃ​នេះ​គឺ​មាន​លក្ខណៈ​ត្បិត​ត្បៀត​ខ្លាំង​មែន​ទែន​ ជា​ពិសេស​គឺ​រវាង​ខាង​រដ្ឋា​ភិ​បាល​ជា​មួយ​នឹង​ខាង​ស្ថាប័ន​ដែល​គាត់​ឯក​រាជ្យ​ ជា​ពិសេស​ទាក់​ទង​ជាមួយ​វីអូឌី​ ឬ​ក៏​វីអូអេ ហើយ​ភាគ​ច្រើន​តាម​បង​មើល​ឃើញ​យុវជន​មួយ​ចំនួន​គាត់​តែង​តែ​មើល​ឃើញ​ថា​អ្នក​ដែល​គាត់​ធ្វើ​ការ​ខាង​វិស័យ​សារ​ព័ត៌​មាន​បែប​ខាង​ឯក​រាជ្យ​ឬ​មួយ​ក៏​មិន​នៅ​ខាង​រដ្ឋា​ភិបាល​តែង​តែ​និយាយ​ថា​ពួក​គាត់​ជា​អ្នក​បះ​បោរ ជា​អ្នក​ប្រឆាំង​ចឹង​ទៅ ប៉ុន្តែ​គាត់​អត់​មាន​បាន​យល់​ពី​ចំណុច​សំខាន់​មួយ​ទៀត​ដែល​គាត់​miss (ខក​ខាន)ចំណុច​សំខាន់​អ្នក​ដែល​គាត់​ធ្វើ​ការ​ខាង​ឯក​រាជ្យ គឺ​គាត់​បង្ហាញ​ពី​ another side of the government (មួយ​ជ្រុង​ទៀត​របស់​រដ្ឋា​ភិបាល) ប៉ុន្តែ​គាត់​អត់​បាន​មើល​ឃើញ​ពី​ចំណុច​ហ្នឹង​ទេ»។

ចំណែក​លោក​ គីម​ ជីលីន ​សិក្ខា​កាម​ម្នាក់​ទៀត​ដែល​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​សារ​ព័ត៌​មាន​នៅ​ Newsroom Cambodia ​សព្វ​ថ្ងៃ​កំពុង​បម្រើ​ការ​នៅ​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​កន្លែង ប្រាប់​វីអូអេ​ថា​លោក​ស្រឡាញ់​ផ្នែក​សារ​ព័ត៌​មាន ប៉ុន្តែ​ដោយ​សារ​តែ​លំហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​លក្ខណៈ​រឹត​ត្បឹត ទើប​លោក​មិន​បាន​ចាប់​យក​អាជីព​មួយ​នេះ។

លោក​ថ្លែង​ថា៖ «ពេល​កំពុង​តែ​រៀង​ហ្នឹង​កំពុង​តែ​គិត​មើល​ថា​តើ​ការ​ងារ​សារ​ព័ត៌​មាន​នេះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ថា​ធ្វើ​បាន​ឬ​អត់ ប៉ុន្តែ​បរិយាកាស​ការងារ​ជា​អ្នក​សរសេរ​អត្ត​បទ ​ប្រកប​អាជីព​ជា​អ្នក​សរសេរ​អត្ត​បទ​សារ​ព័ត៌​មាន​អី ​ខ្ញុំ​មើល​ឃើញ​ថា​វា​ក៏​មាន​បញ្ហា​ប្រឈម​ដែរ​មិន​ខុស​ពី​ការងារ​ផ្សេងៗ​ទេ​គ្រាន់តែ​ថា​ធម្មជាតិ​ការ​ងារ​ហ្នឹង​អត់​ដូច​គ្នា​នឹង​អី​ដែល​ខ្ញុំ​ស្រឡាញ់​ចឹង​ទៅ​ខ្ញុំ​គិត​ថា​យ៉ាងហោចណាស់អាច​រៀន​ថា​ត្រឹម​ជា​ជំនាញ​ដដែល​ មិន​ទាន់​អាច​ប្រកប​អាជីព​ជា​អ្នក​សារ​ព័ត៌​មាន​ទេ»។

លោក ទេព អស្នារិទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌​មាន​ប្រាប់​វីអូអេ​ថា​កម្ពុជា​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ធន​ធាន​អ្នកសារ​ព័ត៌មាន ដើម្បី​ផ្ដល់​ព័ត៌​មាន​ដែល​មាន​គុណ​ភាព​ និង​មាន​វិជ្ជា​ជីវៈ​ទៅ​ដល់​សាធារណជន។

លោក​ថ្លែង​ថា៖ «ក្រសួង​ព័ត៌​មាន​សូម​លើក​ទឹក​ចិត្ត​ដល់​ប្អូនៗ​និស្សិត​ទាំង​អស់​ដែល​កំពុង​ ឬ​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​សារ​ព័ត៌​មាន​ឱ្យ​ប្រើ​ប្រាស់​នូវ​ចំណេះ និង​ជំនាញ​ដែល​ខ្លួន​បាន​ក្រេបជញ្ជក់​ពី​មហា​វិទ្យា​ល័យ​ឬ​នៅ​តាម​សាលា​នានា​ទៀត ដើម្បី​ចូល​រួម​ប្រឡូក​អាជីព​ជា​សារ​ព័ត៌​មាន​ប្រកប​ដោយ​ស្មារតី​ប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្ត​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​សារ​ព័ត៌​មាន​ឱ្យ​បាន​ត្រឹម​ត្រូវ​សំដៅ​រួម​ចំណែក​ លើក​កម្ពស់​ និង​ការពារ​សារ​ព័ត៌​មាន​ដែល​ជា​អំណាច​ទី​៤​នៅ​ក្នុង​សង្គម​យើង ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​វិស័យ​សារ​ព័ត៌​មាន​នេះ​ក្លាយ​ជា​វិស័យ​មួយ​ស្នូល​សម្រាប់​ចូល​រួម​ដល់​ការ​អភិ​វឌ្ឍ​សង្គម​ទាំង​មូល​ដោយ​បរិយាប័ន្ន និង​និរន្ត​ភាព»។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះបញ្ជាក់ថាអ្នកសារព័ត៌មានបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន«បានយ៉ាងពេញលេញ» «ដោយសេរី គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាព»៕