ភ្ញៀវទេសចរ​ចិន​ឈរ​លំដាប់​ទី១​ក្នុង​ចំណោម​​ភ្ញៀវទេសចរ​ជាង​៦​លាន​នាក់​ដែល​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨

រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ថត​រូប​ទេស​ភាព​ថ្ងៃ​លិច​នៅ​លើ​កំពូល​ប្រាសាទ​ភ្នំ​បាក់ខែង​ ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា​/VOA)

ទោះ​បី​ជា​​ចំនួន​ភ្ញៀវទេសចរ​ចិនមាន​ការ​កើនឡើង​​ ​ប្រជាពល​រដ្ឋ​កម្ពុជា​មិន​​បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​កើន​ឡើង​នៃ​ភ្ញៀវទេសចរ​ចិន​ច្រើន​ប៉ុន្មាន​នោះទេ នេះ​បើ​តាម​ការ​សង្កេត​ឃើញ​របស់​អ្នក​វិភាគ​សង្គម។

តួលេខ​ចុង​ក្រោយ​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា​ចំនួន​ភ្ញៀវទេសចរមកកាន់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​មាន​ការ​កើន​ឡើង​១១​ភាគរយ​គឺ​ស្មើនឹង៦លាន២សែន​នាក់​ ​ក្នុង​នោះ​ភ្ញៀវចិន​មាន​៣០​ភាគរយ។​ ខណៈ​ភ្ញៀវទេសចរ​ចិន​មាន​កំណើន​៧០​ភាគរយ​ ​បើ​ធៀប​ទៅ​ឆ្នាំ​២០១៧​ ​អ្នក​វិភាគ​សង្គម​ព្រមាន​ថា​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​មិន​បាន​ទទួល​ចំណូល​ជា​ដុំ​កំភួន​ពីភ្ញៀវ​ទេសចរ​ចិន​ដូច​ដែល​ធ្លាប់​បាន​ពីភ្ញៀវ​ទេសចរ​ប៉ែក​ខាងលិច​នោះ​ទេ។​

ចំនួនភ្ញៀវ​ទេសចរ​អន្តរ​ជាតិដែល​បាន​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​មាន​ចំនួន​៦.២​ ​លាន​នាក់​ ​គឺ​កើន​ជាង​១១​ ​ភាគ​រយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​ ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ ​ឈរ​លំដាប់​មុខ​គេ​បង្អស់​ ​ដែល​មាន​ចំនួន​ប្រមាណ​១​លាន​៩សែន​នាក់​ដែលជា​ការ​កើន​ឡើង​ជាង​៧០​ភាគ​រយ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ទេសចរណ៍។​

​លោក​ ​គង់ សុភារៈ​ ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍​ ​បញ្ជាក់​ប្រាប់​ ​VOA​ ​ថា​កំណើននៃ​ភ្ញៀវ​ទេសចរ​ចិន​ក្នុង​ប្រទេស​កម្ពុជាគឺ​ដោយសារ​តែ​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​និង​ដោយ​សារ​ការ​កើន​ឡើង​របស់​ជើង​ហោះហើរ​ត្រង់​ជាច្រើន​ពី​ចិន​មក​កាន់​កម្ពុជា។

លោក​បញ្ជាក់យ៉ាង​ដូច្នេះ៖​

​កំណើន​ភ្ញៀវទេសចរ​ចិន​មក​ស្រុក​ខ្មែរ​យើង​ច្រើន​ហ្នឹង​យើង​ឃើញ​មាន​ពីរ​បី​កត្តា​ ទី​មួយ​គឺកត្តា​ដូច​ជា​គេ​ហៅ​ថាកត្តានយោបាយ​បានន័យ​ថារាជរដ្ឋាភិបាល​រវាងប្រទេស​ទាំង​ពីរ​ហ្នឹងគឺ​មាន​ទំនាក់ទំនង​ល្អ ដល់​ពេល​អ៊ីចឹង​ហើយ​វាជម្រុញ​នូវ​កំណើនវិនិយោគ»។​

ការ​លើក​ឡើង​របស់​មន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​ធ្វើ​ឡើង​ ខណៈ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​មន្ត្រី​សំខាន់​ៗកំពុង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​មួយ​នៅ​ក្នុង​ប្រទេស​ចិន​ ​ជាទី​ដែល​ ​លោក​ ​ហ៊ុន សែន​ ​សង្ឃឹម​ថា​នឹង​អាច​ទាក់​ទាញ​ការ​វិនិយោគ​និង​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​បន្ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថាកម្ពុជា​ចង់​ឲ្យ​ទេសចរ​ចិន​កើន​ឡើង​យ៉ាង​ហោច​ណាស់​ប្រាំ​ដង​ធៀប​នឹង​ចំនួន​ទេសចរ​ចិនក្នុង​ឆ្នាំ​២០១៨​ ដែល​មាន​ចំនួន​ត្រឹមតែ​ ​១.៩លាន​នាក់​ ​ដើម្បី​លើក​ស្ទួយ​វិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា។​

ទោះ​បី​ជាចំនួន​ភ្ញៀវទេសចរ​ចិនមាន​ការ​កើនឡើង ​ប្រជា​ពល​រដ្ឋ​កម្ពុជា​មិនបាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​កើន​ឡើង​នៃ​ភ្ញៀវទេសចរ​ចិន​ច្រើន​ប៉ុន្មាន​នោះទេ នេះ​បើ​តាម​ការ​សង្កេត​ឃើញ​របស់​អ្នក​វិភាគ​សង្គម។​

​លោក​ ​មាស នី​ ​អ្នកសិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ​ម្នាក់​បាន​និយាយ​ថា​កំណើន​ភ្ញៀវ​ទេសចរ​គឺ​ជា​រឿង​ល្អ​ប្រ​សើរ​ប៉ុន្តែ​ ​ការ​កើន​ឡើង​នៃ​ភ្ញៀវ​ទេសចរ​ចិន​មិន​បាន​ផ្តល់​ប្រាក់​ចំណូល​ច្រើន​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​ដូច​ភ្ញៀវ​ទេសចរ​ប៉ែក​ខាង​លិចនោះ​ទេ។​

លោក​បាន​និយាយ​ថា៖​

«បស្ចិម​ប្រទេស​គេ​ចំណាយ​ច្រើន​ជាង​ ​ហើយ​ចំណាយ​ទាំងអស់​ហ្នឹងច្រើន​តែ​ដល់​ដៃ​ប្រជាពលរដ្ឋ​ ដែល​ខុស​គ្នាចិន​ ​ដែល​ចិន​មក​ មិន​សូវ​ជា​ចាយ​ប៉ុន្មាន​ទេ​ ​ហើយ​ចាយ​ក៏​ចាយ​នៅ​ខាង​ចិន​ ដេក​ក៏​ដេក​នៅ​កន្លែង​ចិន​ ​ហើយ​អាច​មាន​អ្នក​មគ្គុទេស​ទេសចរ​ហ្នឹង​ក៏​ជាជន​ជាតិ​ចិនទៀត​បាទ»។​

​លោក ​ឈាង វណ្ណារិទ្ធិ​ ​អ្នកវិភាគ​និង​អ្នក​ស្រាវ​ជ្រាវ​កិច្ចការ​តំបន់​ក៏​បាន​បង្ហាញ​មតិ​ស្រដៀង​គ្នា​នេះ​ដែរ​ ​ដោយ​ព្រមាន​ពី​ការ​កើន​ឡើង​របស់​ទេសចរ​ចិន​ជា​«កញ្ចប់​ទស្សនកិច្ច»​ឬ​ «​Package Tour»​ អាច​ធ្វើ​ឲ្យ​មាន​ការ​បែងចែក​ចំណូល​ពី​ទេសចរ​ចិន​កម្ពុជា​ យ៉ាងណាក៏ដោយ​លោក​បាន​និយាយ​ថា​វា​ក៏​មាន​ផល​ល្អ​ផងដែរសម្រាប់កម្ពុជា​ក្នុងកំណើននេះ​ ​ដែល​អាច​ជួយ​ជំរុញតម្រូវ​ការ​សេវា​កម្មផ្សេងៗរបស់​ភ្ញៀវ​ទេសចរ​ចិន។​

​លោក ​ឈាង វណ្ណារិទ្ធិ​ ​បញ្ជាក់​ថា៖​

«ទេសចរ​ចិន​រាប់​រយ​នាក់​ គេ​មកជាក្រុម​ៗ​គេ​ទៅ​សណ្ឋាគារ​ធំៗ​នោះ​ ​អ៊ី​ចឹង​ទេ​ ​អាហ្នឹង​ជា​ការ​បែងចែក​នៃ​ផល​ចំណូល​ពីទេ​សចរ​របស់​ចិន​ហ្នឹង​ ​គេ​ហៅ​ថា​ដល់​អ្នក​រកស៊ី​ ​ខ្នាត​តូច​និង​មធ្យម​ហ្នឹង​ ​ប្រហែល​ជា​ពុំ​បាន​ផល​ប្រយោជន៍​ច្រើន​ដូច​ជា​ពី​ពួក​ ​Backpackers​ ​ពី​អឺរ៉ុប​ពី​អាមេរិក​ទេ»។​

ប៉ុន្តែ​លោក គង់ សុភារៈ​ ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ទេសចរណ៍​ ​បាន​បដិសេធ​ការ​លើក​ឡើង​ទាំង​នេះ​ដោយ​និយាយ​ថា​មគ្គុ​ទេសទេសចរ​ត្រូវ​តែ​ជាជន​ជាតិ​ខ្មែរ​ ​តាម​ច្បាប់​របស់​កម្ពុជា​ ​ហើយ​ប្រជា​ជនកម្ពុជាដែល​ជាម្ចាស់​អាជីវកម្ម​ធំៗនៅ​តែ​ទទួល​បាន​ចំណូល​ល្គិគណា​អាជីវកម្ម​នោះមាន​ស្តង់ដា​ច្បាស់​លាស់ ។​

«វាត្រូវ​ការ​ប្រកួត​ប្រជែង​ដែរ​នៅ​ក្នុង​ស្រុក​របស់​យើង បាន​ន័យ​ថា​ផ្ទះសំណាក់​អីហ្នឹង​វាត្រូវ​តែ​មាន​ស្តង់ដារមួយច្បាស់​លាស់ដែរ។ អ៊ីចឹង​ហើយ​បាន​ជាក្រសួង​មាន​រៀប​ចំជា​ចំណាត់​ថ្នាក់​សណ្ឋាគារ​ដើម្បី​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​កម្រិត​ហ្នឹង​ដែរ។ ប្រសិន​បើ​ផ្ទះ​សំណាក់​គាត់​អត់​មាន​ស្តង់​ដារ​ឬក៏​អូតែល​គាត់​មិន​មានស្តង់​ដារអីហ្នឹង​វា​ពិបាក​ប្រកួត​ប្រជែង​មែន​ទែន​ក្នុង​ទីផ្សារ​សេរី »។​

សម្រាប់​ឆ្នាំ​២០១៨​នេះ​ផង​ដែរ​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​កម្ពុជា​ដែល​គ្រប់គ្រង​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត បញ្ជាក់​ថា​កម្ពុជា​ទទួល​បាន​ចំណូល​សរុប​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​ ​ជាង​១១៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​និង​ជាង​១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧​ ​ដែល​ជា​កំណើន​៨​ភាគរយ។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​មាន​ការ​កើន​ឡើង​ចំនួន​ភ្ញៀវ​ទេសចរណ៍​ពី​អឺរ៉ុប​និង​អាមេរិក​មាន​ការ​ធ្លាក់​ចុះចំនួន​ ​៤​និង៥​ភាគរយ​ ​ក្នុង​ឆ្នាំ២០១៨​ ​នេះ៕