កញ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងជាជំនួយរបស់ចិន គ្រោងដឹកមកដល់កម្ពុជានៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសថា លោកនឹងជាជនដំបូងរបស់ប្រទេសដែលនឹងចាក់វ៉ាក់សាំងចិននៅសប្ដាហ៍ក្រោយ។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian ប្រកាសពីម្សិលមិញថា កញ្ចប់ដំបូងនៃវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុនរដ្ឋចិន Sinopharm មាន ៦០ ម៉ឺនដូស នឹងមកដល់ភ្នំពេញនៅថ្ងៃអាទិត្យនេះ។
ក្នុងសារសំឡេងផ្ញើជូនសមាជិកគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះ ដែលវីអូអេទទួលបាន លោកហ៊ុន សែន លើកឡើងថា ក្រុមសមាជិកគណៈរដ្ឋមន្ត្រីនិងសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អាចចុះឈ្មោះចាក់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនរដ្ឋចិននេះមុនគេ។
«យើងមិនត្រូវរង់ចាំទេ ខ្ញុំបានបញ្ជាក់ហើយថា នេះជាទំនិញយុទ្ធសាស្ត្រ ហើយវាបានក្លាយជាបញ្ហានយោបាយក្នុងស្រុកផង នយោបាយក្រៅប្រទេសផង អ៊ីចឹងយើងត្រូវប្ដូរផ្ដាច់ធ្វើការងារនេះឱ្យបានដោយដណ្ដើមពេលវេលា»។
លោក ហ៊ុន សែន ថា លោកផ្ទាល់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោក ឯក សំអុល ទីប្រឹក្សារដ្ឋាភិបាល លោករដ្ឋមន្ត្រីការពារប្រទេស ទៀ បាញ់ និងលោករដ្ឋមន្ត្រីសុខាភិបាល ម៉ម ប៊ុនហេង នឹងទៅទទួលវ៉ាក់សាំងក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ខាងមុខ។
កាលពីពាក់កណ្ដាលខែមករា លោក ហ៊ុន សែន បានប្ដូរចិត្តព្រមទទួលយកវ៉ាក់សាំងចិនដោយទ្វេភាគី ខុសពីការថ្លែងលើកមុនដែលលោកថា កម្ពុជាត្រូវរង់ចាំវ៉ាក់សាំងដែលមានការទទួលស្គាល់ជាមុនពីអង្គការសុខភាពពិភពលោក។
ក្រុមមន្ត្រីរដ្ឋាភិបាលបានពន្យល់ថា ការប្ដូរចិត្តផ្លោះសមត្ថកិច្ចអង្គការសុខភាពពិភពលោកលើបញ្ហាវ៉ាក់សាំងនេះជាការចាំបាច់ក្នុងការដើរឱ្យទាន់សភាពការណ៍ធានាថា កម្ពុជានឹងមិនដើរក្រោយគេក្នុងការធ្វើបន្ស៊ាំកម្ម (Immunisation) នឹងជំងឺកូវីដ១៩ និងបើកទូលាយសេដ្ឋកិច្ចឡើងវិញនៅឆ្នាំនេះ។
លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព ជឿថា ការចេញមុខទៅចាក់វ៉ាក់សាំងចិនដំបូងគេរបស់លោក ហ៊ុន សែន ចង់បង្កើនការទុកចិត្តដល់សាធារណៈជន។
«ខ្ញុំគិតថា លោកធ្វើដូច្នេះ ជាការបង្ហាញមួយពី ទៅដល់ប្រជាពលរដ្ឋយើង កុំឱ្យមានការបារម្ភពីការចាក់វ៉ាក់សាំង ដែលលោកធ្វើជាគំរូដល់ពលរដ្ឋយើង កុំឱ្យមានការភ័យខ្លាច»។
មន្ត្រីសង្គមស៊ីវិលធ្វើការលើកិច្ចការសុខភាពរូបនេះ បញ្ជាក់ថា វាជាប្រការសំខាន់ ដែលអ្នកត្រូវបានចាក់វ៉ាក់សាំងត្រូវទទួលបានការពិនិត្យតាមដានសុខភាព និងត្រូវមានការអង្កេតអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានចាក់រួច។
លោក វរ៉ា បន្ថែមទៀតថា រដ្ឋត្រូវប្រកាន់គោលការណ៍តម្លាភាពរឿងទិន្នន័យ និងការតាមដានទាំងនោះជូនសាធារណជន។
លោករដ្ឋលេខាធិការ វង្សី វិស្សុត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រកាសកាលពីសប្ដាហ៍មុនថា កម្ពុជាត្រូវការវ៉ាក់សាំង ២០ លានដូស ដើម្បីចាក់បង្ការឆ្លងឱ្យផុតវិបត្តិកូវីដ១៩ ហើយក្នុងនោះមាន ១១ លានដូស ហើយដែលជាជំនួយពីដៃគូនានា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះក៏បានចេញបញ្ជាផងដែរឱ្យមានការពង្រាយកម្លាំងតាមឃ្លាំមើលតាមព្រំដែនគោកជាមួយវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ដែលកំពុងផ្ទុះរលកថ្មីក្នុងសហគមន៍នៅប្រទេសជិតខាងមួយនេះ។
ចាប់តាំងពីផ្ទុះឆ្លងកូវីដ១៩ ដំបូងនៅឆ្នាំ ២០២០ មកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានកត់ត្រាករណីឆ្លងជំងឺនេះចំនួន ៤៦៧ ករណី ដែលក្នុងនោះ មាន ១៦ ករណីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕