ពួកអ្នកប្រឆាំងនិងសកម្មជនចិនជាច្រើននាក់ដែលបានរត់គេចខ្លួនចេញពីការធ្វើទុក្ខបុកម្នេញក្នុងប្រទេសចិនមកកាន់ប្រទេសថៃបានរងការតាមចាប់ខ្លួនពីពួកចារកម្មចិននៅក្នុងប្រទេសថៃ។ ទោះបីពួកគេខ្លះបានទទួលឋានៈភាពជាជនភៀសខ្លួននៅក្នុងប្រទេសថៃក៏ដោយ ក៏ពួកគេនៅតែមានការភ័យខ្លាចពីការតាមចាប់ខ្លួនដោយពួកចារកម្មចិនដែរ ។
ពួកអ្នកប្រឆាំងចិនដែលរត់គេចខ្លួនទៅបរទេសបានប្រើប្រាស់ប្រទេសថៃជាយូរយាណាស់មកហើយជាផ្លូវសម្រាប់គេចចេញពីការសង្កត់សង្កិននៅឯមាតុភូមិរបស់ខ្លួន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលថៃ បានធ្វើសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយការខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីតាមចាប់ពួកអ្នកប្រឆាំងនៅឯក្រៅប្រទេសដែលជាការធ្វើឲ្យពួកគេស្ថិតក្នុងភាពមានគ្រោះថ្នាក់។
ករណីមួយចំនួនបានបង្ហាញពីវិធីដែលប៉ូលិសចិនកំពុងធ្វើការតាមរយៈទីភ្នាក់ងារពង្រឹងច្បាប់ថៃ ឬថែមទាំងធ្វើដំណើរទៅកាន់ប្រទេសថៃដោយខ្លួនឯង ដើម្បីព្យាយាមចាប់ពួកអ្នកប្រឆាំងដែលរត់គេចខ្លួនហើយនាំពួកអ្នកប្រឆាំងទាំងនោះមកកាន់ប្រទេសចិនវិញ។
លោក Jian Xing បានគេចខ្លួនទៅកាន់ប្រទេសថៃនៅឆ្នាំ២០១៥ បន្ទាប់ពីស្ម័គ្រចិត្តធ្វើការឲ្យវេបសាតមួយដែលគាំទ្រសិទ្ធិពលរដ្ឋចិន ហើយបាននិយាយអំពីអំពើពុករលួយក្នុងរដ្ឋអំណាចមូលដ្ឋាន។
លោកបានប្រាប់ VOA ថា មុនពេលលោកបានទទួលបានសិទ្ធិដើម្បីផ្លាស់ទីលំនៅទៅកាន់ប្រទេសណូវែលហ្សេឡង់នៅឆ្នាំ ២០១៩ មន្ត្រីប៉ូលិស៤នាក់ បានទៅគេហដ្ឋានរបស់លោកនៅក្នុងប្រទេសថៃហើយបានរឹបអូសយករបស់របររបស់លោកដោយមិនមានដីការឆែកឆេរ។
លោក Xing បាននិយាយទៀតថា «ពួកគេបានប្រាប់ខ្ញុំថា ពួកគេអាចសម្លាប់ខ្ញុំនៅប្រទេសថៃហើយថែមទាំងគ្មាននរណាដឹងទៀតផង»។
លោក Yong Hua ជាវិចិត្រករដែលនិរទេសខ្លួន បានរត់គេចខ្លួនទៅកាន់ប្រទេសថៃនៅឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានតាមដាន ចាប់ខ្លួននិងបញ្ជូនទៅកាន់ជំរំដោយពួកអាជ្ញាធរចិន ពីព្រោះតែលោកបាននិយាយថា លោកបានគាំទ្រការតវ៉ាប្រឆាំងនឹងអ្វីដែលរដ្ឋាភិបាលចិនបានធ្វើមកលើប្រជាពលរដ្ឋរបស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ លោកបាននឹកឃើញឡើងវិញពីការរត់គេចខ្លួនជាប្រចាំដើម្បីបញ្ចៀសពីភ្នាក់ងាររបស់ចិនដែលត្រូវបានជួលដោយរដ្ឋាភិបាល។
លោក Hua បានប្រាប់ VOA ថា គណនី Twitter មួយដែលគ្មានអ្នកគាំទ្របានផ្ញើវីដេអូ YouTube មួយឲ្យលោកកាលពីថ្ងៃទី២៨ ខែសីហាដោយនិយាយថា «សភាពាណិជ្ជកម្មចិន បានផ្តល់រង្វាន់ជាប្រាក់ចំនួន១ពាន់៦រយដុល្លារស្មើនឹង៥ម៉ឺនបាតសម្រាប់រូបលោក ដែលបានចោទប្រកាន់ពីលួចបន្លំប្រាក់ហើយនិយាយថា ពួកគេនឹងចុះផ្សាយ«សេចក្តីប្រកាសចង់ចាប់ខ្លួននេះ»ដោយមានភ្ជាប់ជាមួយរូបថតរបស់លោកនៅក្នុងទីក្រុងបាងកកនិងទីកន្លែងផ្សេងៗទៀត ។
លោក Hua បាននិយាយទៀតថា «ខ្ញុំមិនដឹងថាតើសភាពាណិជ្ជកម្មនោះមានពិតដែរឬទេ។ ខ្ញុំសង្ស័យថា ពួកគេជាចារបុរសចិន» ។
អ្នកយកព័ត៌មានម្នាក់របស់ VOA បានហៅលេខទូរសព្ទនៅលើសេចក្តីប្រកាសនោះ ក៏ប៉ុន្តែគ្មាននរណាអ្នកលើកទេ។
ពួកអ្នកប្រឆាំងខ្លះនិយាយថា ស្ថានភាពក្នុងប្រទេសថៃមានការលំបាកកាន់តែខ្លាំងឡើងដែលនាំឲ្យពួកគេខ្លះ សម្រេចចិត្តត្រឡប់ទៅប្រទេសចិនវិញ«ដោយស្ម័គ្រចិត្ត» ដោយសារសម្ពាធរដ្ឋាភិបាលថៃនិងចិន ។ លោក Xing បានបដិសេធមិនត្រឡប់ទៅវិញ។
លោកបាននិយាយថា «ខ្ញុំបានប្រាប់ពួកគេថា បើពួកគេនាំខ្ញុំទៅប្រទេសចិនវិញដោយបង្ខំ ពួកគេនឹងអាចយកបានតែសាកសពរបស់ខ្ញុំទៅវិញតែប៉ុណ្ណោះ»។
រឿងរ៉ាវដែលកើតឡើងចំពោះលោក Xing បានបណ្តាលឲ្យមានការភ័យស្លន់ស្លោរក្នុងចំណោមជនភៀសខ្លួនចិនដែលនៅជាប់គាំងក្នុងប្រទេសថៃ។ ជនភៀសខ្លួនផ្សេងទៀតបានបញ្ជូនវីដេអូរបស់ប៉ូលិសនៅក្នុងផ្ទះរបស់លោក Xing ទៅឲ្យស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិដើម្បីស្វែងរកជំនួយ។ បន្ទាប់មក លោក Xing បានត្រូវគេបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ដើម្បីរង់ចាំធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសចិនវិញ។ នៅទីបញ្ចប់ លោកបានទទួលការជួយខាងមនុស្សធម៌ក្នុងគ្រាអាសន្នហើយបានតាំងទីលំនៅក្នុងប្រទេសណូវែលហ្សេឡង់ ។
លោក Hua កំពុងរៀបចំធ្វើរឿងឯកសារមួយស្តីពីស្ថានភាពជនភៀសខ្លួនចិនក្នុងប្រទេសថៃ ដែលកំពុងរង់ចាំទៅតាំងទីលំនៅថ្មីនៅក្នុងប្រទេសទី៣ ដែលបានភ្ជាប់លោកជាមួយជនភៀសខ្លួនផ្សេងទៀត ។ លោកបាននិយាយទៀតថា មនុស្សជាច្រើនដែលបានរត់គេចខ្លួនពីប្រទេសចិនទៅកាន់ប្រទេសថៃ ហើយទោះបីក្នុងចំណោមអ្នកដែលមានលក្ខណៈសម្បត្តិបានទទួលឋានៈភាពជាជនភៀសខ្លួនក៏ដោយ ក៏ពួកគេកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាកបំផុត ។
លោក Hua បានប្រាប់ VOA ថា «ខ្ញុំ គិតថា ជនភៀសខ្លួនទាំងនោះកំពុងទទួលការឈឺចាប់ខ្លាំងបំផុត។ ការឈឺចាប់នោះមាន២ប្រភេទ។ ទី១ គឺការឈឺចាប់ផ្នែកសេដ្ឋកិច្ច ពីព្រោះតែអ្នកមិនអាចធ្វើការក្នុងប្រទេសថៃបាន។ វាខុសច្បាប់។ ទោះបីអ្នកមានប័ណ្ណជាជនភៀសខ្លួនក៏ដោយ ថៃមិនទទួលស្គាល់ប័ណ្ណនោះទេ។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកផុតកំណត់ អ្នកអាចត្រូវគេចាប់ខ្លួន ប្រសិនបើអ្នកស្នាក់នៅក្នុងប្រទេសថៃ។ ដូច្នេះ ពួកគេស្ថិតនៅក្រោមសម្ពាធហិរញ្ញវត្ថុយ៉ាងខ្លាំង។ ជនភៀសខ្លួនខ្លះ បានទៅវត្តអារាម និងទីកន្លែងផ្សេងៗ ដែលមិនអស់លុយកាក់ ពីព្រោះតែពួកគេមិនមានប្រាក់»។
លោក Hua បន្តទៀតថា ការរងគ្រោះទី២ ដែលកាន់តែអាក្រក់ទៅទៀតនោះ គឺសម្ពាធខាងផ្លូវចិត្ត ។
លោកបាននិយាយទៀតថា «ខ្ញុំគិតថា ជនភៀសខ្លួនទាំងអស់ សុទ្ធតែមានការធ្លាក់ទឹកចិត្តទោះតិច ឬច្រើន។ ពួកគេមិនមានសុខភាពខាងផ្លូវចិត្តល្អទេ» ។
ជនភៀសខ្លួនជាច្រើន បានស្ថិតនៅក្នុងប្រទេសថៃអស់ជាច្រើនឆ្នាំដើម្បីរង់ចាំតាំងទី លំនៅក្នុងប្រទេសទី៣ ហើយពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ។ លោក Hua បាននិយាយទៀតថា ពីព្រោះតែមនុស្សជាច្រើនជាអ្នកកាន់សាសនាគ្រឹស្ត Falun Gong និងជាសកម្មជន ពួកគេ មានការភ័យខ្លាចពីការតាមចាប់ខ្លួនដោយមនុស្សមកពីប្រ ទេសចិន ។ ដូច្នេះ ពួកគេមានការជ្រួលច្រាល់និងការតានតឹងក្នុងចិត្តខ្លាំងបំផុត ។
លោក Hua បានទៅស្ថានទូតសហរដ្ឋអាមេរិកនិងស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ដើម្បីស្វះស្វែងរកការជួយឧបត្ថម្ភនិងចែករំលែកបទពិសោធន៍របស់លោក ។ លោកសង្ឃឹមថា នឹងទៅរស់នៅក្នុងសហរដ្ឋអាមេរិកជាទីកន្លែងដែលលោកគិតថា លោកនឹងមានសុវត្ថិភាព ។
លោក Hua បាននិយាយបន្តទៀតថា លោកបានទទួលលេខសំណុំរឿងពីស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) ហើយត្រូវបានគេប្រាប់ថា ការសម្ភាសន៍លើកទី២ នឹងត្រូវធ្វើនៅឆ្នាំក្រោយ ។ ក៏ប៉ុន្តែលោកបាននិយាយទៀតថា មន្ត្រីម្នាក់របស់អង្គការសហប្រជាជាតិ បានប្រាប់លោកថា មានករណីដូចលោកជាច្រើនលើសលប់៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន