អំឡុងទស្សនកិច្ចរយៈពេល៥ថ្ងៃនៅចិនដើម្បីចូលរួមវេទិកាគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិននៅក្រុងប៉េកាំង លោក ហ៊ុន សែន បានចរចាទ្វេភាគីជាមួយលោក Xi Jinping ប្រធានាធិបតីចិន និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន។
កម្ពុជាទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្ម «អ្វីៗទាំងអស់លើកលែងតែអាវុធ» ដោយសហភាពអឺរ៉ុបដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនាំទំនិញភាគច្រើនទៅអឺរ៉ុបដោយមិនបង់ពន្ធគយ។
ប៉ុន្តែកម្ពុជាអាចបាត់បង់សិទ្ធិនេះដោយសារកំណត់ត្រាសិទ្ធិមនុស្សមិនល្អ។ លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកថា ក្នុងជំនួបជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីចិនរូបនេះបានសន្យាថានឹងជួយកម្ពុជា ប្រសិនបើសហភាពអឺរ៉ុបដកការអនុគ្រោះពន្ធ។
លោក ហ៊ុន សែន សរសេរថា «ក្នុងករណីនេះ ... លោកនាយករដ្ឋមន្ត្រី Li Keqiang ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់លោកជួយកម្ពុជា»។
ចិនគឺជាម្ចាស់ជំនួយ និងជាអ្នកវិនិយោគធំបំផុតរបស់កម្ពុជាដែលបានផ្តល់ជំនួយនិងប្រាក់កម្ចីរាប់ពាន់លានដុល្លារតាមរយៈគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិនដែលមានបំណងបង្កើនបណ្តាញគមនាគមន៍លើដីនិងលើសមុទ្រជាមួយតំបន់អាស៊ីអាគ្នេយ៍ អាស៊ីកណ្តាលមជ្ឈឹមបូព៌ាអឺរ៉ុបនិងអាហ្វ្រិក។
មិនដូចបស្ចិមប្រទេស ចិនមិនបានគិតអំពីសិទ្ធិមនុស្សរបស់កម្ពុជាទេ។ សហភាពអឺរ៉ុបដែលទទួល១ភាគ៣នៃការនាំចេញរបស់កម្ពុជារួមទាំងសម្លៀកបំពាក់ ស្បែកជើងនិងកង់ កាលពីខែកុម្ភៈបានចាប់ផ្តើមការពិនិត្យរយៈពេល១៨ខែដែលអាចនាំឱ្យមានការព្យួរការអនុគ្រោះពន្ធពិសេសចូលទីផ្សារនេះ។ ក្នុងចំណោមកិច្ចព្រមព្រៀងដែលលោក ហ៊ុន សែន បានធ្វើជាមួយចិនគឺប្រព័ន្ធបច្ចេកវិទ្យា Huawei Technologies ដើម្បីជួយកម្ពុជាបង្កើតប្រព័ន្ធ 5G។ ទំព័រ Facebook លោកហ៊ុន សែនសរសេរថា ចិនក៏បានយល់ព្រមនាំអង្ករកម្ពុជាចូលចំនួន៤០ម៉ឺនតោនផងដែរ។ លោកបន្តថា «ចិននឹងបន្តគាំទ្រដល់វិស័យការពារជាតិរបស់កម្ពុជា» ហើយប្រធានាធិបតីចិនបានប្រកាសថា ប្រទេសចិននឹងផ្តល់ប្រាក់ចំនួន៦០០លានយ័នដល់វិស័យការពារជាតិកម្ពុជា៕