ឈ្មោះរបស់ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានតម្កល់ទុកនៅក្នុងធម្មនុញ្ញរបស់គណបក្សកុម្មុយនិស្តដែលជាគណបក្សកាន់អំណាចសព្វថ្ងៃនៅក្នុងប្រទេសចិន ដោយដំឡើងឋានៈរបស់លោកឲ្យស្មើនឹងឋានៈរបស់លោក Mao Zedong ដែលជាស្ថាបនិកនៃប្រទេសចិនកុម្មុយនិស្ត។
វិសោធនកម្មធម្មនុញ្ញគណបក្សដែលបញ្ចូលនូវឃ្លា «គោលគំនិតរបស់លោក Xi Jinping លើរបបសង្គមនិយមបែបចិនសម្រាប់យុគសម័យថ្មី» ត្រូវបានអនុម័តដោយគណបក្សនៅថ្ងៃអង្គារនេះ ដែលជាថ្ងៃបិទបញ្ចប់នៃការធ្វើសមាជជាតិរបស់គណបក្សកុម្មុយនិស្តចិន ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្ដង នៅក្នុងទីក្រុងប៉េកាំង។ គោលគំនិតនេះដាក់ឲ្យគណបក្សកុម្មុយនិស្តស្ថិតនៅជួរមុខនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសចិន ដែលមានតាំងពីការគ្រប់គ្រងលើសេដ្ឋកិច្ច និងសន្តិសុខជាតិរហូតដល់ការតម្រង់ទិសដៅផ្នែកសីលធម៌ដល់ប្រជាពលរដ្ឋចិនជាដើម។
ការកែសម្រួលធម្មនុញ្ញនេះចាត់ទុកឋានៈរបស់លោក Xi Jinping ថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ត្រចិនសម័យទំនើប។ លោកគឺជាមេដឹកនាំចិនទី ៣ ដែលមានឈ្មោះតម្កល់នៅក្នុងធម្មនុញ្ញរបស់គណបក្ស បន្ទាប់ពីលោក Mao Zedong និងលោក Deng Xiaoping។ លោក Deng Xiaoping ជាអ្នកផ្ដួចផ្ដើមលើកំណែទម្រង់សេដ្ឋកិច្ចមួយដែលធ្វើឲ្យប្រទេសចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយនៅលើពិភពលោកដូចពេលបច្ចុប្បន្ននេះ។
លោក Xi Jinping ត្រូវគេរំពឹងថានឹងក្លាយជាមេដឹកនាំគណបក្សកុម្មុយនិស្តចិនជាផ្លូវការរយៈពេល ៥ ឆ្នាំទៀតនៅអាណត្តិទីពីរ គឺនៅពេលដែលសមាជិកថ្មីនៃគណៈកម្មាធិការកណ្ដាលទទួលបន្ទុកកិច្ចការគោលនយោបាយរបស់គណបក្សត្រូវបានជ្រើសរើស។ ជាងនេះទៅទៀត វិសោធនកម្មធម្មនុញ្ញគណបក្សនេះអាចធ្វើឲ្យលោក Xi Jinping នៅតែអាចរក្សាអំណាចបានដដែលនៅពេលដែលអាណត្តិទីពីររបស់លោកចប់នៅក្នុងឆ្នាំ ២០២២៕