ប្រធានាធិបតីចិនលោក Xi Jinping ធ្វើទស្សនកិច្ចក្នុងប្រទេសវៀតណាម

ប្រធានាធិបតីចិនលោក Xi Jinping និងអគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ចូលរួមពិធីស្វាគមន៍មេដឹកនាំចិន នៅវិមានប្រធានាធិបតី ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ទៅ​ដល់​ប្រទេស​វៀតណាម​ហើយនៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ ដើម្បី​លើក​កម្ពស់​ចំណង​ទាក់ទង​រវាង​ប្រទេស​កុម្មុយនីស្ត​ក្បែរ​ខាង​ទាំង​ពីរ​នេះ និង​ក៏​ដូច​ជា​ដើម្បី​ទប់ទល់​ទៅ​នឹង​ការ​ងាក​កាន់​តែ​ខ្លាំង​ឡើង​របស់​វៀតណាម​ទៅ​រក​បស្ចិម​ប្រទេស​ផង​ដែរ។​ ​

លោកប្រធានាធិបតី ​Xi និង​ភរិយា​របស់​លោក គឺ​អ្នក​ស្រី​ Peng Liyuan ត្រូវ​បាន​ទទួល​ស្វាគមន៍នៅ​អាកាសយានដ្ឋាន​រដ្ឋធានី​ហាណូយ​ ដោយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក Pham Minh Chinh នៅ​ក្នុង​ការ​ចាប់​ផ្តើម​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ២ ​ថ្ងៃ​របស់​លោក Xi ​ដែល​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី ១ ចាប់​តាំង​ពី​ឆ្នាំ ២០១៧ មក។​

លោក Xi នឹង​ត្រូវ​ជួប​ជាមួយប្រធានាធិបតី​វៀតណាម​ លោក​ Vo Van Thuong​ ជួបជា​មួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក​ Pham Minh Chinh និង​មន្ត្រី​វៀតណាម​ជា​ច្រើន​រូប​ផ្សេង​ទៀត​ផង​ដែរ។​ លោក Xi ក៏​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មួយ​ចំនួន ដែល​រួម​មានការបង្កើន​កម្រិតបណ្តាញ​ខ្សែ​រថភ្លើង​ដែល​មាន​ស្រាប់ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ទៅ​កាន់​ប្រទេស​វៀតណាមនៅ​ពេល​នេះ​ កើត​ឡើង ៣ ​ខែក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ​ បាន​ផ្តល់​ឋានៈការទូត​កម្រិត​ខ្ពស់​បំផុតរបស់​ខ្លួន​ ដែល​គេ​ស្គាល់​ថា​ជា​ «ដៃគូយុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​ ទៅ​ឱ្យ​សហរដ្ឋ​អាមេរិក​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ចផ្លូវការ​របស់​ប្រធានាធិបតីអាមេរិក​លោក Joe Biden នៅ​ក្នុង​ប្រទេស​វៀតណាម។ ​

ប្រទេស​ចិន​និង​វៀតណាម​ធ្លាប់​ជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច​និង​មនោគមវិជ្ជាដ៏​ជិតស្និទ្ធ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ បាន​ជួប​ភាព​ល្អក់កករ​ ដោយ​សារ​តែរដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​សកម្មភាព​កាន់​តែ​គឃ្លើន​ខ្លាំង​ឡើងៗ​ នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ និង​បាន​ទាមទារ​កាន់កាប់​បូរណភាពដែនកោះ​ជា​ច្រើននៅ​ក្នុងតំបន់​នោះ​ បើ​ទោះ​បី​ជាមាន​ការ​ទាមទារ​តវ៉ា​ពី​ប្រទេស​ក្បែរ​ខាង​មួយ​ចំនួន​ក៏​ដោយ។​ ​

នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មានរដ្ឋ​វៀតណាម​ ​លោក​ប្រធានាធិបតី Xi បាន​ប្រកាស​ថា៖​ «អនាគត​របស់​អាស៊ី​ មិន​ស្ថិត​ក្នុង​ដៃរបស់​នរណា​ក្រៅ​ពី​ពលរដ្ឋអាស៊ី​ឡើយ»៕