ប្រធានាធិបតី​ចិន​ការពារ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​លោក​នៅ​ទ្វីប​អាហ្វ្រិក

មនុស្ស​ចូលរួម​នៅ​ក្នុង​សន្និសីទ​ម្នាក់​ក្រឡេក​មើល​ជញ្ជាំង​នៅ​ក្បែរ​រូបថត​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ប្រាប់​មេដឹកនាំ​នយោបាយ និង​មេដឹកនាំ​អាជីវកម្ម​នៃ​បណ្ដា​ប្រទេស​នានា​នៅ​ទ្វីប​អាហ្វ្រិក​ថា ការ​វិនិយោគ​របស់​របស់​ចិន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើន​ការ​អភិវឌ្ឍ​របស់​ទ្វីប​នេះ។

ការ​លើក​ឡើង​របស់​លោក Xi Jinping នៅ​ឯ​ពិធី​បើក​វេទិកា​ដែល​ធ្វើ​ឡើង​រាល់ ៣ ឆ្នាំ​ម្ដង ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ចិន​អាហ្វ្រិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នេះ មាន​គោល​បំណង​ធានា​ចំពោះ​អ្នក​តំណាង​នានា​មក​ពី​ទ្វីប​អាហ្វ្រិក​អំពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​លោក ដែល​ផ្ដល់​កម្ចី​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​អាហ្វ្រិក ដើម្បី​ផ្គត់ផ្គង់​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំ​របស់​ពួកគេ។

អ្នក​រិះគន់​លើ​គម្រោង​របស់​លោក Xi Jingping នេះ អះអាង​ថា បំណុល​ដ៏​ច្រើន​មហិមា​នេះ​អាច​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ទាំង​នោះ​ជំពាក់​គុណ​ប្រទេស​ចិន។

លោក Xi Jinping បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ការ​វិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​នយោបាយ​នោះ​ទេ។ ប្រទេស​ចិន​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ទ្វីប​អាហ្វ្រិក​នោះ​ទេ ហើយ​ក៏​មិន​ដាក់​កំហិត​ណា​មួយ​លើ​ទ្វីប​អាហ្វ្រិក​នោះ​ដែរ»។

ប្រទេស​ចិន​បាន​ធ្វើ​យុទ្ធនាការ​បាញ់​ឆ្ពោះ​ទៅ​ទ្វីប​អាហ្វ្រិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដោយ​បាន​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​ជាមួយ​នឹង​ប្រទេស​នានា​នៅ​ទី​នោះ។ លោក Xi Jingping បាន​សន្យា​ផ្ដល់​កម្ចី និង​ជំនួយ​ចំនួន ៦០ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ទ្វីប​អាហ្វ្រិក​នៅ​ក្នុង​វេទិកា​កិច្ច​សហប្រតិបត្តិការ​ចិន​អាហ្វ្រិក​នេះ​កាល​ពី​ឆ្នាំ ២០១៥ ដែល​កាល​នោះ​ធ្វើ​ឡើង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក៕