លោកប្រធានាធិបតីចិន Xi Jinping បាននិយាយថា កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងគួរបោះបង់ចោលគំនិតចង់បានឯករាជ្យ ហើយយល់ព្រមថា ខ្លួនជាផ្នែកមួយនៃប្រទេសចិន។
លោកប្រធានាធិបតី Xi បានបញ្ជាក់ជាថ្មីទៀតអំពីគោលនយោបាយយូរយាមកហើយរបស់ប្រទេសជាតិលោកចំពោះកោះតៃវ៉ាន់នៅក្នុងសុន្ទរកថាមួយនៅថ្ងៃពុធនេះដើម្បីកំណត់ខួបឆ្នាំទី៤០នៃសុន្ទរកថាមួយគួរកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រមានចំណងជើងថា «សារដល់ជនរួមជាតិនៅក្នុងកោះតៃវ៉ាន់"ដែលបាននាំឱ្យមានទំនាក់ទំនងខាងការទូតរវាងគូប្រជែងទាំងពីរនេះ»។
លោក Xi បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបើកចំហក្នុងការបង្កើត «ឱកាសដ៏ទូលំទូលាយមួយសម្រាប់ការបង្រួបបង្រួមគ្នាជាថ្មីឡើងវិញដោយសន្តិវិធី» ជាមួយកោះតៃវ៉ាន់ ដែលនឹងកើតមានឡើងតាមរយៈប្រព័ន្ធ «ប្រទេសមួយប្រព័ន្ធពីរ»។ ក៏ប៉ុន្តែលោកបានព្រមានថា ប្រទេសចិននឹងមិនអនុញ្ញតឱ្យមានឱកាសសម្រាប់ «សកម្មភាពទាមទារបំបែករដ្ឋ» ទេ ហើយលោកបាននិយាយជាថ្មីទៀតអំពីការប្តេជ្ញារបស់ប្រទេសចិនថា នឹងធ្វើសកម្មភាពយោធាដើម្បីឱ្យបានសម្រេចការបង្រួបបង្រួមប្រទេសជាតិជាថ្មី។
លោក Xi បានថ្លែងសុន្ទរកថានេះមួយថ្ងៃ ក្រោយពីលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai បាននិយាយថាប្រទេសចិនត្រូវតែទទួលស្គាល់ឋានៈនៃកោះតៃវ៉ាន់ជាកោះមួយគ្រប់គ្រងដោយខ្លួនឯង៕