សកម្មជននយោបាយ អ្នកនិពន្ធ និងម្ចាស់ជ័យលាភីពានរង្វាន់ណូបែល ជនជាតិចិន លោក Liu Xiaobo (លីវ ស៊ែវប៉) បានស្លាប់នៅឯមន្ទីរពេទ្យមួយក្នុងក្រុង Shenyang (ឆីញយ៉ាង) ប្រទេសចិន។ លោកមានអាយុ ៦២ឆ្នាំ។
មន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្រ្តចិន (First Hospital of China Medical University) និយាយថា លោកបានស្លាប់ដោយសារជំងឺមហារីកថ្លើម។ លោក Liu ត្រូវបានគេរាយការណ៍ថា លោកត្រូវបានគេរកឃើញថា កើតជំងឺនេះក្នុងខែឧសភា និងបានប្រកាសជាសាធារណៈនៅខែមិថុនាកន្លងទៅ។
ដោយត្រូវបានស្គាល់តាមរយៈយុទ្ធនាការជាបន្តបន្ទាប់ដើម្បីប្រទេសចិនមួយ ប្រកបដោយលទ្ធិប្រជាធិបតេយ្យ និងមានលក្ខណៈសេរី លោក Liu ត្រូវបានមនុស្សភាគច្រើនចាត់ទុកថាជា វីរបុរសមួយរូប។ ប៉ុន្តែសម្រាប់រដ្ឋាភិបាលចិន លោកជា ការរំខានមួយទៅវិញ។
លោក Liu បានប្រឈមមុខជាមួយនឹងការរុកគួន ការតាមដាន និងការចាប់ដាក់ពន្ធនាគារ ជាបន្តបន្ទាប់ ពីសំណាក់រដ្ឋាភិបាល ដឹកនាំដោយបក្សកុម្មុយនិស្តចិន។
ការទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០១០ បានធ្វើឲ្យ លោក Liu Xiaobo ក្លាយជាជនជាតិចិនដំបូងគេបង្អស់ នៅក្នុងប្រទេសចិនផ្ទាល់ ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិដូចនេះ និងធ្វើឲ្យលោកក្លាយជាបុគ្គលមួយរូបក្នុងចំណោមបុគ្គលបីរូប ដែលទទួលបានពានរង្វាន់ ខណៈពេលកំពុងស្ថិតនៅក្នុងការឃុំខ្លួននៅឡើយ។ បុគ្គលពីរនាក់ផ្សេងទៀតរួមមាន លោក Carl von Ossietzky (ខាល វ៉ុន អូស៊ែតស្គី) នៅប្រទេសអាល្លឺម៉ង់ ដែលបានទទួលបានពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៣៥ និងលោកស្រីអង់សាន ស៊ូជី នៅប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ ១៩៩១។
លោក Liu បានកើតក្នុងទីក្រុង Changchun (ឆាងឈុន) ខេត្ត Jilin (ជីលីន) នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៥៥ នៅក្នុងត្រកូលគ្រួសារបញ្ញវន្តមួយ។ លោកបានឆ្លងកាត់ក្នុងជីវិតនូវការលំបាកញាំញីអស់ជាច្រើនឆ្នាំ នៅក្នុងប្រទេសចិន នាសម័យទំនើប។
លោក Liu ធ្លាប់ជាបញ្ញវន្តធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ Columbia ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពេលដែលចលនាតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យនៅទីលាន Tianamen ក្នុងប្រទេសចិន បានចាប់ផ្តើមឡើងក្នុងឆ្នាំ ១៩៨៩។ លោកបានវិលត្រឡប់មកកាន់ប្រទេសចិនវិញ ដើម្បីចូលរួមក្នុងបាតុកម្ម ដែលរៀបចំឡើងដោយក្រុមនិស្សិតនោះ។ នៅទីបញ្ចប់ បាតុកម្មនោះ ត្រូវបានអាជ្ញាធរចិនចុះបង្រ្កាប ដោយបានបណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត។
លោក Liu និងសកម្មជនដទៃទៀត ត្រូវបានគេឲ្យតម្លៃខ្ពស់ ចំពោះការបញ្ចៀសការបង្ហូរឈាមកាន់តែធ្ងន់ធ្ងរជាងនេះ តាមរយៈការចរចាជាមួយនឹងកងកម្លាំងប្រដាប់អាវុធ ដើម្បីការចាកចេញរបស់បាតុកររាប់ពាន់នាក់ ដោយសន្តិវិធី ពីទីលាន Tiananmen នោះ។
លោក Liu ត្រូវបានចាប់ខ្លួន បន្ទាប់ការធ្វើបាតុកម្ម ហើយបានរងការចោទប្រកាន់ថា «ជាមេក្លោងនៅពីក្រោយចលនាបាតុកម្មនៅទីលាន Tiananmen»។
ទោះបីជាត្រូវបានលើកលែងទោសពីការចោទប្រកាន់បទឧក្រិដ្ឋ និងអនុញ្ញាតឲ្យធ្វើដំណើរទៅក្រៅប្រទេសក៏ដោយ ក៏លោក Liu បានបាត់បង់អាជីពជាគ្រូបង្រៀនរបស់ខ្លួន និងជាប់ក្រោមការឃុំខ្លួនក្នុងផ្ទះ នៅប្រទេសចិន។ លោកត្រូវបានគេផ្តល់សិទ្ធិនៅជ្រកកោននៅប្រទេសអូស្រ្តាលី ប៉ុន្តែលោកបានបដិសេធ។
លោក Liu បានជាប់ពន្ធនាគារបីដង បន្ទាប់ពីបានធ្វើបាតុកម្មនៅទីលាន Tiananmen មក ប៉ុន្តែលោកនៅតែបន្តទាមទារការធ្វើកំណែទម្រង់ផ្នែកនយោបាយដដែល។ ចាប់ពីឆ្នាំ ១៩៩៩ រហូតដល់ឆ្នាំ ២០០៨ លោកបានចំណាយពេលសរសេរ និងបានជួយបង្កើតមជ្ឈមណ្ឌលសំណេរឯករាជ្យចិន (Independent Chinese Pen Center) ដែលជាវេទិកាមួយសម្រាប់អ្នកនិពន្ធ និងអ្នកសារព័ត៌មានធ្វើការបញ្ចេញមតិដោយសេរី។ លោក Liu ត្រូវបានគេជ្រើសរើសឲ្យធ្វើជាប្រធានមជ្ឈមណ្ឌលនោះចំនួនបីដង។
ក្នុងឆ្នាំ ២០០៨ លោក Liu Xiaobo បានជួយសរសេរសេចក្តីព្រាងប័ណ្ណឃោសនាមួយ ដែលហៅថា «ធម្មនុញ្ញ ០៨» ដោយអំពាវនាវឲ្យមានសេរីភាព សិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី។ ធម្មនុញ្ញនេះ ត្រៀមនឹងចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ នាឆ្នាំនោះ ដែលត្រូវនឹងទិវាសិទ្ធិមនុស្សពិភពលោក ក៏ដូចជា ខួប ៦០ឆ្នាំនៃការចេញផ្សាយសេចក្តីប្រកាសសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិផងដែរ។
នៅក្នុងរយៈពេលមួយថ្ងៃមុនការចេញផ្សាយ «ធម្មនុញ្ញ ០៨» នោះ លោក Liu Xiaobo ត្រូវបានចាប់ខ្លួនពីបទបំផុសបំផុលដើម្បីផ្តួលរំលំអំណាចរដ្ឋ ហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ។
លោក Liu Xiaobo បានទទួលពានរង្វាន់ណូបែលសន្តិភាពនៅខែតុលា ឆ្នាំ២០១០។ នៅឯពិធីប្រគល់ពានរង្វាន់ គណៈកម្មាធិការពានរង្វាន់ណូបែល ប្រទេសន័រវែស បានដាក់កៅអីទទេមួយនៅលើឆាក ដើម្បីតំណាងឲ្យលោក Liu Xiaobo ដោយសារតែលោកមិនត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាតឲ្យមកចូលរួមក្នុងពិធីទទួលពានរង្វាន់នេះ។
ក្រសួងការបរទេសអាមេរិកបានរិះគន់ប្រទេសចិនពីការផ្តន្ទាទោសលោក Liu Xiaobo ដោយលើកឡើងថា ការធ្វើទុក្ខបុកម្នេញ អ្នកនិយាយពីបញ្ហានយោបាយដោយសន្តិវិធី គឺជា ការរំលោភបំពានទៅលើគោលការណ៍សិទ្ធិមនុស្ស ដែលទទួលស្គាល់ជាអន្តរជាតិ។
សហភាពអឺរ៉ុប អាល្លឺម៉ង់ បារាំង និងប្រទេសដទៃទៀត បានបង្ហាញការព្រួយបារម្ភស្រដៀងគ្នានេះដែរ។ អង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនក៏បានអំពាវនាវឲ្យមានការដោះលែងលោក Liu Xiaobo ដូចដែលបានទាមទារឲ្យមានការដោះលែងអតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Nelson Mandela និងម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ១៥រូបផ្សេងទៀត។
ក្នុងឆ្នាំ ២០០៩ មេដឹកនាំសាសនាតំបន់ទីបេ សម្តេចសង្ឃ Dalai Lama ដែលកំពុងនិរទេសខ្លួន និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពមួយរូបផងដែរ បាននិយាយថា ការចាប់បុគ្គលម្នាក់ដាក់ពន្ធនាគារ ដោយសារតែបុគ្គលនោះគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ខ្លួន គឺផ្ទុយទាំងស្រុង ពីគោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាស្តីពីសិទ្ធិមនុស្ស។
ចាប់ពីពេលនោះមក លោក Liu Xiaobo បានជាប់ពន្ធនាគាររហូតទាល់តែដល់ពេលសុខភាពរបស់លោកធ្លាក់ចុះដុនដាប ហើយលោកត្រូវបានគេបញ្ជូនទៅព្យាបាលមន្ទីរពេទ្យ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលលោកស្លាប់។ ក្រុមគ្រួសាររបស់លោកបានជំរុញឲ្យអាជ្ញាធរចិនអនុញ្ញាតឲ្យលោកធ្វើដំណើរទៅសហរដ្ឋអាមេរិក ឬអាល្លឺម៉ង់ ដើម្បីព្យាបាលជំងឺមហារីកថ្លើម ប៉ុន្តែសំណើនោះត្រូវបានបដិសេធ។
លោក Liu Xiaobo អ្នកជ័យលាភីពានរង្វាន់ណូបែលសន្តិភាព បានស្លាប់នៅអាយុ ៦២ឆ្នាំ៕