ប៉ូលិស​ចិន​សន្យា​ជួយ​ពង្រឹង​សន្តិសុខ​សណ្តាប់​ធ្នាប់​ខេត្តព្រះសីហនុ

រូបឯកសារ៖ ផ្លូវ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ជិត​ឆ្នេរ​អូ​ឈើទាល ដែល​ជា​កន្លែង​សំបូរ​ទៅ​ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់នៅ។ (ស៊ុន ណារិន/VOA)

ក្រសួង​សន្តិសុខចិន​នឹង​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ខេត្តព្រះសីហនុ​ដោយ​សន្យា​ជួយ​បណ្តុះបណ្តាល​ធនធាន​មន្ត្រី​នគរបាល​កម្ពុជា ក៏ដូចជា​ការជួយ​បំពាក់​សម្ភារៈ​បច្ចេកវិទ្យា​កាមេរ៉ា និង​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​សន្តិសុខ ប្រជាពលរដ្ឋ​តាម​រយៈបច្ចេកវិទ្យា នៃ​សម័យ​ឌីជីថល។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។​

សេចក្តី​រាយការណ៍​នានា​ឱ្យ​ដឹង​ថា​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ទទួល​ជួប​ពិភាក្សា​ នៅ​ថ្ងៃពុធ​នេះ​ជាមួយនឹង​គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​ដឹកនាំ​ដោយ ​លោក Duan Daqi​ អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចសហ​ប្រតិបត្តិការ​អន្តរជាតិ។ ស្នងការ​រង​នគរបាល​ខេត្តជាំងស៊ូ ​នៃ​ប្រទេស​ចិន​ លោក ZHAO JIANSHENG​ ក៏​មាន​វត្តមាន​ក្នុង​កិច្ចពិភាក្សា​នា​បរិវេណ​អគ្គស្នង​ការដ្ឋាន​នគរបាលជាតិ​ផងដែរ។

គេហទំព័រ​ផ្លូវការ​របស់​ប៉ូលិស​កម្ពុជា បាន​រាយការណ៍​បន្ថែមថា​កិច្ចសហ​ប្រតិបត្តិការ​នឹង​ធ្វើ​ឡើង​រវាង​នគរបាល​ជាតិ​កម្ពុជា​ជាមួយ​នឹង​ខេត្តជាំងស៊ូ​របស់​ចិន​ដើម្បី​ការងារ​សុវត្ថិភាព​ខេត្តព្រះសីហនុ​ កិច្ចសហ​ប្រតិបត្តិ​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​និង​ការបង្កើត​ការិយាល័យ​សម្រប​សម្រួល​ចេញ​ចូល​តែ​មួយ​ជាដើម។

ពី​ឆ្នាំ​២០១៤ ដល់​២០១៩ ​អាជ្ញាធរ​ប៉ូលិស​កម្ពុជាបាន​បញ្ជូន​ជនជាតិ​ចិន​ដែល​ប្រព្រឹត្តល្មើសជាង​២.៧០០​នាក់​ទៅ​ប្រទេស​ដើម​វិញ។

ខេត្តព្រះសីហនុ​ទទួល​បាន​ការវិនិយោគ​ទុន​របស់​ចិន​យ៉ាងគំហុក​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​តាម​រយៈគម្រោង​ក្រវ៉ាត់​ផ្លូវពាណិជ្ជកម្ម​របស់​ចិន។ ប៉ុន្តែ​ក៏មាន​បញ្ហា​សន្តិសុខ​ជាច្រើន​បង្កឡើង​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន៕