ក្រុមមន្ត្រីចិន ដែលជាអតីតមន្ត្រីការទូត និងជាសមាជិកគណបក្សកុម្មុយនីស្តចិនទទួលបន្ទុកបរិស្ថាន បានបា្រប់សមភាគីកម្ពុជាអំពីបំណងរបស់ពួកគេ ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលបានកសាងចំណងការទូតជាមួយចិនអស់រយៈពេល៦០ឆ្នាំមកនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៃរដ្ឋាភិបាលកម្ពុជា និងតាមការថ្លែងបញ្ជាក់របស់មន្ត្រីចិនដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាដើមសប្តាហ៍នេះ។
លិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ សរសេរថា លោក Hu Zhengyue អនុប្រធានសមាគមការទូតសាធារណៈ និងជាអតីតជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់លោក បា្រក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថា លោកមានបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការបណ្តុះបណ្តាលធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការថ្លែងរបស់លោក Zhengyue បានធ្វើឡើងក្នុងជំនួបមួយជាមួយលោកប្រាក់ សុខុន កាលពីថ្ងៃចន្ទនាទីក្រុងភ្នំពេញ។
លោក Hu Zhengyue អនុប្រធានសមាគមការទូតសាធារណៈ បានបញ្ជាក់នៅចំពោះមុខលោករដ្ឋមន្ត្រីការបរទេសប្រាក់ សុខុនថា «រដ្ឋាភិបាលចិនគាំទ្រយ៉ាងពេញលេញដល់ដំណើរការបោះឆ្នោតនៅកម្ពុជា និងបានសំដែងការកោតសរសើរចំពោះការរីកចម្រើន ពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន»។
លោក Zhengyue ដែលជាអតីតមន្ត្រីការទូតមួយរូប ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងការលើកស្ទួយទំនាក់ទំនងអាស៊ាន-ចិន និងទំនាក់ទំនងរវាងបណ្តាប្រទេសមេគង្គជាមួយចិន តាមរយៈកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោក Hu Zhengyue បានផ្តើមដំណើរបំពេញទស្សនកិច្ច នៅមុនការមកបំពេញទស្សនកិច្ចរបស់លោក Zhao Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់រដ្ឋាភិបាលចិន ដែលកំពុងធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបតិ្តការក្នុងវិស័យបរិស្ថាន និងការផលិតទឹកស្អាត។
ដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីចិនទាំងពីរនេះបានធ្វើឡើងនៅមុនការបោះឆ្នោត ដ៏ចម្រូងចម្រាស នាចុងខែកក្កដានេះ ដែលក្រុមអង្គការសិទ្ធិមនុស្ស និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមើលឃើញថា មិនមែនជាការបោះឆ្នោតដែលផ្តល់សិទ្ធិពេញលេញឲ្យពលរដ្ឋកម្ពុជាបង្ហាញឆន្ទៈនយោបាយរបស់ខ្លួនតាមសន្លឹកឆ្នោតទេ បន្ទាប់ពីគណបក្សប្រឆាំងធំមួយគឺគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលដោយអំណាចរបស់តុលាការកំពូលតាមបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានចោទលោក កឹម សុខា មេដឹកនាំគណបក្សនេះថា បានប្រព្រឹត្តអំពើក្បត់ជាតិ តាមការសមគំនិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ភាគីចិនគឺលោកលោក Hu Zhengyue អតីតជំនួយការរដ្ឋមន្ត្រីការបរទេសចិន ក្នុងជំនួបធ្វើឡើងកាលពីថ្ងៃចន្ទដដែលថា «រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពសំខាន់លើការរក្សាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយលោក ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ការគាំទ្ររបស់ចិន ចំពោះការចាត់វិធានការតាមផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា «ដែលសំដៅការពារឯករាជ្យ និងអធិបតេយ្យរបស់ប្រទេសជាតិ»។
លោក ប្រាក់ សុខុន ក៏បានថ្លែងឲ្យដឹងអំពីបំណងរបស់លោក ដែលចង់ឲ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយវិទ្យាស្ថានការទូតរបស់ចិនផងដែរ។
នៅក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកសាយ សំអាល់ និងលោក Zhao Yingmin អនុរដ្ឋមន្ត្រីនៃក្រសួងអេកូឡូស៊ី និងបរិស្ថានរបស់រដ្ឋាភិបាលចិន បានធ្វើជាអធិបតីនៃការចុះអនុស្សរណៈយោគយល់គ្នាចំនួនបី ដែលផ្តោតលើកិច្ចសហប្រតិបត្តិការវិស័យបរិស្ថាន ការអភិរក្សជីវៈចម្រុះកម្ពុជា ចិន និងគម្រោងឧបត្ថម្ភម៉ាស៊ីនសម្អាតទឹកកខ្វក់។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ «ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន»។
ក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នោះ លោក Zhao Yingmin បានថ្លែងថា ប្រទេសចិនបានទទួលសមិទ្ធផលមួយចំនួនក្នុងសកម្មភាពថែទាំងប្រព័ន្ធអេកូឡូស៊ី និងការរកឃើញបច្ចេកទេសល្អសម្រាប់បម្រើដល់វិស័យបរិស្ថាន។ ជាមួយសមិទ្ធផលទាំងនេះ លោក Yingmin មានបំណងចែករំលែកឲ្យកម្ពុជានូវបទពិសោធន៍មួយចំនួន ដែលបានធ្វើនៅប្រទេសចិន ខាងបញ្ហាបរិស្ថាននេះ។ លោកបានថ្លែងដោយមានអ្នកបកប្រែជាភាសាខ្មែរថា៖
«នៅក្នុងកិច្ចគាំពារបរិស្ថាន ប្រព័ន្ធអេកូឡូស៊ី ជាក់ស្តែងក្នុងប្រទេសចិន កន្លងមក ខ្ញុំទទួលបាននូវសមិទ្ធផលមួយចំនួន ក៏ដូចមាននូវបទពិសោធន៍ល្អៗខ្លះក៏ដូចជាបច្ចេកទេសល្អៗមួយចំនួន ហេតុដូច្នេះ ខ្ញុំមានគោលបំណង និងឆន្ទៈ ដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ ក៏ដូចជាបច្ចេកទេសទាំងអស់នេះ ជូនដល់ប្រទេសកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការទ្វេរភាគី»។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ឯកសារអនុស្សរណៈយោគយល់ដែលភាគីកម្ពុជា និងចិនបានព្រមព្រៀងនោះ បានឆ្លើយតបទៅនឹងឆន្ទៈរបស់ក្រសួងបរិស្ថានដើម្បីធ្វើឲ្យប្រសើរឡើងនៃកិច្ចគាំពារបរិស្ថាននៅក្នុងប្រទេស។
លោកមានប្រសាសន៍ថា ការិយាល័យរៀបចំបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន ដែលទើបត្រូវបានដាក់ឲ្យសម្ពោធថ្មីៗនេះ នឹងក្លាយជា «ច្រកចេញចូលតែមួយ» សម្រាប់ការប្រាស្រ័យទាក់ទងរវាងភាគីចិន និងកម្ពុជា ដើម្បីសហការ និងធ្វើការជាមួយគ្នាលើវិស័យបរិស្ថាននេះ។
«ច្រកចេញចូលតែមួយនេះបានសេចក្តីថា យើងខ្ញុំនៅមានលទ្ធភាពជម្រាបជូនទៅប្រទេសចិន ក៏ដូចជាខាងភាគីចិន អាចជម្រាបជូនមកយើងខ្ញុំ ហើយយើងរកអ្វីមួយ ដែលជាចំណុចកណ្តាលសម្រាប់យើងទាំងពីរធ្វើការ»។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមថ្លែងថា ឥទ្ធិពលចិនទាំងក្នុងវិស័យសេដ្ឋកិច្ច និងយោធា កាន់តែរីកធំឡើងនៅកម្ពុជា ខណៈដែលប្រទេសនេះក៏កំពុងងាកទៅពឹងផ្អែកខ្លាំងមកលើការជួយទំនុកបម្រុងរបស់ចិនក្នុងវិស័យហិរញ្ញវត្ថុ និងវិនិយោគចិន ហើយបានឃ្លាតឆ្ងាយពីប្រទេសប្រជាធិបតេយ្យធំៗ ក្នុងនោះមានសហរដ្ឋអាមេរិក។ លោកបន្តថា ការពឹងផ្អែកលើប្រភពជំនួយលុយកាក់ចិនខ្លាំងបែបនេះ មិនមែនជាជម្រើសល្អនោះឡើយ។
«ជួនកាលការជួយវិស័យសេដ្ឋកិច្ច ប៉ុន្តែមិនបានគិតគូរអំពីផលប៉ះពាល់ទៅលើសង្គមផ្សេងៗ ក៏វាអាចធ្វើឲ្យទំនាក់ទំនងបានក្លាយជារឿងមួយដែលធ្វើឲ្យប៉ះពាល់ដល់វិបត្តិសង្គមនៅក្នុងប្រទេសខ្មែរយើងផងដែរ បាទ។ យើងឃើញស្រាប់ហើយថា ពីមុនមក តាមរយៈការវិនិយោគទុនរបស់ចិននៅក្នុងតំបន់ខ្លះ គឺមិនបានធ្វើការពិភាក្សាឲ្យបានល្អិតល្អន់ជាមួយពលរដ្ឋមូលដ្ឋានទេ អីចឹងវាធ្វើឲ្យពលរដ្ឋមូលដ្ឋានខ្លះចាប់ផ្តើមមិនសប្បាយចិត្តជាមួយនឹងការវិនិយោគទុនរបស់ចិន ហើយផលប៉ះពាល់ផ្នែកប្រជាប្រិយភាពត្រូវធ្លាក់ទៅរដ្ឋាភិបាល ដែលយើងឃើញស្រាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយ បាទ»។
លោក មាស នី បានលើកឡើងបន្តថា ចិនមិនត្រឹមតែបានពង្រីកឥទ្ធិពលខ្លួននៅកម្ពុជានោះទេ តែប្រទេសនេះក៏ថែមទាំងកំពុងធើ្វការវាតទី ដោយការពង្រីកឥទ្ធិពលខាងសេដ្ឋកិច្ចខ្លួននៅប្រទេសផ្សេងទៀតផងដែរ ដែលបានធ្វើឲ្យប្រទេសខ្លះផ្ទុះការតវ៉ា ដូចជាវៀតណាមជាដើម។
«សូម្បីតែវៀតណាម ក្នុងរយៈពេលប៉ុន្មានអាទិត្យមុននេះ ក៏យើងឃើញមានការបះបោរតវ៉ារបស់ពលរដ្ឋវៀតណាមប្រឆាំងជាមួយនឹងការវិនិយោគទុនរបស់ចិននៅក្នុងប្រទេសវៀតណាមដែរ បាទ។ អីចឹងវាជាចរន្តពិភពលោកមួយដែលចិនបានបន្តវាតទីនូវឥទ្ធិពលរបស់ខ្លួនហ្នឹងទៅលើស្ទើរតែប្រទេសសំខាន់ៗក្នុងពិភពលោកហ្នឹង រួមទាំងប្រទេសអ្នកមានផង សូម្បីតែអូស្ត្រាលីក៏មានពលរដ្ឋចិនហ្នឹងបានទៅដាក់ទុនរកស៊ីអីនៅខាងនោះច្រើនដែរ បាទ»។
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះបានព្រមានថា ប្រទេសមួយមិនអាចពឹងផ្អែកខ្លាំងហួសហេតុទៅលើប្រទេសមួយផ្សេងទៀតនោះទេ ពោលគឺបើកម្ពុជាពឹងចិនខ្លាំង ហើយនៅពេលចិនប្រឈមនឹងវិបត្តិហិរញ្ញវត្ថុជាយថាហេតុណាមួយនោះ គឺកម្ពុជានឹងរងផលវិបាកមុនគេ។ លោកថ្លែងបន្ថែមថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនជាការព្រួយបារម្ភមួយដល់ប្រទេសដែលពឹងផ្អែកលើចិន ព្រោះថា មានសេចក្តីរាយការណ៍មកថា ចិនបានចាប់ផ្តើមបង្អង់ល្បឿនការវិនិយោគធំៗរបស់ខ្លួន ដោយប្រទេសកុម្មុយនីស្តនេះមានការបារម្ភពីបញ្ហាហិរញ្ញវត្ថុផ្សេងៗ ដោយសារជម្លោះពាណិជ្ជកម្មជាមួយអាមេរិកនោះ។
នៅមុនដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីទទូលបន្ទុកការទូត និងបរិស្ថានរបស់ចិននេះ លោក Wei Fenghe រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនក៏បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាកាលពីខែមិថុនាកន្លងទៅនេះ។ លោក Fengheបានសន្យាផ្តល់ថវិកាប្រមាណជាង១០០លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងវិស័យយោធារបស់កម្ពុជា និងបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងចិនផងដែរ។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតសភាសម្រាប់អាណត្តិទីប្រាំមួយនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨។ ប្រទេសដែលដើរតាមគោលការណ៍ប្រជាធិបតេយ្យ មានដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសដកការគាំទ្ររបស់ពួកគេពីដំណើរការរៀបចំបោះឆ្នោតនេះ ក្រោយការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ និងការរំលាយគណបក្សប្រឆាំងនេះ កាលពីឆ្នាំមុន។ មកដល់ពេលនេះ មានប្រទេសប្រជាធិបតេយ្យអាស៊ីមួយគឺជប៉ុននៅបន្តការគាំទ្រដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ ចំណែកប្រទេសចិន តែងតែបង្ហាញការគាំទ្រជានិច្ចដល់រដ្ឋាភិបាលទីក្រុងភ្នំពេញចំពោះចំណាត់ការរបស់រដ្ឋាភិបាលនេះក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងភាពរីកចម្រើននៅកម្ពុជា៕