កង​ទ័ព​ជើង​ទឹក​ចិន​ប្រគល់​ខ្លួន​មេ​ចោរ​សមុទ្រ​ដ៏​ល្បីល្បាញ​ម្នាក់ឲ្យទៅសូម៉ាលីវិញ

ជនសង្ស័យជាចោរសមុទ្រ ពាក់ព័ន្ធនឹងបទប៉ុនប៉ងប្លន់កប៉ាល់ កាលពីខែមេសាកន្លងទៅ ត្រូវបានកងទ័ព​ជើង​ទឹក​ចិនប្រគល់ខ្លួនឲ្យសូម៉ាលីវិញ។

កង​ទ័ព​ជើង​ទឹក​ចិន​បាន​ប្រគល់​ខ្លួន​មេ​ចោរ​សមុទ្រ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មុន​ ក្រោយ​ពី​មេ​ចោរ​រូប​នេះ​បាន​បរាជ័យ​ក្នុង​ការ​ប្លន់​កប៉ាល់​មួយ​គ្រឿង។

ឈ្មោះ​ Abdikarim Salah​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ Aw Koombe​ និង​ចោរ​សមុទ្រ​ពីរ​នាក់​ទៀត​ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ដោយ​មន្ត្រី​សន្តិសុខ​នៃ​រដ្ឋ​ Puntland ​នៅ​កំពង់ផែ​សមុទ្រ​ក្រហម​នៃ​ទី​ក្រុង ​Bosaso ​ក្នុង​ប្រទេស​សូម៉ាលី​ ស្ថិតនៅ​ភាគឦសាន​នៃ​ទ្វីប​អាហ្វ្រិក។​

ចោរ​ទាំង​បី​នាក់​ ដែល​ត្រូវ​បាន​ដាក់​ខ្នោះ​និង​ពាក់​អាវ​ពោង​ ត្រូវបានបញ្ជូន​មក​កំពង់ផែ​កាល​ពី​ថ្ងៃ​ទី៥​ ខែ​ឧសភា​ តាម​ទូក​ជ័រតូចៗ។​

លោក​វរសេនីយ​ឯក​ Yasin Ali Nur មេបញ្ជាការ​កង​កម្លាំង​សន្តិសុខ​នៃ​កំពង់ផែ​ Bosaso បាន​ប្រាប់​លោក​ Fadumo Yasin Jama ​អ្នក​សារ​ព័ត៌មានរបស់​VOA​ ប្រចាំ​ប្រទេស​សូម៉ាលី​ថា ចោរ​សមុទ្រ​ទាំង​បី​នាក់​នឹងត្រូវ​កាត់​ទោស​ពី​បទ​ចោទ​នានា​ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់​តាម​សមុទ្រ។ ​

លោក​ Nur និយាយ​ថា៖ «អ្នក​ទោស​ទាំង​បី​នាក់​នេះ​ រួម​ទាំង​អាវុធ​របស់​ពួកគេ​ផង​ដែរនោះ​ នឹង​ត្រូវ​ឃុំខ្លួននៅក្នុងមន្ទីរ​ឃុំឃាំង​របស់​កំពង់​ផែ​ រហូត​ដល់​ពួក​គេ​ត្រូវ​ផ្ទេរ​ទៅ​មន្ទីរ​ឃុំឃាំង​នៅ​ស្នាក់​ការ​កណ្ដាល​ និង​រង់​ចាំ​រហូត​ដល់​ពួក​គេ​ត្រូវ​ឡើង​តុលាការ»។

ការ​ប្លន់​កប៉ាល់​រាប់​សិប​ករណី

លោក​ Abdimajid Samatar​ នាយកប្រចាំតំបន់​នៃនាយកដ្ឋាន​កំពង់​ផែ​និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ សម្រាប់​ត្រួតពិនិត្យសកម្មភាព​ប្រឆាំង​ការ​ប្លន់​តាម​សមុទ្រ​នៅ​ក្នុង​រដ្ឋ​ Puntland ​បាន​និយាយ​ថា​ ក្នុង​ចំណោម​ចោរ​ទាំង​បី​នាក់​នេះ​ មាន​ម្នាក់​ធ្លាប់​បាន​ចូលរួម​ក្នុង​ការ​ប្លន់​កប៉ាល់​រហូត​ដល់​២៦​ដង។ គេ​ជឿ​ថា​ ចោរដែល​លោក​ Samatar​ និយាយ​នោះ​ គឺ​សំដៅ​ទៅ​លើ​ឈ្មោះ​ Aw Koombe។

ក្រុម​ចោរ​សមុទ្រ​បាន​វាយ​ប្រហារ​កប៉ាល់​ដែល​មាន​បំពាក់​ទង់​ជាតិ​របស់​កោះ​ Tuvalu ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា​ នៅ​ឆ្ងាយ​ពី​កោះ​ Socorta។ ក្រុម​កម្មករ​នៅ​លើ​កប៉ាល់​បាន​ចាក់​សោ​លាក់​ខ្លួន​ពួក​គេ​នៅ​ក្នុង​បន្ទប់​សុវត្ថិភាព ដែលការណ៍នេះបាន​ធ្វើឲ្យ​ក្រុម​ចោរ​សមុទ្រ​មិន​អាច​បង្វែរ​ទិស​ដៅ​កប៉ាល់​ទៅ​កាន់​ដី​គោក​នៃ​ប្រទេស​ប្រទេស​សូម៉ាលីបាន។

ក្រោយ​មក​នាវា​កងទ័ព​ជើង​ទឹក​ចិន​និង​ឥណ្ឌា​ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ និង​បានជួយ​សង្គ្រោះ​កប៉ាល់​នោះ។

នៅ​ក្នុង​បទសម្ភាសន៍​ផ្ដាច់​មុខ​មួយ​ជាមួយ​ VOA ​បន្ទាប់ពី​កងទ័ព​ជើង​ទឹក​ចិន​បាន​ប្រគល់​ខ្លួនពួកចោរ​សមុទ្រទាំងនោះឲ្យទៅប្រទេសសូម៉ាលីវិញ មេចោរសមុទ្រ​ឈ្មោះ​ Aw Koombe បាន​និយាយ​ដោយ​ត្រង់ៗ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​លើ​កប៉ាល់នាពេលនោះ​ ។

មេចោររូបនោះបាន​ប្រាប់​អ្នក​យក​ព័ត៌មានរបស់​ VOA ​ថា​ ពួក​គេ​ទាំង​បី​នាក់​បាន​ឡើង​កប៉ាល់​ក្នុង​បំណង​ប្លន់​វា។​ ប៉ុន្តែពួកគេ​បាន​ជួប​នឹង​ឧបសគ្គ​ បន្ទាប់​ពី​ក្រុម​កម្មករ​នៅក្នុងកប៉ាល់​បាន​ចាក់​ចោរ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​សុវត្ថិភាព។

Aw Koombe​ និយាយ​ថា គេរួម​ទាំងគ្នីគ្នា​២​នាក់​ទៀត​បាន​លាក់​ខ្លួន​នៅ​លើ​កប៉ាល់​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​ដោយ​នាវិក​ចិន​ ដែល​ត្រូវ​បាន​ដាក់​ពង្រាយដោយ​ឧទ្ធម្ភាគចក្រនៅពីលើកប៉ាល់នោះ។

មេចោររូបនោះបាន​និយាយ​បន្តទៀតថា៖ «ពួកយើង​បាន​ដេកក្នុងកប៉ាល់នោះអស់​១២​ម៉ោង​ ពេញ​មួយ​យប់​នោះតែម្តង។ នៅ​ថ្ងៃ​បន្ទាប់​ កង​ទ័ព​ជើង​ទឹកចិន​បាន​លឺ​សំឡេង​តិពួកយើង ហើយ​ពួក​គេ​ក៏​បាន​រក​ឃើញ​កន្លែង​ដែល​ពួក​យើង​លាក់​ខ្លួន​ ហើយ​ក៏​ចាប់​ខ្លួន​ពួក​យើង​តែ​ម្តង»។

ពួកគេ​បាននិយាយ​ទៀតថា៖ «ឥឡូវនេះខ្ញុំ​បាន​មកដល់​ផ្ទះ​វិញហើយ​ ខ្ញុំ​សប្បាយ​ចិត្តណាស់​ ខ្ញុំ​មាន​អារម្មណ៍​ល្អ ខ្ញុំ​ត្រលប់​មក​នៅ​ជាមួយ​បងប្អូន​ខ្ញុំ​វិញហើយ ខ្ញុំ​មិន​នឹកនា​ពីអ្វី​ទាំង​អស់»។

ការ​បន្ទោស​លើ​ភាព​ក្រីក្រ

Aw Koombe​ គឺ​ជា​មេ​ចោរ​សមុទ្រ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ ដែល​អាជ្ញាធរ​និយាយ​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​លើ​កប៉ាល់នៅតាម​សមុទ្រ​ជា​ច្រើនលើក ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ VOA ​មេចោររូប​នេះបាន​បដិសេធ​ថា មិនបានជាប់​ពាក់ព័ន្ធ​នឹងការ​វាយ​ប្រហារ​ណា​មួយនោះទេ។

នៅ​ពេលសួរ​ថា​ តើ​អ្វី​ដែល​ជំរុញ​ឲ្យ​រូបគេប្លន់​កប៉ាល់​នោះ​ Aw Koombe ឆ្លើយ​ថា៖ «មូល​ហេតុ​គ្រប់​យ៉ាង​ដែល​អាច​និយាយ​បាន​... គឺ​ភាព​ក្រីក្រ។ តើ​មាន​មូល​ហេតុ​អី្វ​ផ្សេង​ពីណា​មក?»

របាយការណ៍​មួយ​ចេញ​ផ្សាយ​ក្នុង​សប្ដាហ៍​នេះ​ដោយ​ក្រុម​ដែន​សមុទ្រ​ ឈ្មោះ​ថា​ Oceans Beyond Piracy បាន​ឲ្យ​ដឹង​ថា​ ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រុង​ប្រយ័ត្ន​ បាន​បើក​ឱកាសឲ្យ​ក្រុម​ចោរ​សមុទ្របន្ត​ការ​វាយ​ប្រហារ​សារ​ជា​ថ្មី​ ទៅ​លើ​កប៉ាល់​ដែល​ធ្វើ​ដំណើរ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​សូម៉ាលី។ ​

របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពីសកម្មភាព​ចោរ​សមុទ្រ​បាន​ថយ​ចុះ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ កប៉ាល់​នានា​បាន​ធ្វើ​ដំណើរ​កាន់​តែ​កៀក​ទៅ​ដី​គោក​ ហើយ​ចំនួន​នាវា​កងទ័ព​ជើង​ទឹក​ដែល​ល្បាត​នៅ​ក្បែរ​ប្រទេស​សូម៉ាលី​បាន​ធ្លាក់​ចុះ៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា