ប្រទេសចិនត្រូវបានគេរាយការណ៍ថា បានដំឡើងមីស៊ីលបាញ់កប៉ាល់ និងមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះតូចៗនៅក្នុងសមុទ្រនៃភាគខាងត្បូងប្រទេសចិន។ មីស៊ីលទាំងនេះអាចបង្អាក់ដល់ការធ្វើនាវាចរណ៍របស់នាវាទាហានជើងទឹកនានារបស់សហរដ្ឋអាមេរិក ឬក៏របស់សម្ព័ន្ធមិត្តរបស់អាមេរិកដូចជាប្រទេសអូស្ត្រាលី និងប្រទេសជប៉ុនជាដើម។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
កន្លងមក ប្រទេសវៀតណាម ដែលទាមទារកាន់កាប់ផ្នែកមួយចំនួននៃដែនសមុទ្រដែលគ្រប់គ្រងដោយប្រទេសចិន បានតវ៉ាជាផ្លូវការប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
រដ្ឋាភិបាលចិនបានដំឡើងមីស៊ីលនៅក្នុងប្រជុំកោះ Spratly នៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីធ្វើសមយុទ្ធយោធាតាំងពីដើមខែមេសាមកម្ល៉េះ។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយនាពេលថ្មីៗនេះរបស់ទូរទស្សន៍ CNBC ដែលបានស្រង់សម្ដីរបស់ «អ្នកដែលមានការយល់ដឹងផ្ទាល់អំពីរបាយការណ៍ផ្នែកស៊ើបការណ៍សម្ងាត់នានារបស់សហរដ្ឋអាមេរិក»។
ប្រទេសចិនទាមទារកាន់កាប់សមុទ្រចិនខាងត្បូងប្រហែល ៩០ ភាគរយ និងប្រឆាំងចំពោះការធ្វើនាវាចរណ៍ណាមួយរបស់នាវាទាហានជើងទឹកសហរដ្ឋអាមេរិក ដែលការធ្វើនាវាចរណ៍នេះត្រូវបានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហៅថាជាសេរីភាពនៃការធ្វើដំណើរ ឬក៏សេរីភាពនៃប្រតិបត្តិការនាវាចរណ៍ ដែលហៅកាត់ថា FONOP ឬ ក៏សេរីភាពនៃការធ្វើសមយុទ្ធ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកហៅសមុទ្រចិនខាងត្បូង ដែលជាសមុទ្រដែលទាមទារកាន់កាប់ដោយរដ្ឋាភិបាល ៥ ផ្សេងទៀតនៅទ្វីបអាស៊ី ថាជាផ្លូវទឹកអន្តរជាតិ។
ប្រទេសអូស្ត្រាលី និងជប៉ុនគាំទ្រគោលការណ៍របស់សហរដ្ឋអាមេរិក ហើយប្រទេសទាំងពីរបានចេញមុខតតាំងខ្លាំងជាងមុនលើបញ្ហានេះនៅក្នុងរយៈពេលកន្លះឆ្នាំកន្លងមកនេះ។ ប្រទេសជប៉ុនបានបញ្ជូនកប៉ាល់ដឹកឧទ្ធម្ភាគចក្រទៅកាន់សមុទ្រចិនខាងត្បូងដើម្បីធ្វើសមយុទ្ធកាលពីពាក់កណ្ដាលឆ្នាំ ២០១៧។ កាលពីខែមេសាកន្លងទៅនេះ នាវាទាហានជើងទឹកអូស្ត្រាលីបានប្រឈមជាមួយនឹងកប៉ាល់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
លោក Trung Nguyen ព្រឹទ្ធបុរសផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រទីក្រុងហូជីមិញ បាននិយាយថា៖ «ខ្ញុំគិតថា រឿងមីស៊ីលនេះគឺពាក់ព័ន្ធនឹងបណ្ដាប្រទេសផ្សេងទៀតផងដែរ ដូចជាអូស្ត្រាលី និងជប៉ុនជាដើម ដោយហេតុថា សេរីភាពនៃការធ្វើនាវាចរណ៍របស់ប្រទេសទាំងនេះនឹងជួបគ្រោះថ្នាក់ នៅពេលដែលប្រទេសចិនអាចដំឡើងមីស៊ីលទំនើបជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង»។
ការតាមដានមើលការដំឡើងមីស៊ីលរបស់ចិន
ប្រទេសចិនបានសាងសង់កន្លែងដាក់មីស៊ីលនៅលើកោះនានានៅក្នុងសមុទ្រចិនខាងត្បូងតាំងពីដើមឆ្នាំ ២០១៧ មកម្ល៉េះ ប៉ុន្តែ ការដំឡើងមីស៊ីលកាលពីខែមេសាកន្លងទៅនេះ «គឺជាការដំឡើងដែលមានការបញ្ជាក់អះអាងច្បាស់លាស់ដំបូងបង្អស់នៃមីស៊ីលដូចនេះនៅលើកោះនានា»។ នេះបើតាមការបញ្ជាក់នៅលើវិបសាយរបស់កម្មវិធីគំនិតផ្ដួចផ្ដើមតម្លាភាពដែនសមុទ្រអាស៊ីនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ CSIS ដែលជាអង្គការសិក្សាស្រាវជ្រាវគោលនយោបាយមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។
កងយោធាចិនប្រហែលជាបានបញ្ជូនមីស៊ីលចូលទៅកាន់កន្លែងដាក់មីស៊ីលទាំងនោះ បន្ទាប់ពីការធ្វើសមយុទ្ធបានបញ្ចប់ទៅ។ នេះបើតាមការបញ្ជាក់របស់លោក Gregory Poling ប្រធានកម្មវិធីគំនិតផ្ដួចផ្ដើមតម្លាភាពដែនសមុទ្រអាស៊ីនៃវិទ្យាស្ថាន CSIS នេះ។
ប្រទេសចិនក៏បានដំឡើងឧបករណ៍យោធាផ្សេងទៀតផងដែរនៅក្នុងប្រជុំកោះ Spratly ដែលគ្មានមនុស្សរស់នៅនេះ។ កម្មវិធីគំនិតផ្ដួចផ្ដើមតម្លាភាពដែនសមុទ្រអាស៊ីនៃវិទ្យាស្ថាន CSIS បានបញ្ជាក់ថា ប្រទេសចិនធ្វើប្រតិបត្តិការឧបករណ៍រ៉ាដារបស់ខ្លួននៅលើកូនកោះតូចៗចំនួន ៣ ដែលនោះគឺថ្មប៉ប្រះទឹក Fiery Cross ថ្មប៉ប្រះទឹក Mischief និងថ្មប៉ប្រះទឹក Subi។ កម្មវិធីរបស់អង្គការ CSIS នេះបានបន្ថែមទៀតថា នាពេលកន្លងមក យន្តហោះចម្បាំងរបស់ចិនបានចុះចតនៅលើកូនកោះទាំង ៣ នេះ។
ការរារាំងសហរដ្ឋអាមេរិក
អ្នកវិភាគនានាបានរំពឹងថា ប្រទេសចិននឹងមិនបាញ់មីស៊ីលដើម្បីបង្កជាការបំផ្លិចបំផ្លាញណាមួយនោះទេ។ ប៉ុន្តែ អ្នកសិក្សាស្រាវជ្រាវនានាបានបញ្ជាក់ថា ប្រទេសចិនអាចប្រើមីស៊ីលទាំងនោះដើម្បីរារាំងសេរីភាពនៃការធ្វើនាវាចរណ៍របស់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹង «ពិចារណា ៣ ដង» អំពីការធ្វើនាវាចរណ៍របស់ខ្លួននាពេលបច្ចុប្បន្ននេះ។ នេះបើតាមការបញ្ជាក់របស់លោក Alexander Huang សាស្ត្រាចារ្យផ្នែកសិក្សាយុទ្ធសាស្ត្រនៃសាកលវិទ្យាល័យ Tamkang នៅកោះតៃវ៉ាន់។
លោក Alexander Huang បាននិយាយយ៉ាងដូច្នេះថា៖ «វាគ្រាន់តែជាការដំឡើងតែប៉ុណ្ណោះ មិនមែនជាការបាញ់ប្រហារដោយមីស៊ីលនោះទេ។ ដូច្នេះ រដ្ឋាភិបាលចិនបានបញ្ជូនសញ្ញានយោបាយ ក៏ដូចជាសញ្ញាយោធាមួយទៅឲ្យកងទាហានជើងទឹកទី ៧ (Seventh Fleet) របស់សហរដ្ឋអាមេរិក និងទៅឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏ដូចជាទៅឲ្យសមាជិកសភាអាមេរិកផងដែរ ដែលសញ្ញានោះចង់បញ្ជាក់ថា សមុទ្រចិនខាងត្បូងមានមហាអំណាចដែលមានឥទ្ធិពលយ៉ាងតិចពីរ ហើយប្រទេសចិនគឺជាមហាអំណាចមួយក្នុងចំណោមនោះ»។
កងទាហានជើងទឹកទី ៧ របស់សហរដ្ឋអាមេរិកនេះមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។
ប្រទេសចិនអាចបាញ់មីស៊ីលជា «និមិត្តរូប» ប្រសិនបើនាវាទាហានជើងទឹករបស់សហរដ្ឋអាមេរិកធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងម្ដងទៀត។ នេះបើតាមការបញ្ជាក់របស់លោក Alan Chong សាស្ត្រាចារ្យនៃមហាវិទ្យាល័យសិក្សាកិច្ចការអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៅក្នុងប្រទេសសិង្ហបុរី។
លោក Alan Chong បានបន្ថែមថា សកម្មភាពរបស់ចិនដូចនេះក៏អាចធ្វើឲ្យប្រទេសជប៉ុនពិចារណាផងដែរ។
លោក Alan Chong បាននិយាយយ៉ាងដូច្នេះថា៖ «ប្រហែលជាអាចមានការប៉ះទង្គិចគ្នាបន្តិចបន្តួច ដោយហេតុថា ប្រសិនបើនាវាចម្បាំងសហរដ្ឋអាមេរិកធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ក្នុងនាមជានិមិត្តរូបទៅកាន់សមុទ្រចិនខាងត្បូង នោះប្រធានាធិបតីចិនលោក Xi Jinping ប្រាកដជារងសម្ពាធជាមិនខាន ហើយលោក Xi Jinping ប្រហែលជានិយាយថា លោកចង់ការពារប្រទេសជាតិរបស់លោក ដូច្នេះលោកត្រូវបាញ់មីស៊ីលសំដៅនាវាចម្បាំងរបស់សហរដ្ឋអាមេរិកនោះ»។
ប្រទេសចិនប្រហែលជាប្រើមីស៊ីលនេះដើម្បី «រារាំង» ដល់ការធ្វើនាវាចរណ៍របស់ប្រទេសណាមួយផ្សេងទៀត។ នេះបើតាមការបញ្ជាក់របស់លោក Trung Nguyen នៃសាកលវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រទីក្រុងហូជីមិញ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការ «សេរីភាពនៃការធ្វើនាវាចរណ៍» ៦ ដងរួចមកហើយ តាំងពីលោកប្រធានាធិបតី Donald Trump បានចូលកាន់តំណែងកាលពីឆ្នាំ ២០១៧ មក។
ការតាមដានហ្មត់ចត់
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់ បានទាមទារកាន់កាប់ទាំងស្រុង ឬក៏មួយផ្នែកនៃសមុទ្រចិនខាងត្បូង។ ការទាមទាររបស់ប្រទេសទាំងនេះជាន់គ្នាជាមួយនឹងការទាមទាររបស់ចិន។ ភាគច្រើននៃបណ្ដាប្រទេសទាំងនេះសម្លឹងឃើញធនធានមច្ឆា ក៏ដូចជាប្រេង និងឧស្ម័នធម្មជាតិផងដែរនៅក្នុងសមុទ្រនេះ។
ប្រទេសវៀតណាមបានតវ៉ាជាមួយនឹងប្រទេសចិនកាលពីថ្ងៃទី ៨ ខែឧសភាកន្លងទៅនេះ និងបានទាមទារឲ្យចិនដកមីស៊ីលចេញពីសមុទ្រចិនខាងត្បូង។ ចំណែកឯប្រទេសហ្វីលីពីនវិញកំពុងស្ទាបស្ទង់មើលថាតើគួរតែធ្វើការតវ៉ា ឬក៏យ៉ាងណានោះ។
គ្រាប់មីស៊ីលនេះអាចបង្កជាគ្រោះថ្នាក់«រយៈពេលវែង»ចំពោះផលប្រយោជន៍របស់ប្រទេសវៀតណាមនៅក្នុងសមុទ្រចិនខាងត្បូង ជាពិសេសវាលយន្តហោះរបស់វៀតណាមដែលនៅក្បែរនោះ។
ប៉ុន្តែ ប្រទេសក្បែរខាងប្រទេសចិននានានឹងប្រហែលជាធ្វើការផ្លាស់ប្ដូរទស្សនៈរបស់ពួកគេតិចតួចប៉ុណ្ណោះចំពោះមីស៊ីលទាំងនេះ។ នេះបើតាមការបញ្ជាក់របស់លោក Jonathan Spangler ប្រធានអង្គការស្រាវជ្រាវកិច្ចការសមុទ្រចិនខាងត្បូង (South China Sea Think Tank) នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់។
លោក Jonathan Spangler យល់ឃើញថា គ្មានការគំរាមកំហែងណាមួយចំពោះការធ្វើនាវាចរណ៍នោះទេ ហើយលោកកត់សម្គាល់ឃើញថា ជារឿយៗ ប្រទេសចិនបានធ្វើនាវាចរណ៍នាវាល្បាតសមុទ្ររបស់ខ្លួននៅពាសពេញផ្ទៃសមុទ្រចិនខាងត្បូងទាំងអស់។
លោកបានបន្ថែមទៀតថា មីស៊ីលទាំងនេះបង្ហាញឲ្យឃើញពី «ដំណើរវិវឌ្ឍទៅមុខយឺតៗ» ផ្នែកយោធា ដែលមានគោលបំណងបញ្ឈប់ការឈ្លានពានណាមួយលើកូនកោះទាំងឡាយណាដែលកាន់កាប់ដោយប្រទេសចិន៕
ប្រែសម្រួលដោយ ភី សុភាដា