ប្រទេសចិនបានបញ្ជាក់ថា សារធាតុ sodium cyanide ដែលជាសារធាតុគីមីពុលមួយត្រូវបានស្តុកទុកក្នុងឃ្លាំង ដែលបានត្រូវបំផ្លិចបំផ្លាញដោយការផ្ទុះដ៏ធំធេងនៅក្នុងក្រុងកំពង់ផែ Tianjin។
លោក Shi Luze ប្រធាននាយអគ្គសេនាធិកានៃកងទ័ពរំដោះរបស់ប្រជាជនចិនក្នុងតំបន់យោធាក្រុងប៉េកាំងបាននិយាយនៅថ្ងៃអាទិត្យនេះថា សារធាតុគីមីដ៏ប្រល័យនេះចំនួនជាង១០០តោនត្រូវបានស្តុកទុកនៅក្នុងកន្លែងចំនួនពីរនៅខាងក្នុងកន្លែងផ្ទុះ។
ក្រុមមន្ត្រីចិនក៏បាននិយាយនៅថ្ងៃអាទិត្យនេះផងដែរថា ចំនួនមនុស្សស្លាប់ពីការផ្ទុះទាំងនោះបានកើនឡើងដល់ ១១២នាក់ហើយ។ បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសចិនបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មានអ្នកពន្លត់អគ្គីភ័យ ២១នាក់ឋិតនៅក្នុងចំណោមក្រុមជនបាត់បង់ជីវិត។ មានមនុស្សជិត១០០នាក់ទៀតនៅបាត់ខ្លួននៅឡើយដោយមានរួមបញ្ចូលអ្នកពន្លត់អគ្គីភ័យ៨៥នាក់ផងដែរ។
អាជ្ញាធរចិនបានបញ្ជាឲ្យមានការជម្លៀសជាចាំបាច់នៅជិតកន្លែង ដែលបានបំផ្លាញសង្កាត់ឧស្សាហកម្មមួយក្នុងក្រុងនោះនាប៉ែកឦសាននៃប្រទេសចិន៕