រដ្ឋសភាប្រទេសចិនបានអនុម័តច្បាប់សន្តិសុខជាតិដ៏ប្រទាំងប្រទើសមួយសម្រាប់ទីក្រុងហុងកុង ដែលសហរដ្ឋអាមេរិក និងសកម្មជនទាមទារប្រជាធិបតេយ្យនានាជឿថា នឹងច្រោះយកសេរីភាពរបស់ទីក្រុងហុងកុងបន្ថែមទៀត។
ច្បាប់ថ្មី ដែលបានអនុម័តនៅថ្ងៃអង្គារនេះដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាចិននេះ ស្នើឲ្យរដ្ឋាភិបាលកណ្ដាលនៅក្នុងទីក្រុងប៉េកាំងបង្កើតការិយាល័យសន្តិសុខជាតិមួយនៅក្នុងទីក្រុងហុងកុង ក្នុងគោលបំណងទប់ទល់នឹងសកម្មភាពផ្ដួលរំលំរដ្ឋអំណាច អំពើភេរវកម្ម ការផ្ដាច់ខ្លួន និងការឃុបឃិតជាមួយនឹងកងកម្លាំងបរទេស។ ចំណុចលម្អិតពិតប្រាកដនៃច្បាប់ថ្មីនេះមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយទេ។
ច្បាប់ថ្មីនេះបំពេញបន្ថែមទៅនឹងកិច្ចប្រឹងប្រែងខ្លាំងក្លារបស់លោកប្រធានាធិបតី Xi Jinping នៅក្នុងការរឹតបន្ដឹងការគ្រប់គ្រងលើទីក្រុងហុងកុងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការរឹតបន្ដឹងនេះកន្លងមកនេះបានបណ្ដាលឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវទាមទារឲ្យទីក្រុងហុងកុងមានសេរីភាពប្រសើរជាងមុន។
ការអនុម័តច្បាប់របស់រដ្ឋសភាចិននេះគឺធ្វើឡើងដោយមិនបានឆ្លងកាត់រដ្ឋសភារបស់ទីក្រុងហុងកុង។ រដ្ឋសភាហុងកុងមានសិទ្ធិអនុម័តច្បាប់សន្តិសុខណាមួយបាននៅក្រោមរដ្ឋធម្មនុញ្ញរបស់ទីក្រុង។ កន្លងមក សមាជិកសភាទីក្រុងហុងកុងបានរងសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំងឲ្យអនុម័តច្បាប់សន្តិសុខជាតិ ប៉ុន្តែត្រូវបានរងការតវ៉ាខ្លាំងក្លា។
ច្បាប់ថ្មីនេះត្រូវបានអនុម័តមួយថ្ងៃមុនខួបមកដល់នៃការណ៍ដែលចក្រភពអង់គ្លេសប្រគល់ទីក្រុងហុងកុងឲ្យប្រទេសចិនកាលពីឆ្នាំ ១៩៩៧ ក្រោមគោលការណ៍ប្រទេសមួយប្រព័ន្ធពីរ។ អាជ្ញាធរទីក្រុងហុងកុងបានហាមឃាត់ការជួបជុំប្រចាំឆ្នាំដើម្បីប្រារព្ធខួបនេះ ដោយលើកឡើងពីហេតុផងនៃការខ្លាចឆ្លងរាលដាលជំងឺកូវីដ១៩។
រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចាត់វិធានការមួយចំនួន បន្ទាប់ពីប្រទេសចិនបានប្រកាសអំពីបំណងរបស់ខ្លួននៅក្នុងការអនុម័តច្បាប់នេះកាលពីខែឧសភា។
កាលពីដើមខែនេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាសថា សហរដ្ឋអាមេរិកលែងចាត់ទុកទីក្រុងហុងកុងថាមានស្វ័យភាពពីប្រទេសចិនហើយ ហើយកាលពីថ្ងៃច័ន្ទម្សិលមិញ បានបញ្ចប់ការនាំចេញឧបករណ៍យោធា និងបច្ចេកវិទ្យាគោលបំណងពីរដែលមានប្រភពពីសហរដ្ឋអាមេរិកទៅកាន់ទីក្រុងហុងកុង ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខជាតិ៕