មេដឹក​នាំ​ចិន​ជួប​ជាមួយ​គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង

លោក Steven Mnuchin (ទី២​ពីឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ខណៈ​ដែល​លោក​ Robert Lighthizer និង​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន Liu He កំពុង​ឈរ​មើល​នៅ​សាល​ប្រជាជនចិន ក្នុង​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៩។

ប្រធានា​ធិបតី​ចិន​លោក ​ស៊ី ​ជីងពីង ​បាន​ជួប​ជាមួយ​សមាជិក​គណៈ​ប្រតិភូ​ពា​ណិជ្ជកម្ម​ សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ក្នុង​រដ្ឋ​ធានី​ប៉េកាំង​ ដែល​ជាទី​កន្លែង​ចិន​និង​សហ រដ្ឋ​អាមេរិកកំពុង​ប៉ុន​ប៉ង​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម។

លោក​ Steve Mnuchin​ រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ចុះ​ផ្សាយ​នៅ​លើ​ប្រព័ន្ធ​ Twitter​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​និងលោក​ Robert Lighthizer​ តំណាង​ពាណិជ្ជ​កម្ម​សហរដ្ឋ​អាមេរិក​មាន​ជំនួប​ប្រកប​ដោយ​ផ្លែ​ផ្កា​ជាមួយ​លោក​ Liu He​ ឧប​នាយករដ្ឋ​មន្រ្តី​ចិន។

មាន​សេចក្តី​រាយការណ៍​ថា ​ការ​ចរចា​ពាណិជ្ជកម្ម ​នឹង​បន្ត​នៅ​សប្តាហ៍​ក្រោយ​នៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន ​ក៏ប៉ុន្តែ ​សេចក្តី​រាយការណ៍​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​ធ្វើ​ការ​បញ្ជាក់​ទេ។

កាល​ពី​ដំបូង ​ទី​ប្រឹក្សា​សេដ្ឋ​កិច្ច​កំពូល​របស់​សេតវិមាន​បាន​សម្តែង​នូវ​ទំនុក​ចិត្ត​នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ លោក ​Larry Kudlow​ នាយក​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​នៅឯ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា​ «បរិយាកាស​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​មាន​សភាព​ល្អ»។

លោក​ Kudlow ​បាន​ផ្តល់​សេចក្តី​លម្អិត​បន្តិច​បន្តួច ក៏ប៉ុន្តែ​បាន​និយាយ​បន្ត​ទៀត​ថា ​គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក ​Lighthizer​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​គួរឲ្យ​កត់​សម្គាល់។

ពួក​អ្នក​ចរចា​កំពុង​ធ្វើការ​ដើម្បី​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​កំណត់​ថ្ងៃ​ទី១ ​ខែមីនា ​ដើម្បី​បញ្ចៀស​ការ​ដំឡើង​ពន្ធគយ​របស់​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​មាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ពី​១០​ទៅ​២៥​ភាគរយ។​ លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​និយាយនៅ​ដើម​សប្តាហ៍​នេះ​ថា ​ប្រសិន​បើ ​ការ​ចរចា​ឃើញ​មាន​សញ្ញា​ជឿន​លឿន ​ពេល​កំណត់​នេះ​អាច​ត្រូវ​លើក៕