សាស្ត្រាចារ្យ​ច្បាប់​ចិន​ដែល​គេ​បញ្ឈប់​​ពី​ការងារ​ដោយសារ​ការ​បញ្ចេញ​មតិ​ទទួល​បាន​ការងារ​ថ្មី​នៅ​សាកលវិទ្យាល័យ ​Harvard

សាស្រ្តា​ចារ្យ​ច្បាប់​ លោក​ Xu Zhangrun ត្រូវ​បានគេ​បញ្ឈប់ការងារ​ដោយ​ហេតុផល​ «បង្កការ​ខូតខាត​សីលធម៌​សង្គម» និង​បាន​បោះ​ពុម្ពផ្សាយ​អត្ថបទ​រិះគន់​មាក់​ងាយ​គណបក្ស​កុម្មុនីស្ត​ចិន។

អ្នក​សិក្សាស្រាវ​ជ្រាវ​ផ្នែកច្បាប់​ជនជាតិ​ចិន​ដែល​ជា​អ្នក​រិះគន់​ឥត​សំចៃមាត់​ លោក​ Xu Zhangrun បាន​ទទួល​ការ​អញ្ជើញ​ពី​សាកលវិទ្យាល័យ Harvard​ ឱ្យ​ក្លាយ​ជាអ្នក​សិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ Fairbank សម្រាប់​ការ​សិក្សា​អំពី​ប្រទេស​ចិនដែល​ហៅ​កាត់​ថា FCCS របស់​សាកលវិទ្យាល័យ​អាមេរិក​នេះ គឺប៉ន្មាន​សប្តាហ៍​បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​បញ្ឈប់​ពី​កន្លែង​ធ្វើ​ការ​ចាស់​នៅ​សាកល​វិទ្យាល័យ​ Tsinghua ក្នុង​ទី​ក្រុង​ប៉េកាំង ដោយសារ​តែលោក​បាន​សរសេរ​អត្ថបទ​រិះគន់ប្រធានាធិបតីចិន​លោក Xi Jinping។

យោង​តាម​មិត្តភក្តិ​របស់​លោក​ លោកXu បាន​ទទួល​ការ​អញ្ជើញ​ក្រៅផ្លូវការ​ពី​សាកលវិទ្យាល័យ​ Harvardកាលពី​ថ្ងៃ​ទី៧​ ខែ​សីហា​ ហើយ​កាល​ពី​ថ្ងៃ​ទី១៣​ ខែសីហា​ លោក​ក៏បាន​ទទួល​ការ​អញ្ជើញ​ជា​ផ្លូវការ​ពី​មជ្ឈមណ្ឌល FCCS ឱ្យ​ក្លាយ​ជា​អ្នក​ស្រាវជ្រាវ​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១។

លោក​ James Evans មន្រ្តី​ទំនាក់​ទំនង​នៃ​មជ្ឈមណ្ឌល​ FCCS ដែល​បាន​ប្រាប់​វីអូអេ​ជា​ភាសា​ចិន​កុកងឺ​តាម​សារអ៊ីមែល​ថា៖ «យើង​សូម​សម្តែង​ការ​គោរព​ចំពោះ​កិច្ចការ​សិក្សាធិការ​របស់​លោក​សាស្រ្តាចារ្យXu ។ យើង​គិត​ថា​នេះ​ វា​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​បង្ហាញ​ការគាំទ្រ​ដល់​រូបលោក​ ដោយសារ​តែ​ព្រឹត្តិ​ការណ៍​វិវត្តន៍​ថ្មី​កន្លង​មកនេះៗ​ អីចឹង​ហើយ​យើង​ក៏​អញ្ជើញ​លោក​ឱ្យ​ចូល​រួម​ការងារ​ជា​មួយ​យើង​ខ្ញុំ»។

លោក​ Evans បាន​បន្ថែម​ថា៖​ «បើ​ទោះ​ជាមុខ​តំណែង​អ្នកស្រាវជ្រាវ​នេះ គឺ​ជា​តំណែងដែល​ជា​ធម្មតាអ្នក​សិក្សា​ស្រាវជ្រាវ​ខ្លួន​ឯង​ជា​អ្នក​ដាក់​ពាក្យ​សុំ​ក៏ដោយ​ ក៏​មជ្ឈមណ្ឌល​យើង​យល់​ថា តំណែង​នេះ​អាច​នឹង​ក្លាយ​ជា​កាយវិការ​គាំទ្រ​ដ៏​មាន​ប្រសិទ្ធិភាព​ដល់​លោក​សាស្រ្តាចារ្យ​ Xu ក្នុង​កាលៈទេសៈ​ត្រឹមត្រូវ​ទាន់​ពេល​មួយ»។

លោក​ Xu បាន​ផ្ញើសារ​ត្រឡប់​ទៅ​មជ្ឈមណ្ឌល​ FCCS នៅ​ថ្ងៃពុធទី​១៩​ ខែ​សីហា ដោយ​បាន​ថ្លែង​អំណរគុណ​ចំពោះ​មជ្ឈមណ្ឌល​នេះ​ ដែល​បាន​ផ្តល់​ឱកាស​នេះ​ជូន​លោក និង​បាន​និយាយ​ថា៖​ «វា​គឺ​ជា​ការ​ផ្តល់​តំណែង​ដ៏​សំខាន់​មួយនិង​ឆ្លើយ​តប​ទៅ​នឹង​ចំណង់ចំណូល​ចិត្ត​(ស្រាវជ្រាវ)​របស់ខ្ញុំ»។

ប៉ុន្មាន​ថ្ងៃ​មុន​នោះ លោក​ Xu បាន​ទទួល​លិខិត​បញ្ឈប់ពី​ការងារ​លោក​ពី​អតីត​កន្លែង​ធ្វើការរបស់​លោក​ គឺ​សាកល​វិទ្យាល័យ​ Tsinghua ដ៏​ល្បី​របស់​ចិន​ គឺ​លោក​ត្រូវបាន​គេ​បញ្ឈប់​កិច្ច​សន្យា​ការងារ​ជា​ស្ថាពរ​តែ​ម្តង។ បន្ថែម​លើ​ការ​រង​ផល​ប៉ះពាល់​ពីការសរសេរ​អត្ថបទ​រិះគន់​នេះ​ដែរ​ លោកXu ធ្លាប់​ត្រូវ​បាន​គេចាប់​ឃុំខ្លួន​អស់រយៈ​ពេល១​សប្តាហ៍​កាលពី​ដើមខែ​កក្កដា​ ពី​បទ​ល្បួង​នារី​ពេស្យា​រួម​ភេទ​នៅ​ក្នុង​ទីក្រុង​ Chengdu នៅ​ភាគ​និរតីប្រទេស កាល​ពីឆ្នាំ​មុន​ ប៉ុន្តែ​លោក​បាន​បដិសេធ​ការចោទ​ប្រកាន់​នេះ។

លោក​ Xu ដែល​ត្រូវ​បាន​គេ​ហាម​ឃាត់មិន​ឲ្យចាកចេញ​ពី​ប្រទេស​ចិន​ ធ្លាប់​បាន​បង្រៀន​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ Tsinghua​ អស់​រយៈពេល​ជាង​២​ទសវត្ស​មក​ហើយ។ តាម​រយៈ​អត្ថបទ​នានា​ដែល​លោក​បាន​បោះ​ពុម្ពផ្សាយ​ជា​ហូរហែ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ លោក​ Xu បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​លើ​លោក​ប្រធានាធិបតី​ Xi ដោយ​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​ថា​ កំពុង​ដឹកនាំ​ប្រទេស​ឆ្ពោះ​ទៅរក​របប​ផ្តាច់ការ​ចាប់តាំង​ពី​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១២​ និង​បាន​ស្តី​បន្ទោស​លោក​ប្រធានាធិបតី​ដែលដឹក​នាំ​ប្រទេស​ចិន​ឱ្យ​មាន​ការ​ដើរ​ថយ​ក្រោយ​លើ​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​ និង​វប្បធម៌។

អ្នកឃ្លាំ​មើលសង្គម​អបអរ​ដល់​សាកល​វិទ្យាល័យ​ Harvard

លោក​សាស្ត្រា​ចារ្យ​ Jerome Cohen ស្ថាបនិក​នៃ​វិទ្យាស្ថាន​ច្បាប់​ស.រ.អា.​-អាស៊ី​ (US-Asia Law) នៃ​សាកល​វិទ្យាល័យ​ New York ចាត់​ទុកការ​អញ្ជើញ​របស់​សាកលវិទ្យាល័យ​ Harvard ចំពោះលោក Xu ថា​ជា​ «កាយ​វិការ​ដ៏ប្រសើរ​បំផុត» ដែល​អាច​ចោទ​ជា​សំណួរ​ចំពោះ​ស្ថាប័ន​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​ថា​តើពួកគេ​គួរ​បន្ថែម​ការ​អញ្ជើញ​បែប​នេះ​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ចិន​ផ្សេងៗ​ទៀត​ដែរ​ ឬ​យ៉ាង​ណា?

លោក​ Cohen ថ្លែង​ប្រាប់​ក្រុម​ផ្សាយវីអូអេ​ជា​ភាសា​ចិន​ថា៖ «ពី​មុន​ខ្ញុំ​ធ្លាប់​គិត​ថា​ ខ្ញុំគួរ​តែ​កម្រិត​ទំនាក់ទំនង​ខ្ញុំ​ជាមួយ​សកម្មជន​សិទ្ធិមនុស្ស​ចិនល្បីៗ​នៅ​ប្រទេស​ចិន ដោយ​សារតែ​ខ្ញុំគិត​ថា វា​អាច​បង្ក​ជា​បញ្ហា​បន្ថែមដល់ពួក​គេ»។

សាស្ត្រាចារ្យ Cohen បន្ថែម​ថា៖ «ប៉ុន្តែពេល​នេះ​ខ្ញុំយល់​ហើយ​ ប្រហែល​ជាយើង​ត្រូវ​ជ្រើសរើស​ផ្លូវ​ផ្ទុយ​ពីគំនិត​បែប​នោះ​វិញ យើង​នឹង​ត្រូវ​អញ្ជើញ​ជនជាតិ​ចិន​ល្បីៗ​ដែល​រង​ការ​ជិះជាន់​ ឬ​រឹត​បន្តឹង​លើ​សកម្មភាព​នានា​របស់​ពួកគេ​មក​រួម​ធ្វើ​ការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​ពួក​យើង។ ខ្ញុំ​យល់​ពី​អ្វី​ដែល​កើត​ឡើង​ចំពោះលោក​សាស្រ្តាចារ្យXu ។ គាត់(ឥឡូវ​នេះ)​អាចសរសេរ​អត្ថបទ​បរិយាយ​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​និង​អស្ចារ្យ​បំផុត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងសាកលវិទ្យា​ល័យ​ Harvard ដែល​បាន​ផ្តល់​កិត្តិយស​ជូន​គាត់។ វាជា​ការផ្តល់​ថាមពល​កម្លាំង​ចិត្ត​មួយ។ វា​ក៏​ជា​ការ​ផ្តល់​ឱ្យ​គាត់​នូវកម្លាំង​និង​ជំហាន​ខ្លាំងក្លា​ជាង​មុន​ក្នុង​ការតស៊ូ​ប្រឆាំង​នឹងការ​ជិះ​ជាន់​ដែរ»។

អ្នក​វិទ្យា​សាស្រ្ត​នយោបាយ​ លោក​ Joseph Fewsmith នៃ​សាកល​វិទ្យាល័យ​ Boston និង​ក៏ជា​សមាជិក​អ្នកសិក្សា​ស្រាវជ្រាវ​នៃមជ្ឈមណ្ឌល​ Fairbank សម្រាប់​ការ​សិក្សា​អំពី​ប្រទេស​ចិន​របស់​សាកលវិទ្យាល័យ Harvard បាន​ប្រាប់​វីអូអេ​ថា​ មជ្ឈមណ្ឌល ​FCCS មាន​ប្រវត្តិ​ផ្តល់​ជា​ជម្រក​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​នានា​ដែល​រង​ការ​ជិះជាន់​ ហើយ​រូប​លោក​ សូម​ស្វាគមន៍​ការមក​ដល់​របស់​លោក​សាស្រ្តា​ចារ្យXu ។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ច្បាប់​របស់​ចិន​ លោក​ Yu Ping បាន​និយាយ​ថា ​កាយវិការ​បែប​នេះនឹង​បង្ហាញ​ទំនាក់ទំនង​រវាង​សាកល​វិទ្យាល័យ​ Harvard និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ថា​កំពុង​វិវត្ត​ប្រែ​ប្រួល​ផងដែរ​។

លោក​ Ping បាន​ប្រាប់​វីអូអេ​ថា៖ «ការណ៍​ដែល​ពួកគេ (Harvard) ​បាន​ក្រោក​ប្រឆាំង​នឹង​គណបក្ស​កុម្មុយនីស្ត​ចិន​ក្នុង​ស្ថានការណ៍​បែប​នេះ​ ខ្ញុំគិត​ថា​ វាជា​ការ​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​លើ​លោកXu »។ កាល​ពី​អតីត​កាល​ លោក ​Ping បាន​និយាយ​ថា​ មជ្ឈមណ្ឌល ​FCCS មាន​ភាព​ស្ទាក់ស្ទើរ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ជជែក​វែក​ញែក​នយោបាយ​នានា​ដែល​អាច​បង្ក​ភាព​ល្អក់​កករ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ ហើយ​លោក​ថា ការ​គាំទ្រ​របស់ ​សារធារណ​មតិ​ចំពោះលោក Xu ​បង្ហាញ​យ៉ាង​ច្បាស់​ថា ​មានការ​ «ផ្លាស់​ប្តូរឥរិយាបទ​(សង្គម)»។

ប៉ុន្តែ​លោក​ Lu Nan អ្នក​អត្ថាធិប្បាយ​ផ្នែក​នយោបាយ​មាន​មូលដ្ឋាន​នៅស.រ.អា.​ និង​ក៏​ជា​មិត្ត​ភក្តិ​របស់​លោក Xu និយាយ​ថា អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំង​នឹង​មិន​អនុញ្ញាត​ឱ្យ​លោក​ Xu ចាកចេញ​ពី​ប្រទេស​ចិន​ឡើយ។

លោក​ Lu បាន​ប្រាប់​វីអូអេ​ថា៖ «ខ្ញុំ​ប្រាកដ​១០០​ភាគរយ​ថា​ សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ​របស់​លោក Xu ត្រូវ​បាន​គេរឹត​បន្តឹង។ លោក​ Xu ក៏​ដឹង​ខ្លួន​ដូច្នេះ​ដែរ​ ថា (រូបកាយ)​គាត់​មិន​អាច​ចាកចេញ​ពី​ប្រទេស​ចិន​ឡើយ»។

ថ្មីៗ​នេះ​ អ្នក​សិក្សាស្រាវជ្រាវសេរីនិយមជា​ច្រើនរូប​ត្រូវ​បាន​ហាម​ឃាត់មិន​ឲ្យ​ចាកចេញ​ពីប្រទេស​ចិន។ ក្នុង​ឆ្នាំ​២០១៨​ លោក​ Hong Sheng នាយក​នៃក្រុម​ប្រឹក្សាសេរីនិយម​នៃវិទ្យាសាស្រ្ត​សេដ្ឋកិច្ច Unirule​ ត្រូវ​បាន​អាជ្ញាធរ​នៅ​ព្រលាន​យន្តហោះ​ថា រូប​លោក​មិនត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​ប្រទេស​ចិន​ទៅ​ចូលរួម​សន្និសីទ​ស្តី​ពី​កំណែ​ទម្រង់​សេដ្ឋកិច្ច​ចិន​នៅ​ស.រ.អា.​ឡើយ។ ការ​ហាមឃាត់​រូប​គាត់​គឺ​ដោយ​សារហេតុ​ផល​ថា ការ​ធ្វើដំណើរ​នេះ«បង្ក​ការគំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​ចិន»។

លោក​ Luបាន​បន្ថែម​ថា លោក​រំពឹងគិត​ថា​ លោក Xu នឹង​មិន​ព្រម​ចុះចាញ់​អាជ្ញាធរទេ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ទប់ទល់​នឹង​ការធ្វើ​ទុក​បុក​ម្នេញនានា​ជា​បន្តបន្ទាប់​៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​