រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងនៅក្នុងសប្ដាហ៍នេះ ក្រោយពីជំនួបជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In បានបញ្ចប់រួចមក។
រដ្ឋាភិបាលចិនបានបញ្ជាក់ថា លោក Wang Yi នឹងធ្វើទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងជើងពីថ្ងៃទី ២ ដល់ថ្ងៃទី ៣ ខែឧសភាខាងមុខនេះ តបតាមការអញ្ជើញរបស់សមភាគីកូរ៉េខាងជើងរបស់លោក។ សេចក្ដីប្រកាសសង្ខេបមួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ មិនបានបញ្ជាក់អំពីព័ត៌មានលម្អិតណាមួយអំពីគោលបំណងនៃជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនោះទេ។
កាលពីថ្ងៃអាទិត្យម្សិលមិញ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយចំនួនបាននិយាយថា លោក Kim Jong Un មានគម្រោងអញ្ជើញអ្នកជំនាញ និងអ្នកសារព័ត៌មានពីប្រទេសកូរ៉េខាងត្បូង និងពីសហរដ្ឋអាមេរិក ឲ្យមកមើលនៅពេលដែលកូរ៉េខាងជើងបិទកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួននៅក្នុងខែឧសភាខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ទីភ្នាក់ងារព័ត៌មាន ABC News ថា លទ្ធផលល្អបំផុតដែលអាចទៅរួចសម្រាប់ជំនួបដែលគ្រោងនឹងធ្វើឡើងរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Kim Jong Un នៅក្នុងរយៈពេល ៣ ទៅ ៤ សប្ដាហ៍ខាងមុខនេះ គឺថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវតែដោះលែងពលរដ្ឋអាមេរិកាំង ៣ រូប ដែលខ្លួនកំពុងដាក់ឃុំ និងយល់ព្រមបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដោយ «មិនអាចកែប្រែបាន» និង «អាចផ្ទៀងផ្ទាត់បាន»។
លោក Pompeo មិនបានធ្វើការសន្យាណាមួយលើការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចចំពោះប្រទេសកូរ៉េខាងជើង នៅមុនជំនួបរវាងលោក Trump និងលោក Kim Jong Un ចូលមកដល់នោះទេ និងថែមទាំងបានបញ្ជាក់ថា ប្រសិនបើការពិភាក្សារវាងមេដឹកនាំទាំងពីរបរាជ័យ «សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យលោក Kim Jong Un បន្តគំរាមសហរដ្ឋអាមេរិកជាបន្តទៀតនោះទេ»៕