ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកបាននិយាយថា ការចោទប្រកាន់នានាកន្លងមករបស់រដ្ឋាភិបាលអាមេរិកលើរដ្ឋាភិបាលចិន ដែលក្នុងនោះមានទាំងការចោទថាចិនជ្រៀតជ្រែកចូលការបោះឆ្នោតរបស់អាមេរិកផងដែរ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។
លោកឯកអគ្គរដ្ឋទូត Cui Tiankai បានប្រាប់ទូរទស្សន៍ Fox កាលពីថ្ងៃអាទិត្យម្សិលមិញថា៖ «គោលការណ៍ចម្បងមួយនៃគោលនយោបាយការបរទេសចិនគឺការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ។ យើងបានប្រកាន់គោលជំហរនេះជាប់រហូតមក។ យើងមានប្រវត្តិល្អណាស់លើរឿងនេះ»។
កន្លងមក ដោយមិនផ្ដល់ភស្តុតាងជាក់លាក់ណាមួយ សេតវិមានប្រធានាធិបតីអាមេរិកបានចោទប្រកាន់ប្រទេសចិនថាបានព្យាយាមធ្វើឲ្យអ្នកបោះឆ្នោតអាមេរិកាំងឈប់គាំទ្រគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកនៅខែក្រោយ។
លោក Tiankai ក៏បានបដិសេធផងដែរថា សហរដ្ឋអាមេរិក និងចិនមិនមានការពាក់ព័ន្ធណាមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ ទោះបីជាមានការយកពន្ធគយលើទំនិញគ្នាទៅវិញទៅមកក៏ដោយ។
លោកបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវតែក្រឡេកមើលលើ «ទិដ្ឋភាពទាំងស្រុង» ដោយលោកចង្អុលបង្ហាញថាតើក្រុមហ៊ុនអាមេរិករកចំណូលបានប៉ុណ្ណានៅក្នុងប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោកឯកអគ្គរដ្ឋទូតចិនរូបនេះក៏បានបដិសេធផងដែរថា ចិនមិនបានលួចកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកនោះទេ។ លោកនិយាយថា ការចោទប្រកាន់ទាំងនេះគឺ «អយុត្តិធម៌» សម្រាប់ប្រជាជនចិន។
ប៉ុន្តែទោះបីជាមានការខ្វែងគំនិតគ្នាក៏ដោយ លោក Tainkai បាននិយាយថា ប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping មាន «ការយោគយល់គ្នាទៅវិញទៅមកល្អ និងមានទំនាក់ទំនងការងារល្អជាមួយគ្នា»៕