ប្រភព៖ ក្រុមហ៊ុន​វិស័យ​ការពារជាតិ​ចិន​ធ្វើ​ប្រតិបត្តិការ​ដឹក​ប្រេង​ចេញ​ពី​វ៉េណេស៊ុយអេឡា​ដើម្បី​ទូទាត់​បំណុល​រដ្ឋ​

  • Reuters

រូប​ឯកសារ៖ នាវា​ដឹក​ប្រេង​មួយ​កំពុង​សំចត​​បូម​ប្រេង នៅ​ផែ​មួយ​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េណេស៊ុយអេឡា ​PDVSA នៅ​រដ្ឋ Anzoategui ប្រទេស​វ៉េណេស៊ុយអេឡា​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៥។

រដ្ឋាភិបាល​ចិន​បាន​ប្រើប្រាស់​ក្រុមហ៊ុន​រដ្ឋ​មួយ​ ដែល​ផ្តោត​លើ​វិស័យ​ការពារ​ជាតិ ​ឱ្យ​ដឹក​ប្រេង​រាប់លាន​បារ៉ែល​ពី​វ៉េណេស៊ុយអេឡា បើ​ទោះ​បី​មាន​ទណ្ឌកម្ម​ពី​សហ​រដ្ឋ​អាមេរិក​ក៏​ដោយ​ ជា​ផ្នែក​មួយ​នៃ​ការ​ទូទាត់​បំណុល​រាប់​ពាន់​លាន​ដុល្លារ​ ដែល​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស​ជំពាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ​នេះ​បើ​យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ដកស្រង់​ពី​ប្រភព​ចំនួន​បី​ និង​ទិន្នន័យ​តាមដាន​នាវា​ដឹកប្រេង។ ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Reuters ​បាន​រាយ​ការណ៍​ថា​ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ជាតិ​ចិន​ China National Petroleum Corp ​(CNPC) ​បាន​ឈប់​ដឹក​ប្រេង​ពីប្រទេស​វ៉េណេស៊ុយអេឡា​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៩​ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​នាំ​ចេញ​ប្រេង​ពី​តំបន់​អាមេរិក​ខាង​ត្បូង​មួយ​នេះ។ ​ប៉ុន្តែ​ក្រុមហ៊ុន​ប្រេង​ប្រទេស​នេះ​រក​វិធី​ដើម្បី​ដឹក​ជញ្ជូន​ទៅ​ចិន​តាម​រយៈ​ឈ្មួញ​នានា​ ដែល​បាន​ផ្លាស់ប្តូរ​ថា​ ​ជា​ប្រេង​របស់​ម៉ាឡេស៊ី។ ​

ប្រភព​ព័ត៌មាន​បាន​និយាយ​ថា​ ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​មក ​ ក្រុមហ៊ុន​អាកាស​ និង​ឧស្សាហកម្ម​ចិន​ China Aerospace and Industry Corp ​(CASIC) ​បាន​ដឹក​ប្រេង​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​តាម​រយៈ​នាវា​ចំនួន​បី​ដែល​ខ្លួន​ទទួល​បាន​កាល​ពី​ឆ្នាំ​នោះ​ ពី​ក្រុមហ៊ុនប្រេង​ចិន ​PetroChina ​ដែល​ចុះ​បញ្ជី​ជា​កម្ម​សិទ្ធិ​របស់​ក្រុមហ៊ុន​ CNPC។​ ប្រភព​ដដែល​បាន​បន្ត​ថា ​ប្រេង​នោះ​ត្រូវ​បាន​ផ្ទុក​នៅ​កន្លែង​ស្តុក​ប្រេង​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​កម្ម​សិទ្ធិ​ពី​ក្រុមហ៊ុន​ប្រេង​ចិន PetroChina ​ផង​ដែរ។ ​

ទិន្នន័យ​ពី​កម្មវិធី​ Eikon ​បង្ហាញ​ថា​ នាវា​ដឹក​ប្រេង​ចំនួន​បី​របស់​ក្រុមហ៊ុន​អាកាស ​និង​ឧស្សាហកម្ម​ចិន ​CASIC ​បាន​បើក​ឧបករណ៍​បង្ហាញ​វត្តមាន​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា។​ ការ​បើក​ឧបករណ៍​នេះ​អនុញ្ញាត​ឱ្យ​ភាគី​ទី​បី​អាច​តាម​ដាន​បាន។

មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ខាង​លើ​បាន​ធ្វើការ​ដឹក​ប្រេង​ចំនួន​ ១៣​លើក​ ដែល​មាន​ប្រេង​សរុប​ប្រមាណ ​២៥​លាន​បារ៉ែល​ ក្នុង​នោះ​នាវា​ចំនួន​ពីរ​នឹង​ត្រូវ​មក​ដល់​ប្រទេស​ចិន​ នៅ​ខែ​កញ្ញា។ ​នេះ​បើ​យោង​តាម​កាល​វិភាគ​នៃ​ការ​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េណេស៊ុយអេឡា ​PDVSA ​និង​ទិន្នន័យ​ពី​ក្រុមហ៊ុន ​Refinitiv ​និង ​Vortexa Analytics ដែល​តាមដាន​នាវា​ដឹក​ប្រេង។ ​

ប្រភព​ព័ត៌មាន​មួយ​បាន​និយាយ​ថា ​ការ​ដឹក​ប្រេង​ចំនួន​ ១៣ ​លើក​ដែល​មាន​តម្លៃ​ប្រមាណ​ ១.៥០០​លាន​ដុល្លារ​ចំពោះ​តម្លៃ​ប្រេង​ឆៅ​ប្រភេទ​ Merey Crude ​ដែល​ជា​ប្រភេទ​ប្រេង​ចម្បង​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​នោះ ​ត្រូវ​បាន​ប្រកាស​ថា​ ជា​«ប្រេង​ឆៅ» ​នៅ​កន្លែង​ត្រួត​ពិនិត្យ​គយ​របស់​ចិន​ ដោយ​មិន​មាន​បញ្ជាក់​ពី​ប្រភព។ ​

ប្រភព​ដដែល​នេះ​បាន​និយាយ​ថា៖ ​«ការដឹក​ប្រេង​ទាំង​បី​ជើង​នោះ​គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​តឹងរ៉ឹង​ដោយ​រដ្ឋាភិបាល​ (ចិន)​ ហើយ​ក្រុមហ៊ុន​អាកាស​ និង​ឧស្សាហកម្ម​ចិន ​CASIC​ ត្រូវ​បាន​កំណត់​ឱ្យ​ដឹក​ប្រេង​ជា​ផ្នែក​មួយ​ក្នុង​ការ​ទូទាត់​បំណុល​រដ្ឋ​ដែល​ប្រទេស​វ៉េណេស៊ុយអេឡា​ជំពាក់​ចិន»។ ​

ប្រភព​ទាំង​បី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​រឿង​នេះ​ជា​បញ្ហា​រសើប។ ​

ផ្នែក​ព័ត៌មាន​របស់​ក្រុមហ៊ុន​អាកាស​ និង​ឧស្សាហកម្ម​ចិន​ CASIC ​ ក្រសួង​ការ​បរទេស​ចិន​ និង​មន្ទីរ​រដ្ឋបាល​គយ​ចិន​មិន​បាន​ឆ្លើយ​តប​សំណើ​សុំ​ការ​អធិប្បាយ​នោះ​ទេ។​

តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ជាតិ​ចិន​ CNPC​ មួយ​រូប​ក៏​សុំ​មិន​បញ្ចេញ​យោបល់​ផង​ដែរ។ ​

ប្រភព​ទី​ពីរ​បាន​និយាយ​ថា ​បើ​ទោះ​បី​ជា​ប្រេង​នោះ​មួយ​ផ្នែក​សម្រាប់​ទូទាត់​បំណុល​ក៏​ដោយ ទំនិញ​ដទៃ​ទៀត​ ដូចជា ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ក៏​ត្រូវ​បាន​ទូទាត់​ពី​ការ​លក់​ប្រេង​ផង​ដែរ។ ​

បុគ្គល​នេះ​បាន​និយាយ​ថា៖​ «ថវិកា​ពី​ការ​លក់​នេះ​ចូល​ទៅ​ប្រទេស​ចិន។ ​ក្រសួង​ការ​បរទេស​វ៉េណេស៊ុយអេឡា​ទទួល​ខុស​ត្រូវ​លើ​ផ្នែក​សម្រប​សម្រួល ​និង​គណនេយ្យភាព»។ ​

ដោយ​មាន​ប្រេង​ប្រមាណ​ ៤ម៉ឺន​២​ពាន់​ បារ៉ែល​ក្នុង​មួយ​ថ្ងៃ ​ ​ការ​ដឹក​ប្រេង​ទាំង​នោះ​បាន​បង្កើន​ការ​នាំ​ចេញ​ប្រេង​សរុប​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ទៅ​កាន់​ចិន​ឡើង​ដល់​ប្រមាណ ​៤២​ម៉ឺន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ រវាង​ខែ​មករា​ និង​ខែ​សីហា​ ឆ្នាំ​នេះ​ គឺ​សើ្ម​នឹង​ប្រមាណ​ ៣​ភាគរយ​នៃ​បរិមាណ​ប្រេង​ដែល​ចិន​ប្រើប្រាស់។ ​នេះ​បើ​យោង​ទៅ​តាម​អ្នកស្រី ​Emma Li ​អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន ​Vortexa ​ដែល​តាមដាន​លំហូរ​នៃ​ការ​ដឹកប្រេង​នេះ។ ​

ជា​ផ្លូវ​ការ​ ចិន​មិន​បាន​រាយ​ការណ៍​ពី​ការ​នាំ​ប្រេង​ចូល​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​នោះ​ទេ​ ចាប់តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៩​មក។ ​

បំណុល​រដ្ឋ​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​គឺ​មាន​ចាប់​តាំង​ពី​ឆ្នាំ ​២០០៧ ​ក្នុង​សម័យ​ដឹកនាំ​ដោយ​អតីត​ប្រធានាធិបតី​លោក​ Hugo Chavez នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ខ្ចី​ប្រាក់​ជាង​ ៥០​ពាន់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្រោម​គម្រោង​កម្ចី​ដោះ​ដូរ​ជាមួយ​ប្រេង។​

ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​មិន​អាច​កំណត់​ពី​ទំហំ​បំណុល​ដែល​រដ្ឋ​វ៉េណេស៊ុយអេឡា​នៅ​ជំពាក់​ចិន​នោះ​ទេ។ ​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​រាយ​ការណ៍​ថា​ ក្នុង​ខែ​សីហា​ ឆ្នាំ​២០២០​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​យល់ព្រម​ពន្យារ​ពេល​ចំពោះ​ការ​សង​កម្ចី ​ចំនួន​១៩​ពាន់​លាន​ដុល្លារ ​ប៉ុន្តែ​ប្រទេស​ចិន​ និង​ប្រទេស​វ៉េណេស៊ុយអេឡា ​មិន​បាន​និយាយ​ថា​ រយៈពេល​ពន្យារ​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​ ឬ​នៅ​នោះ​ទេ។

«ច្រក​ចូល​ពិសេស»​
ចិន​ ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក​ នៅ​ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​ផ្គត់ផ្គង់​ប្រេង​ថោក​ជាង​មុន​ពី​ប្រទេស​អ៊ីរ៉ង់ ​និង​ប្រទេស​វ៉េណេស៊ុយអេឡា ​ ហើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ចិន​បាន​បង្កើន​ការ​នាំ​ចូល​កាន់​តែ​ច្រើន​ពី​រុស្ស៊ី ​ ខណៈ​ប្រទេស​នេះ​កំពុង​មាន​បញ្ហា​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។ ​

ប្រភព​ទី​មួយ​និយាយ​ថា​ ចិន​ចាត់ចែង​នាំ​ចូល​ប្រេង​ក្រោម​ប្រព័ន្ធ​កូតា​តឹងរ៉ឹង​ចំពោះ​រោងចក្រ​ចម្រាញ់​ប្រេង​ណា​ដែល​បាន​បំពេញ​លក្ខខណ្ឌ​សមស្រប។​ ប៉ុន្តែ​ការ​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​អាកាស​និង​ឧស្សាហកម្ម​ចិន​ CASIC ​គឺ​ជា​ករណី​លើកលែង​ ដែល​មិនមាន​កូតា​នោះ​ទេ។ ​

បុគ្គល​នេះ​និយាយ​ថា៖​ «ពួកគេ​ចូល​ទៅ​ប្រទេស​ចិន​ក្រោម​ច្រក​ផ្លូវ​ពិសេស​មួយ។ ​

ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េណេស៊ុយអេឡា ​PDVSA ​ក្រសួង​ប្រេង ​និង​ក្រសួង​ការ​បរទេស​វ៉េណេស៊ុយអេឡា​មិន​បាន​ឆ្លើយ​តប​សំណើ​សុំ​ការ​អធិប្បាយ​នោះ​ទេ។​

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ដែល​អនុវត្ត​ការ​ដាក់​ទណ្ឌ​កម្ម​ក៏​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ផង​ដែរ។ ​

ក្រុមហ៊ុន​អាកាស​និង​ឧស្សាហកម្ម​ចិន​ CASIC​ ដែល​បាន​ចាប់ផ្តើម​កាល​ពី​ឆ្នាំ ​១៩៥៦ ​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​វិស័យ​ការពារជាតិ​ ដែល​បង្កើត​គ្រាប់​មីស៊ីល​ដំបូង​របស់​ចិន​នោះ​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​បាន​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​វិស័យ​ការពារ​ជាតិ​លើ​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​លំហ​អាកាស។​

ប្រភព​ទី​មួយ​បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការងារ​ទទួល​បន្ទុក​ដឹក​ប្រេង ​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មាន​អំណាច​ធំធេង​ផ្នែក​នយោបាយ​ និង​មិន​មាន​ការ​លាត​ត្រដាង​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំងក្លា​នៅ​លើ​ឆាក​អន្តរជាតិ ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​មិន​ងាយ​រង​ការ​ប៉ះពាល់​ខ្លាំង​ពី​ការ​ដាក់​ទណ្ឌកម្ម។​

ចាប់​តាំង​ពី​ឆ្នាំ ​២០១៥​ មក ​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន​ប្រេង​រដ្ឋ​ធំៗ​របស់​ចិន ​រួម​មាន​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ជាតិ​ចិន​ CNPC ​និង​ក្រុមហ៊ុន Sinopec ​នៅ​ក្នុង​ផ្នែក​ផលិត​គ្រឿង​សម្ភារៈ​សម្រាប់​វិស័យ​ប្រេង​ឥន្ធនៈ ​ បច្ចេកវិទ្យា​ឌីជីថល​ និង​គម្រោង​ក្រៅ​ប្រទេស​ផ្សេងៗ។​ នេះ​បើ​យោង​ទៅ​តាម​វេបសាយ​របស់​ក្រុមហ៊ុន។​

ការ​ផ្ទេរ​នាវា​ដឹកប្រេង​ និង​ការ​ស្តុក​ទុក ​
ការ​ដឹក​ប្រេង​ពី​ប្រទេស​វ៉េណេស៊ុយអេឡា​ដោយ​ក្រុមហ៊ុន​អាកាស​ និង​ឧស្សាហកម្ម​ចិន​ CASIC ​ ត្រូវ​ធ្វើ​ឡើង​ដោយ​នាវា​ដឹក​ប្រេង​យក្ស​ធំៗ​បី​គឺ​នាវា ​Xingye ​នាវា ​Yongle និង​នាវា ​ Thousand Sunny។ ​ នេះ​បើ​យោង​ទៅ​តាម​កាល​វិភាគ​លើក​ដាក់​ទំនិញ​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េណេស៊ុយអេឡា PDVSA ​និង​ការ​តាមដាន​នាវា​ដឹក​ប្រេង​ដោយ​ក្រុមហ៊ុន ​Vortexa​ និង​ក្រុមហ៊ុន ​Refinitiv។ ​

ប្រភព​ចំនួន​ពីរ​បាន​ប្រាប់​ទី​ភ្នាក់ងារ​សារព័ត៌មាន ​Reuters​ ថា ​ ក្រុមហ៊ុន​អាកាស​និង​ឧស្សាហ​កម្ម​ចិន ​CASIC​ បាន​ទទួល​គ្រប់គ្រង​លើ​នាវា​ពី​ក្រុមហ៊ុន​ប្រេងចិន ​PetroChina ​ នៅ​ក្នុង​ឆ្នាំ ​២០២០ ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ក្រុមហ៊ុន​ ​ប្រេងចិន​ PetroChina ​បាន​កាន់កាប់​នាវា​ទាំង​នោះ ​បន្ទាប់​ពី​មាន​ជម្លោះ​ផ្លូវ​ច្បាប់​ជាមួយ​នឹង​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េណេស៊ុយអេឡា ​ PDVSA ​ទាក់ទង​នឹង​ទ្រព្យធន​ពាក់ព័ន្ធ​នឹង​ការ​ក្ស័យធន​ក្នុង​ការ​ចូលរួម​ធុរកិច្ច​ជាមួយ​គ្នា។​ ក្រុមហ៊ុន​ប្រេង​ចិន​ PetroChina ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​កាល​ពី​ឆ្នាំ ​២០២០ ​ថា​ ខ្លួន​បាន​ផ្ទេរ​នាវា​ទាំង​នោះ ប៉ុន្តែ​មិន​បាន​និយាយ​ថា​ ទៅ​កាន់​នរណា​នោះ​ទេ។

ប្រភព​ខាង​លើ​បាន​បន្ថែម​ថា ​ ក្រុមហ៊ុន​ប្រេង​ចិន​ PetroChina​ ក៏​បាន​ផ្ទេរ​ឱ្យ​ក្រុមហ៊ុន​អាកាស​ និង​ឧស្សាហ​កម្ម​ចិន​ CASIC​ នូវ​កន្លែង​ដាក់​នាវា​ដឹកប្រេង​ ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ Ningbo ​ភាគ​ខាង​កើត​ប្រទេស​ចិន ជា​ទី​ដែល​ទំនិញ​ដឹក​ជញ្ជូន​ត្រូវ​បាន​ប្រគល់។ ​

គ្រប់​ទំនិញ​ប្រេង​ទាំង​អស់​ពី​ប្រទេស​វ៉េណេស៊ុយអេឡា ​ដែល​ទទួល​ដោយ​ក្រុមហ៊ុន​អាកាស​ និង​ឧស្សាហ​កម្ម​ចិន​ CASIC ​នោះ​ពី​ដំបូង​ឡើយ​ត្រូវ​បាន​ប្រគល់​នៅ​កំពង់ផែ ​Jose ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Cirrostrati Technology Co LTD ​ដែល​មិនមាន​ប្រវត្តិ​នៅ​ក្នុង​ពាណិជ្ជ​កម្ម​ប្រេង​ពី​មុន​មក​ទេ​ ដោយ​គ្រាន់​តែ​ដើរ​តួ​ជា​ភ្នាក់ងារ​កណ្តាល​សម្រាប់​ទំនិញ​ទាំង​នោះ​ប៉ុណ្ណោះ។ ​ នេះ​បើ​យោង​ទៅ​តាម​កាល​វិភាគ​របស់​ក្រុមហ៊ុន​ប្រេង​រដ្ឋ​វ៉េណេស៊ុយអេឡា ​PDVSA។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​ Cirrostrati ​ដើម្បី​សុំ​ការ​អធិប្បាយ ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​នោះ​ទេ។ ​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters ​ក៏​មិន​អាច​ស្វែងរក​ព័ត៌មាន​អំពី​ការ​ចុះ​បញ្ជី ​និង​ព័ត៌មាន​សាជីវ​កម្ម​របស់​ក្រុមហ៊ុន​នេះ​ ឬ​មិន​មិន​អាច​កំណត់​ដោយ​ឯករាជ្យ​អំពី​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​Cirrostrati ​និង​ក្រុមហ៊ុន​អាកាស​ និង​ឧស្សាហ​កម្ម​ចិន​ CASIC ​បាន​នោះ​ទេ។ ​

ប្រេង​ដែល​ត្រូវ​បាន​ដឹក​ចេញ​ដោយ​ក្រុមហ៊ុន​អាកាស ​និង​ឧស្សាហ​កម្ម​ចិន​ CASIC ​នោះ​គឺ​ត្រូវ​បាន​ប្រើប្រាស់​ភាគ​ច្រើន​ដោយ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឯករាជ្យ​របស់​ចិន​ ដែល​កាន់​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​តម្លៃ​ប្រេង​ថោក​ពី​ប្រទេស​អ៊ីរ៉ង់ ​និង​ប្រទេសវ៉េណេស៊ុយអេឡា ​ហើយ​នា​ពេល​ថ្មីៗ​នេះ​ពឹងផ្អែក​លើរុស្ស៊ី​ដើម្បី​រក្សា​ប្រតិបត្តិការ​ផ្សេងៗ។ ​

ក្រុម​ហ៊ុន​ចម្រាញ់​ប្រេង​ឯករាជ្យ​មួយ​បាន​និយាយ​ថា ​មាន​គេចង់​លក់​ប្រេង​ឱ្យ​តម្លៃ​៨​ដុល្លារ​មួយ​បារ៉ែល​ថោក​ជាង​តម្លៃ​ស្តុក​ស្តង់ដារ ​ឬ​ចុះ​ថ្លៃ​ជាង​៣០​ដុល្លារ​ចំពោះ​ប្រេង​ឆៅ​គុណភាព​ស្រដៀង​គ្នា​នេះ ​ដែល​ត្រូវ​បាន​ដាក់ស្លាក​ជា​ប្រេង​នាំ​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី។

នាយក​ប្រតិបត្តិ​ម្នាក់​នៅ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​បាន​និយាយ​ថា៖​ «វា​មាន​តម្លៃ​ខ្ពស់​ជាង​មុន ​ប៉ុន្តែ​ជា​រឿង​ល្អ​ដែល​ឥឡូវ​នេះ​រដ្ឋាភិបាល​កំពុង​ទទួល​បន្ទុក​លើ​ការ​ផ្គត់ផ្គង់​ប្រេង​ពី​ប្រទេស​វ៉េណេស៊ុយអេឡា ​ដែល​ជួយ​បន្ធូរបន្ថយ​ការ​ឈឺក្បាល​ផ្នែក​ដឹក​ជញ្ជូន ​និង​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​ផ្សេងៗ​មក​លើ​ពួក​យើង៕

Daphne Psaledakis​ នៅរដ្ឋធានី​វ៉ាស៊ីនតោន​ Vivian Sequera ​នៅ​ទីក្រុង​ការ៉ាកាស ​Eduardo Baptista​ នៅ​ទីក្រុង​ប៉េកាំង​ និង​ ការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង​រួម​ចំណែក​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ

ប្រែសម្រួល​ដោយ​លោក​ ណឹម​ សុភ័ក្រ្តបញ្ញា និង​លោក​ ខ្ញុំ ពិន ស៊ីសុវណ្ណ​