សារាចរណ៍របស់រដ្ឋាភិបាលមួយដែលបានណែនាំឲ្យមានការបង្រៀនភាសាចិននៅតាមសាលារៀននានា អាចនឹងជួយពួកគេឲ្យមានឱកាសរកការងារកាន់តែល្អប្រសើរ។
នៅក្នុងប្រទេសអ៊ូហ្គាន់ដា ភាសាចិនត្រូវបានគេចាត់ទុកជាភាសាអនាគត ហើយនៅវិទ្យាល័យ Everest College នៅក្នុងស្រុក Luwero វិញ សិស្សសាលាកំពុងសូត្រកំណាព្យអំពីកំណប់ជីវិត។
ប្រទេសចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគិនដ៏ធំនៅទ្វីបអាហ្វ្រិក ហើយប្រទេសជាច្រើនកំពុងតែជំរុញឲ្យពលរដ្ឋខ្លួនរៀនភាសាចិន។ ប្រទេសអ៊ូហ្គាន់ដាគឺជាប្រទេសមិនជាប់សមុទ្រមួយនៅអាហ្វ្រិកខាងកើត ដែលពោរពេញទៅដោយជម្លោះស៊ីវិលកាលពីអតីតកាល។
កាលពីឆ្នាំមុន ក្រសួងអប់រំអ៊ូហ្គាន់ដាបានដាក់ឲ្យសាលារៀនចំនួន ៣៥ នៅទូទាំងប្រទេស បង្រៀនភាសាចិន។
លោកស្រី Grace Baguma នាយកមជ្ឍមណ្ឌលអភិវឌ្ឍន៍កម្មវិធីសិក្សាជាតិបាននិយាយថា ការសម្រេចនេះធ្វើឡើងដោយសារតែទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សូមទស្សនាវីដេអូនៃការរៀនភាសាចិនរបស់កូនសិស្សអ៊ូហ្គាន់ដា៖
Your browser doesn’t support HTML5
លោកស្រី Baguma បាននិយាយថា៖
«មានសកម្មភាពសេដ្ឋកិច្ចច្រើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍក្នុងវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀត ដែលចិនកំពុងតែចូលរួមអភិវឌ្ឍជាមួយនឹងប្រទេសអ៊ូហ្គាន់ដា។ ពលរដ្ឋរបស់យើងជាច្រើនកំពុងធ្វើពាណិជ្ជកម្មជាមួយនឹងចិន។ ដូច្នេះ ចិនបានក្លាយជាប្រទេសដែលយើងត្រូវតែស្គាល់ និងដឹងឲ្យបានច្បាស់។ ហើយមធ្យោបាយតែមួយគត់ដែលយើងអាចធ្វើបានគឺតាមរយៈការសិក្សាភាសាចិន»។
យុវជនម្នាក់ឈ្មោះ Kinene Charles ជាសិស្សម្នាក់ក្នុងចំណោមសិស្សដទៃទៀតដែលកំពុងរៀននៅវិទ្យាល័យ Everest។ យុវជនរូបនេះគិតថា ភាសាចិននឹងផ្តល់ឱកាសការងារច្រើន។
Kinene បាននិយាយថា៖ «ខ្ញុំចាប់អារម្មណ៍ក្នុងការរៀនភាសាចិន ដោយសារវាអាចជួយខ្ញុំអាចរកការងារធ្វើបាននៅក្នុងក្រុមហ៊ុនចិន។ ប្រសិនបើខ្ញុំមានមិត្តភក្តិដែលចេះចិននោះ ពួកគេអាចជួយឲ្យខ្ញុំមានការងារធ្វើ ដោយហៅខ្ញុំឲ្យធ្វើជាអ្នកបកប្រែនៅក្នុងកម្មវិធីផ្សេងៗរបស់ជនជាតិចិន»។
សម្រាប់រយៈពេល៤ឆ្នាំចុងក្រោយ វិទ្យាស្ថានខុងជឺ នៅសាកលវិទ្យាល័យ Makerere កំពុងបង្រៀនភាសាចិន។ សិស្សនៃវិទ្យាស្ថាននេះត្រូវបានគេចាត់តាំងឲ្យទៅបង្រៀនភាសាចិននៅតាមសាលារៀននៅទូទាំងប្រទេស។
លោក Namisi Moses Apollo និយាយថា ពេលនៅរៀនលោករៀនមិនសូវពូកែ ហើយបារម្ភពីការស្វែងរកការងារធ្វើ។ ប៉ុន្តែ យុវជនរូបនេះនិយាយថា សម្រាប់លោក ការរៀនភាសាចិនមានភាពងាយស្រួល ហើយនៅពេលរៀនចប់ លោកត្រូវបានគេស្នើសុំភ្លាមៗឲ្យទៅបង្រៀនក្នុងថ្នាក់សាកល្បងនៅក្រុង Luwero។
បើតាមលោក Namisi មានឱកាសជាច្រើននៅក្នុងប្រទេសអ៊ូហ្គាន់ដាសម្រាប់អ្នកដែលអាចបង្រៀនភាសាចិនបាន ទោះបីជាលោកកត់សម្គាល់ឃើញថា នៅក្នុងករណីភាគច្រើន ការងារទាំងនោះទទួលបានប្រាក់បៀវត្សរ៍ពីរដ្ឋាភិបាលចិន ហើយអ្នកដែលធ្វើការត្រូវមានអាជីពត្រឹមត្រូវ។
លោក Namisi បាននិយាយថា៖
«ទីផ្សារការងារទូលំទូលាយណាស់ ប៉ុន្តែអ្នកក៏ត្រូវខំប្រឹងចរចាដើម្បីទទួលបានការងារល្អបំផុតផងដែរ។ អ្នកត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព។ អ្នកត្រូវតែប្រើប្រាស់ធនធានដែលអ្នកមានទាំងអស់។ នេះជាវិធីដែលអ្នកអាចទទួលបានការងារធ្វើ។ ដូច្នេះ អ្នកមិនត្រឹមតែត្រូវពូកែខាងភាសាចិនប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏ត្រូវមានជំនាញទំនាក់ទំនង និងវប្បធម៌ផងដែរ»។
មន្ត្រីចិនដែលមកធ្វើទស្សនកិច្ចនៅប្រទេសអ៊ូហ្គាន់ដា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តោតសំខាន់លើអ្វីដែលពួកគេហៅថា ការសហការរវាងចិន-អាហ្វ្រិក។
ចិនបានផ្តល់ហិរញ្ញវត្ថុដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅក្នុងប្រទសអ៊ូហ្គាន់ដា រួមមាន គម្រោងថាមពលវារីអគ្គិសនី Karuma កម្លាំង៦០០មេហ្គាវ៉ាត់ ដែលមានតម្លៃ១ពាន់៨រយលានដុល្លារ និងមហាវិថីមួយតភ្ជាប់ក្រុង Kampala និងក្រុង Entebbe ដែលចំណាយប្រាក់ចំនួន៣៥០លានដុល្លារ៕
ប្រែសម្រួលដោយប៊ុន ប៉េងហ៊ុយ