ពលរដ្ឋ​ចិន​សម្រុក​ទៅ​ស្រុក​កំណើត​នៅ​រដូវ​ចូល​ឆ្នាំ ស្រប​ពេល​មាន​ក្ដី​បារម្ភ​​ហានិភ័យ​ជំងឺ​កូវីដ១៩

  • ​Reuters

ប្រជាជន​កាន់​វ៉ាលី​ដាក់​ឥវ៉ាន់​របស់​ខ្លួន​នៅ​ស្ថានីយ​រថភ្លើង​មួយ​ក្នុង​អំឡុងដែល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ជិត​ចូល​មក​ដល់ ខណៈ​ពេល​ដែល​ជំងឺ​កូវីដ​១៩​កំពុង​ផ្ទុះ​ឆ្លង នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣។

អ្នក​ដំណើរ​ដែល​ពោរពេញ​ដោយ​អីវ៉ាន់​រណិងរណុង​បាន​សម្រុក​ទៅ​កាន់​ស្ថានីយ​រថភ្លើង​និង​អាកាស​យានដ្ឋាន​នៅ​ក្នុង​ទីក្រុង​ធំៗ​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​ករណី​នេះ​ធ្វើ​ឱ្យ​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ព្រួយ​បារម្ភ​ថា​អាច​ធ្វើ​ឱ្យ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ១៩​ដែល​កំពុង​តែ​ឆ្លង​រាលដាល​ស្រាប់​កាន់តែ​រាលដាល​បន្ថែម​ទៀត​នៅ​ក្នុង​តំបន់​ដែល​មិន​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់​នៅ​ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។

បន្ទាប់ពី​បាន​ដាក់​កំហិត​តឹងតែង​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​អស់​រយៈពេល ៣ ឆ្នាំ​មក ប្រទេស​ចិន​បាន​លុបចោល​ភ្លាមៗ​នូវ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ (Zero COVID) របស់​ខ្លួន​កាលពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ។

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា មនុស្ស​ជិត ៦០.០០០ នាក់​ដែល​កើត​ជំងឺ​កូវីដ១៩ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​រវាង​ថ្ងៃ​ទី ៨ ខែ​ធ្នូ និង​ថ្ងៃ​ទី ១២ ខែ​មករា​កន្លង​ទៅ​នេះ ដែល​នេះ​គឺ​ជា​ការ​កើនឡើង​ដ៏​ខ្លាំង​មួយ​ពី​តួលេខ​កាលពី​លើក​មុន។ តួលេខ​កាលពី​លើក​មុន​ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក (WHO) រិះគន់​ថា​មិន​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ទំហំ​និង​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​នេះ។

សូម្បីតែ​ចំនួន​តួលេខ​ជិត ៦០.០០០ នាក់​ដែល​បាន​ប្រកាស​នេះ​ក៏​ភាគ​ច្រើន​ទំនងជា​មិន​បាន​បញ្ចូល​ចំនួន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ផ្ទះ​នោះ​ទេ ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់​ខ្សោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​ម្នាក់។

អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​មួយ​ចំនួន​បាន​ព្យាករណ៍​ថា ​មនុស្ស​ជាង​ ១ ​លាន​នាក់​នៅ​ក្នុង​ប្រទេស​ចិន​នឹង​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ​ក្នុង​ឆ្នាំ​នេះ។

នៅ​មុន​រដូវ​ចូល​ឆ្នាំ​ចិន​ចូល​មក​ដល់ ដែល​នៅ​ក្នុង​ឆ្នាំ​នេះ​នឹង​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២១ ខែ​មករា​ខាង​មុខ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ជា​ច្រើន​ថា មន្ទីរពេទ្យ​និង​គ្លីនិក​នៅ​តាម​តំបន់​ជនបទ​នៃ​ប្រទេស​ចិន​កំពុង​បង្កើន​ការ​ផ្គត់ផ្គង់​ថ្នាំពេទ្យ​និង​បរិក្ខារ​ពេទ្យ​នានា៕