ទិន្នន័យផ្លូវការរបស់រដ្ឋាភិបាលចិនបានបង្ហាញថាចំនួនប្រជាជននៅរដ្ឋធានីប៉េកាំងនៃប្រទេសចិនបានធ្លាក់ចុះជាលើកដំបូងបង្អស់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដែលស្របជាមួយនឹងទំនោរទូទៅនៃការធ្លាក់ចុះចំនួនប្រជាជនរបស់ប្រទេសចិន ដែលករណីនេះនាំឱ្យមានក្ដីកង្វល់អំពីទស្សនៈវិស័យអនាគតសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ស្ថិតិផ្លូវការដែលចេញផ្សាយដោយរដ្ឋាភិបាលចិនកាលពីថ្ងៃទី ២១ ខែមីនាបានបង្ហាញថា ចំនួនប្រជាជនក្រុងប៉េកាំងបានថយចុះ ៤៣.០០០ នាក់មកនៅត្រឹម ២១ លាន ៨ សែន ៤ ម៉ឺននាក់នៅត្រឹមដំណាច់ឆ្នាំ ២០២២។
ចំណុចដែលគួរឱ្យកត់សម្គាល់ខ្លាំងបំផុតគឺថាអត្រាមនុស្សស្លាប់ក្នុងរដ្ឋធានីប៉េកាំងមានច្រើនជាងអត្រាកំណើត។ អត្រាមនុស្សស្លាប់ក្នុងក្រុងប៉េកាំង ដែលជាក្រុងមួយក្នុងចំណោមក្រុងដែលមានមនុស្សរស់នៅច្រើនជាងគេរបស់ប្រទេសចិន បានកើនដល់ ៥,៧២ ក្នុងចំណោមមនុស្ស ១.០០០ នាក់ ចំណែកឯអត្រាកំណើតបានធ្លាក់ចុះដល់ ៥,៦៧ ក្នុងចំណោមមនុស្ស ១.០០០ នាក់។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយរដ្ឋបាលរដ្ឋធានីប៉េកាំង។
បើយោងតាមការចេញផ្សាយមួយនៅលើវេបសាយរបស់រដ្ឋបាលរដ្ឋធានីប៉េកាំង «កំណើន [ប្រជាជន] តាមធម្មជាតិមានអត្រា -០,០៥ [ក្នុងចំណោមមនុស្ស ១.០០០ នាក់]។ នេះជាលើកដំបូងហើយដែលចំនួនប្រជាជននៅទីក្រុងប៉េកាំងបានធ្លាក់ចុះតាំងពីឆ្នាំ ២០០៣ មក។
អត្រាកំណើតនៅក្នុងទីក្រុងប៉េកាំងនិងទីក្រុងឯទៀតៗក្នុងប្រទេសចិនត្រូវបានរៀបចំឡើងជាតារាងដោយផ្អែកលើចំនួនពលរដ្ឋអចិន្ត្រៃយ៍នៅក្នុងទីក្រុងទាំងនោះ ដោយមិនគិតអំពីចំនួនជនចំណាកស្រុក។
លោក Li Shaomin សាស្ត្រាចារ្យពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យ Old Dominion University នៅរដ្ឋ Virginia សហរដ្ឋអាមេរិក បាននិយាយថា ការធ្លាក់ចុះចំនួនប្រជាជននិងការមានប្រជាជនវ័យចំណាស់កាន់តែច្រើន «នឹងបង្កឱ្យមានបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសចិន»។
ទោះជាយ៉ាងនេះក្ដី លោកបានកត់សម្គាល់ថា លំនាំនៃការបង្កកំណើតនិងការស្លាប់គឺមានជាបណ្ដើរៗហើយអាចទស្សន៍ទាយជាមុនបាន ហើយរដ្ឋាភិបាលគួរមានពេលគ្រប់គ្រាន់ដើម្បីធ្វើការកែប្រែគោលនយោបាយសម្រាប់កាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះចំនួនប្រជាជននិងការមានប្រជាជនវ័យចំណាស់ច្រើន។
លោកបាននិយាយថា៖ «ដូច្នេះ ឧបសគ្គពិតប្រាកដគឺថាតើគណបក្សកុម្មុយនិស្តចិនផ្តល់អាទិភាពនិងចែកចាយធនធានបែបណាដើម្បីដោះស្រាយបញ្ហានេះ»។
ការធ្លាក់ចុះចំនួនប្រជាជនក្នុងក្រុងប៉េកាំងគឺស្របតាមលំនាំនៃការធ្លាក់ចុះចំនួនប្រជាជននៅទូទាំងប្រទេសចិន។ កាលពីខែមករា ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានប្រកាសថា ប្រទេសចិនបានចូលក្នុង «សម័យកំណើនប្រជាជនអវិជ្ជមាន» បន្ទាប់ពីតួលេខបានបង្ហាញនូវការធ្លាក់ចុះជាប្រវត្តិសាស្ត្រនៃចំនួនប្រជាជនជាលើកដំបូងបង្អស់ក្នុងពេល ៦ ទសវត្សរ៍កន្លងមកនេះ គឺតាំងពីសម័យមហាទុរ្ភិក្សក្នុងប្រទេសចិនពីឆ្នាំ ១៩៥៨ ដល់ឆ្នាំ ១៩៦១ មក។ ចំនួនប្រជាជនចិនបានថយចុះប្រមាណ ៨៥០.០០០ នាក់មកនៅត្រឹម ១,៤១២ ពាន់លាននាក់នៅត្រឹមដំណាច់ឆ្នាំ ២០២២។
អ្នកជំនាញផ្នែកប្រជាសាស្ត្របានថ្លែងថា ករណីនេះកំណត់អំពីការចាប់ផ្តើមនូវអ្វីដែលគេព្យាករណ៍ថាជារយៈពេលយូរនៃការធ្លាក់ចុះចំនួនប្រជាជន។ ពួកគេក៏បានកត់សម្គាល់ផងដែរថា ការធ្លាក់ចុះនេះបានចាប់ផ្តើមក្នុងពេលជិតមួយទសវត្សរ៍មុនពេលកំណត់ដែលអង្គការសហប្រជាជាតិបានព្យាករណ៍ទុក។ កាលពីឆ្នាំ ២០១៩ អង្គការសហប្រជាជាតិបានព្យាករណ៍ថាចំនួនប្រជាជនចិននឹងកើនពីឆ្នាំ ២០៣១ ដល់ឆ្នាំ ២០៣២។
អត្រាកំណើនប្រជាជននៃប្រទេសចិនបានធ្លាក់ចុះភាគច្រើនដោយសារគោលនយោបាយ «កូនតែមួយ» របស់ប្រទេសនេះដែលមានរយៈពេល ៣៥ ឆ្នាំ។ តាំងពីទសវត្សរ៍ ១៩៩០ មក អត្រាបង្កកំណើត ដែលនោះគឺចំនួនជាមធ្យមនៃទារកដែលកើតពីស្ត្រីម្នាក់ក្នុងមួយជីវិតរបស់ស្ត្រីនោះ បានធ្លាក់ចុះដល់ក្រោមកម្រិតអត្រាបង្កកំណើតសរុបចំនួន ២,១ ក្នុងចំណោមស្ត្រីម្នាក់។ អត្រាបង្កកំណើតសុរបនេះគឺជាអត្រាដែលប្រជាជនមានចំនួនស្មើគ្នាពីមួយជំនាន់ទៅមួយជំនាន់ដោយមិនគិតអំពីការចំណាកស្រុក។
តួលេខគឺ ១,៣០ នៅក្នុងឆ្នាំ ២០២០ ហើយវាបានធ្លាក់ចុះមកនៅចំនួន ១,១៥ នៅក្នុងឆ្នាំ ២០២១។
អ្នកជំនាញជនជាតិចិនផ្នែកប្រជាសាស្ត្របានធ្វើយុទ្ធនាការជាងមួយទសវត្សរ៍ដើម្បីឱ្យមានការលុបចោលនូវគោលនយោបាយកូនតែមួយ មុនពេលដែលរដ្ឋាភិបាលចិនបានបញ្ចប់គោលនយោបាយនេះកាលពីឆ្នាំ ២០១៥។ ដោយមានក្ដីបារម្ភអំពីប្រជាជនដែលមានវ័យកាន់តែចាស់និងការចុះថយចំនួនអ្នកធ្វើការ រដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនពីរនាក់នៅក្នុងឆ្នាំ ២០១៥ ហើយបានបន្ធូរកម្រិតនេះបន្ថែមទៀតនៅក្នុងឆ្នាំ ២០២១ ដោយអនុញ្ញាតឱ្យមានកូនបីនាក់បាន។
ការសិក្សាស្រាវជ្រាវបានរកឃើញថា កំណើនការចំណាយនៃការចិញ្ចឹមកូននិងកង្វះជំនួយខាងសុខុមាលភាពសង្គមគឺជាមូលហេតុចម្បងដែលនាំឱ្យមានអត្រាបង្កកំណើតទាបនៅក្នុងប្រទេសចិន។
កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ដោយចង់ឱ្យមានការបង្កើនអត្រាកំណើតយ៉ាងខ្លាំង រដ្ឋាភិបាលចិនបានចាត់វិធានការផ្តល់ការលើកទឹកចិត្តនានាដូចជាការបន្ធូរពន្ធដារ ការផ្តល់ប្រាក់ជំនួយមួយចំណែកសម្រាប់ការថែទាំកូន ការអនុញ្ញាតឱ្យឪពុកម្តាយឈប់សម្រាកយូរជាងមុននៅពេលកើតកូន និងការមិនលើកទឹកចិត្តឱ្យមានការរំលូតកូនជាដើម ប៉ុន្តែមិនទទួលបានជោគជ័យច្រើននោះទេ។
អ្នកជំនាញខ្លះនិយាយថាវិធីល្អបំផុតដែលអាជ្ញាធរចិនអាចធ្វើបានគឺពន្យឺតការធ្លាក់ចុះនៃចំនួនប្រជាជន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ