អាជ្ញាធរ​ចិន​បិទ​ទី​ក្រុង​​ជាប់​ព្រំដែន​​​​​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​រក​ឃើញ​ករណី​ឆ្លង​កូវីដ១៩​​ពី​​មីយ៉ាន់ម៉ា​​​​

  • Reuters

រូបឯកសារ៖ ពលរដ្ឋដើរកាត់កន្លែងតម្រួតពិនិត្យមួយនៅក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

អាជ្ញាធរ​ក្នុង​ទី​ក្រុង​មួយរបស់ប្រទេស​ចិន ​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Yunnan ​ជាប់​ព្រំដែនជាមួយ​ប្រទេស​មីយ៉ាន់ម៉ា​ កំពុងធ្វើ​តេស្តរក​វីរុស​កូរ៉ូណាទៅ​លើ​មនុស្សរាប់​ម៉ឺន​នាក់នៅ​ថ្ងៃ​អង្គារ បន្ទាប់​ពីរក​ឃើញ​ការ​ឆ្លង​ពីរ​ករណីដែល​បាននាំ​ចូល​មក​ពី​ប្រទេស​ជាប់​ព្រំដែន​ គឺ​ប្រទេស​មីយ៉ាន់ម៉ា​នោះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ Reuters។

អាជ្ញាធរ​ចិន​ក្នុង​ទី​ក្រុង Ruili ​ ក្នុង​ខេត្ត​ Yunnan នោះ​ បាន​ហាម​ប្រាម​កុំ​ឲ្យ​ពលរដ្ឋ​ចេញ​ក្រៅផ្ទះ និង​មិនឲ្យ​រថ​យន្ត​ធ្វើ​ដំណើរ​តាម​ផ្លូវ។ ​

​អាជ្ញាធរ​ទី​ក្រុង Ruili ដែល​ជា​ចំណុច​ធ្វើ​ដំណើរ​ឆ្លង​កាត់សំខាន់នៅ​ភាគនិរតីប្រទេស​ចិន ​នឹងធ្វើ​តេស្ត​រក​មើលវីរុស​កូរ៉ូណា​ទៅ​លើ​ពលរដ្ឋដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ចំនួន​២០០.០០០​នាក់ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​មាន​ករណី​ឆ្លង​នាំ​ចូលចំនួន​២​ករណី។​

មន្រ្តី​ស្ថានទូត​ចិន​ក្នុ​ង​ប្រទេស​មីយ៉ាន់ម៉ាបាន​ជួបពិភាក្សាគ្នា​ តាម​រយៈប្រព័ន្ធ​វីដេអូ​ ដើម្បី​បង្កើត​កិច្ច​ប្រឹង​ប្រែង​រួម​គ្នា​ ​ ក្នុង​ការ​ទប់​ស្កាត់និង​ការ​ពារជំងឺ​កូវីដ​១៩​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​នៅ​លើ​គេហទំព័រ​ផ្លូវ​ការរបស់​ស្ថាន​ទូត​ចិន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕​