ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានបញ្ជាក់កាលពីថ្ងៃទី ២៦ ខែកុម្ភៈថា ក្រុមហ៊ុនអាកាសចរណ៍ចិននឹងត្រូវអនុញ្ញាតឱ្យបង្កើនជើងហោះហើរទៅមកប្រចាំសប្តាហ៍របស់ខ្លួនដល់ចំនួន ៥០ ជើងចាប់ពីថ្ងៃទី ៣១ ខែមីនាខាងមុខនេះតទៅ ដោយកើនពីចំនួន ៣៥ ជើងនៅពេលបច្ចុប្បន្ន។ ការបង្កើននេះបានធ្វើឱ្យទីផ្សារទេសចរណ៍នេះកើនដល់កម្រិតជិតមួយភាគបីនៃកម្រិតមុនវិបត្តិជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកថា ការអនុញ្ញាតនេះ «គឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យទីផ្សាររវាងសហរដ្ឋអាមេរិកនិងចិនមានប្រក្រតីភាពបន្ថែមទៀតក្នុងការត្រៀមសម្រាប់រដូវធ្វើដំណើរនៅរដូវក្តៅឆ្នាំ ២០២៤ នេះ»។
ជើងហោះហើរដឹកអ្នកដំណើរទៅមកជាង ១៥០ ជើងក្នុងមួយសបា្តហ៍ត្រូវបានភាគីទាំងពីរអនុញ្ញាតមុនពេលមានការរឹតត្បិតដោយសារការរាតត្បាតជំងឺកូវីដ១៩ កាលពីដើមឆ្នាំ ២០២០ តែគិតត្រឹមខែសីហាឆ្នាំមុន យន្តហោះក្រុមហ៊ុនអាកាសចរណ៍ចិននិងអាមេរិកអាចហោះហើរតែ ១២ ជើងប៉ុណ្ណោះក្នុងមួយសប្ដាហ៍រវាងប្រទេសទាំងពីរ។
ចំនួននេះបានកើនឡើងនៅថ្ងៃទី ១ ខែកញ្ញាឆ្នាំមុនដល់ ១៨ ជើងក្នុងមួយសប្ដាហ៍ ហើយបន្ទាប់មកដល់ ២៤ ជើងក្នុងមួយសប្តាហ៍ចាប់ពីថ្ងៃទី ២៩ ខែតុលាឆ្នាំមុនមក។ ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានយល់ព្រមឱ្យមានជើងហោះហើរចំនួន ៣៥ ជើងសម្រាប់យន្តហោះដឹកអ្នកដំណើរចិនកាលពីខែវិច្ឆិកាឆ្នាំមុន។
សមាគម Airlines for America គឺជាក្រុមតំណាងក្រុមហ៊ុនអាកាសចរណ៍ American Airlines ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines និងក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលក្រុមហ៊ុនទាំង ៣ នេះមានជើងហោះហើររួមគ្នាទៅប្រទេសចិនចំនួន ៣១ ជើងក្នុងមួយសប្ដាហ៍។
សមាគមនេះបានបញ្ជាក់ថា ខ្លួន «គាំទ្ររបៀបដោះស្រាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការបើកទីផ្សារជាមួយប្រទេសចិនឡើងវិញដោយយឺតៗ ជាបណ្ដើរៗ និងទៅវិញទៅមក។ វាគឺជាការចាំបាច់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកគួរប្រកាន់យករបៀបដោះស្រាយនេះតទៅទៀត»។
ស្ថានទូតចិននៅរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ថា ខ្លួន «សប្បាយរីករាយដោយឃើញការវិវឌ្ឍបែបវិជ្ជមានអំពីកំណើនជើងហោះហើរដឹកអ្នកដំណើរដោយផ្ទាល់រវាងប្រទេសចិននិងសហរដ្ឋអាមេរិក»។
ស្ថានទូតនេះបានបន្ថែមថា ខ្លួនកំពុងធ្វើការដើម្បី «សម្រួលបន្ថែមទៀតដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែននិងលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ»។
ទីផ្សារអាកាសចរណ៍អន្តរជាតិផ្សេងទៀតដែលពាក់ព័ន្ធជាមួយប្រទេសចិនបានបើកឡើងវិញយ៉ាងលឿនបំផុត ដោយអ្នកធ្វើដំណើររវាងប្រទេសចិននិងចក្រភពអង់គ្លេសនៅខែកុម្ភៈមានចំនួន ៣០% លើសពីកម្រិតមុនវិបត្តិជំងឺកូវីដ១៩ និងរវាងប្រទេសចិននិងសិង្ហបុរីមានចំនួន ៦% លើលពីកម្រិតមុនវិបត្តិជំងឺនេះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន OAG ដែលផ្ដល់ទិន្នន័យផ្នែកអាកាសចរណ៍។
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួនបានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនិយតករអាកាសចរណ៍ចិនអំពី «ការអនុវត្តផែនទីបង្ហាញផ្លូវដើម្បីឱ្យមានការបើកឡើងវិញជាបណ្ដើរៗនិងទូលំទូលាយជាងមុននូវទីផ្សារអាកាសចរណ៍រវាងសហរដ្ឋអាមេរិកនិងប្រទេសចិននិងដើម្បីឱ្យមានការត្រឡប់ជាដំណាក់កាលនិងអាចទាយទុកបានទៅរកសមត្ថភាពផ្ដល់ឱ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងអាមេរិកនិងចិន។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Gina Raimondo បាននិយាយថា អ្នកស្រីចង់បង្កើនការធ្វើដំណើរនិងទេសចរណ៍រវាងប្រទេសទាំងពីរ។
អ្នកស្រី Raimondo បានថ្លែងកាលពីខែសីហាឆ្នាំមុនថា ប្រសិនបើទេសចរចិនមកលេងសហរដ្ឋអាមេរិកដូចកម្រិតកាលពីឆ្នាំ ២០១៩ វាអាចបន្ថែមចំណូលចំនួន ៣០ ពាន់លានដុល្លារទៅក្នុងសេដ្ឋកិច្ចអាមេរិក និងបង្កើតការងារនៅអាមេរិកបាន ៥០.០០០ បន្ថែមទៀត៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ