របាយ​ការណ៍​អំពី​សិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក​ថ្កោលទោសប្រទេស​ចិន​និង​ប្រទេសអារ៉ាប៊ីសាអូឌីត

រូបឯកសារ៖ ជនជាតិ​ឥណ្ឌា​មូស្លីម​ស្រែក​ពាក្យស្លោកអំឡុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​ក្នុង​ទីក្រុង​ Mumbai​ ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០១៨។

បើ​តាម​របាយការណ៍​ថ្មីមួយ​របស់សហរដ្ឋអាមេរិក ដែលត្រូវបានផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ បានបង្ហាញ​ថា ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន​មិនបានល្អ​ប្រសើរ​ជាង​មុន​ទេ​កាល​ពីប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ ​ក្រសួងការបរទេស​អាមេរិកក៏​បានថ្កោលទោស​ប្រទេស​អារ៉ាប៊ី​សាអូឌីត នៅ​ក្នុង​សេចក្តី​រាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​អំពី​ការ​រំលោភ​លើសិទ្ធិ​មនុស្សនៅ​ទូទាំង​ពិភពលោកផងដែរ។​

ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋអាមេរិក ត្រូវបាន​រិះ​គន់ខ្លាំងអំពី​ការ​សម្លាប់​លោក Jamal Khashoggi អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​ កាល​ពី​ឆ្នាំ​ទៅ​មិញ ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់​ប៊ុល ប្រទេសតួកគី។​

ប្រទេស​វ៉េណេស៊ុយអេឡា​ក៏​បាន​ត្រូវកត់​សម្គាល់​ដែរ​អំពី​ប្រវត្តិ​សិទ្ធិមនុស្ស​អាក្រក់​ក្រៃលែង​របស់​ផង​ខ្លួន។

នៅ​ក្នុង​«របាយការណ៍​អំពី​ការ​អនុវត្តន៍​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេស​នានា​ក្នុង ពិភពលោក​ក្នុង​ឆ្នាំ២០១៨‍» ក្រសួង​ការបរទេស​អាមេរិក ​ឲ្យដឹង​ថា ​ការ​រំលោភសិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​មាន​ប្រវត្តិ​គួរ​ឱ្យ​សង្វេគ​អំពីសិទ្ធិ​មនុស្ស​នៅ​តែមិន​ចុះថម​ថយ​ទេ។

លោក​រដ្ឋមន្ត្រី​ការបរទេសអាមេរិក Mike Pompeo បានលើកឡើងអំពី​ការ​ប្រព្រឹត្ត​របស់​អាជ្ញាធរ​ចិនទៅ​លើ​ពួក​ជនអម្បូរ​ភាគ​តិច​គោរព​សាសនា​ឥស្លាម។​

លោក​ថ្លែង​ថា៖ «សព្វថ្ងៃ​នេះ ក្រុម​ជន​អម្បូរ​ Uighur អម្បូរ​ kazakh និងអ្នក​កាន់សាសនា​ឥស្លាម​ជាង១លាន​នាក់ ត្រូវបានឃុំ​ឃាំង​នៅ​ក្នុង​ជំរំអប់រំ ​ដែល​ត្រូវបានរៀបចំឱ្យ​មានឡើង ​ដើម្បី​បំបាត់អត្តសញ្ញាណ​ខាង​សាសនា​ និង​ខាង​ពូជសាសន៍​របស់​ពួក​គេ‍»។

អាជ្ញាធរ​ប្រទេសវ៉េណេស៊ុយអេឡា​ក៏​ត្រូវបាន​រិះគន់ខ្លាំង​អំពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​រឹត​បន្តឹង​សេរីភាព​ក្នុង​ការនិយាយ​ស្តី​បញ្ចេញមតិ និងការ​រឹតត្បិត​លើ​ការ​ចូល​រួមក្នុង​វិស័យ​នយោបាយ​។ លោក Michael Kozak នៃ​ការិយាល័យ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ និង​ពលកម្ម​ បាននិយាយ​ថា៖

«ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ Venezuela អាក្រក់ណាស់។​ ​ខ្ញុំយល់​ថា​ មាន​ការ​សំអាង​លើ​ឯកសារ​ពិត​ប្រាកដ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ ហើយ​ជា​ការ​ពិត របាយ​ការណ៍​នេះ​និយាយ​ត្រឹម​តែ​ដំណាច់​ឆ្នាំ​ទៅមិញ​ប៉ុណ្ណោះ​ ហើយ​ស្ថានភាព​នេះរឹតតែ​អាក្រក់ជាងមុនចាប់តាំង​ពីពេលនោះ​មក‍»។

ទោះបីជារបាយការណ៍​នេះ​ថ្កោលទោស​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ​ទាក់ទិននឹង​ការ​សម្លាប់​អ្នក​សារព័ត៌មាន​ Jamal Khashoggi កាលពី​ឆ្នាំ​ទៅ​មិញ​ក៏​ដោយ​ ​ក៏​សេចក្តី​រាយការណ៍​នេះ​មិនបាន​បង្ហាញ​ឈ្មោះ​ជន​ជាប់សង្ស័យ​ធំជាងគេនោះ​ទេ​ ដែលក្នុង​ករណី​នេះ​ គឺ​ព្រះអង្គម្ចាស់​រជ្ជទាយាទ​ Mohammed bin Salman។​

លោក​ Michael Kozak នៃ​ក្រសួង​ការបរទេស​អាមេរិក ​បានថ្លែង​ថា ​សហរដ្ឋអាមេរិកបានជំរុញ​ប្រទេស​អារ៉ាប៊ីសាអូឌីត ​ឱ្យស្វែងរក​អ្នក​ទទួល​ខុស​ត្រូវលើការ​ធ្វើឃាត​នេះ។

លោក Michael Kozak បាន​និយាយ​ថា៖

«ក៏​ប៉ុន្តែ​នៅពេល​នេះ​ការ​ស៊ើបអង្កេត​មិន​ទាន់ចប់សព្វគ្រប់ទេ។ ​ដូច្នេះ​ យើង​ស្ថិតនៅ​កណ្តាល​ខ្សែ​កុន​នេះ​ យើង​សង្ឃឹមថា​ នឹងមានការ​ពិតជាក់ស្តែងច្បាស់លាស់​ជាងមុន​ដែល​នាំ​ឱ្យ​យើង​ដឹង​ថា​ នរណា​ជាអ្នក​ទទួលខុស​ត្រូវ​ និង​នរណា​មិន​ទទួល​ខុស​ត្រូវ ហើយ​យើង​នឹង​ចាត់វិធានការ​តាមនោះ‍»។

លោក​ Pompeo បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋអាមេរិក​ប្រមូល​ឯកសារ​អំពី​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​ប្រព្រឹត្ត​ដោយ​ប្រទេស​ជា​មិត្ត «ដូច​គ្នា» នឹងប្រទេស​ទាំង​អស់ដែរ។

«គោល​ដៅ​របស់​យើង​ គឺ​រក​ឱ្យ​ឃើញ​ឧបសគ្គ​ខាងសិទ្ធិ​មនុស្ស​ ហើយ​ប្រើប្រាស់​ឥទ្ធិពល​និង​អំណាច​អា​មេរិក ដើម្បី​ជំរុញ​ប្រទេស​ជាតិ​ទាំង​អស់ឆ្ពោះទៅ​កាន់ការ​អនុវត្តន៍​សិទ្ធិមនុស្ស​ឱ្យ​បានល្អ​ប្រសើរ​ជាងមុន និង​ទៀងទាត់​ជាងមុនផង​ដែរ‍»។

ករណី​មានការ​យកចិត្ត​ទុកដាក់​ច្រើន​អំពី​លោកស្រី​ Nasrin Sotoudeh មេធាវី​សិទ្ធិ​មនុស្ស​អ៊ីរ៉ង់​ ក៏បាន​ត្រូវ​បង្ហាញ​នៅ​ក្នុង​របាយការណ៍​នេះដែរ។ លោកស្រី Sotoudeh បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ខែ​មិថុនា​ ហើយ​បា​ន​ត្រូវកាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣៨ឆ្នាំ​និង​ត្រូវវាយ​ដោយ​រំពាត់​១៤៨ខ្វាប់។​

លោក Robert Palladino នៃ​ក្រសួង​ការ​បរទេស​អាមេរិក បាននិយាយថា៖

«ការ​វិនិច្ឆ័យ​ទោស​នេះ​ហួសពី​ភាព​ព្រៃ​ផ្សៃ។ ​ឧក្រិដ្ឋកម្ម​របស់លោកស្រី​ Sotoudeh គឺការពារ​សិទ្ធិស្ត្រី​អ៊ីរ៉ង់ និង​ការ​ពារ​ស្ត្រី​អ៊ីរ៉ង់​ឯទៀតៗ ​ដែល​របប​គ្រប់គ្រង​ប្រទេស​អ៊ីរ៉ង់​បានចាប់ខ្លួន​អ្នកស្រី ដោយសារ​តែអ្នកស្រីបានធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រឆាំង​នឹង​ច្បាប់ដែល​តម្រូវ​ដាច់ខាត​ឱ្យ​ស្ត្រី​ប្រើ​កន្សែង​រុំក្បាល​កុំឱ្យគេ​ឃើញ​សក់ដែល​ហៅ​ថា​ hijab‍»។

ពួក​អ្នករិះគន់​និយាយ​ថា ​របាយការណ៍​អំពី​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​អាមេរិកមិន​បាន​យក​ចិត្តទុក​ដាក់គ្រប់គ្រាន់ អំពី​ការរំលោភ​ដែល​មាន​ផល​ប៉ះពាល់ដោយ​គ្មាន​សមាមាត្រ​ទៅ​លើ​ស្ត្រី​និង​នារីទេ៕

ប្រែ​សម្រួល​ដោយ ឈឹម សុមេធ