ខណៈលោកប្រធានាធិបតីចិន ស៊ី ជីនពីងបន្តពង្រឹងអំណាចរបស់ខ្លួន គណបក្សកុម្មុយនិស្តចិនកំពុងប្រឹងប្រែងដាក់បញ្ចូលអត្ថបទ និងគោលគំនិតរបស់លោកកាន់តែច្រើនទៅក្នុងកម្មវិធីសិក្សាតម្រូវជាចាំបាច់នៅសាកលវិទ្យាល័យក្នុងប្រទេសនេះ។
ចាប់ពីរដូវស្លឹកឈ្លើជ្រុះ ឆ្នាំ២០២០នេះ មហាវិទ្យាល័យ និងសាកលវិទ្យាល័យចំនួន ៣៧ នៅទូទាំងប្រទេសបានបើកមុខវិជ្ជា «សេចក្តីផ្តើមនៃគំនិតសង្គមនិយម ដែលមានចរិតលក្ខណៈចិន នៅក្នុងសម័យថ្មីរបស់ប្រធានាធិបតី ស៊ី ជីនពីង ឬ An Overview of Socialist Thought with Chinese Characteristics in Xi Jinping's New Era»។ នេះបើយោងតាមព្រឹត្តិបត្ររបស់គណបក្សកុម្មុយនិស្តចិនដែលមានឈ្មោះថា ស្វែងរកការពិត ឬ Seeking Truth។ សាកលវិទ្យាល័យទាំងនេះរួមមាន សាកលវិទ្យាល័យល្បីៗដូចជា សាកលវិទ្យាល័យ Peking និងសាកលវិទ្យាល័យ Tsinghua។
សាកលវិទ្យាល័យតូចៗនៅទូទាំងប្រទេសចិនបានបញ្ចូលមុខវិជ្ជានេះទៅក្នុងកម្មវិធីសិក្សារបស់ខ្លួនចាប់តាំងពីការប្រកាសនេះមក។ គេហទំព័រសារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍កាលពីថ្ងៃទី១០ ខែវិច្ឆិកាថា មហាវិទ្យាល័យវិជ្ជាជីវៈ Yantai នៅក្នុងខេត្ត Shandong បានបង្កើតក្រុមការងារចំនួន៣ ដើម្បីបន្ថែមអត្ថបទទាំងនេះ (ដែលបង្រៀនពីទ្រឹស្តីរបស់លោកប្រធានាធិបតី ស៊ី) ចូលទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន។
នៅក្នុងករណីជាច្រើន ខ្លឹមសារថ្មី ដែលត្រូវបានគេស្គាល់ជាទូទៅថា «គោលគំនិតរបស់លោក ស៊ី ជីនពីង» កំពុងត្រូវបានដាក់បញ្ចូលទៅក្នុងមុខវិជ្ជាដែលសិក្សាលើសំណេររបស់លោករួចទៅហើយអំពី «ជំនឿទុកចិត្តខ្លួនឯងទាំង ៤» ដែលលោកបានលើកឡើងនៅក្នុងឆ្នាំ២០១៦។ ខ្លឹមសារទាំងនេះបង្ហាញពីជំនឿសំខាន់ៗនៅក្នុងទ្រឹស្តីសង្គមនិយមរបស់លោក ស៊ី ប្រព័ន្ធសង្គម វប្បធម៌ និងផ្លូវដំណើរ ដែលសំដៅដល់ «ផ្លូវសង្គមនិយមដែលមានចរិតលក្ខណៈចិន»។
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ គណបក្សកុម្មុយនិស្តចិនបានសង្កត់ធ្ងន់លើការដឹកនាំជារួមថាជាអំណាចដែលត្រូវបានផ្លាស់ប្តូរពីមេដឹកនាំមួយទៅមេដឹកនាំមួយទៀតដែលជ្រើសរើសដោយគណបក្សកុម្មុយនិស្តចិន។ លោកប្រធានាធិបតី ស៊ី បានផ្លាស់ប្តូរវិធីសាស្ត្រនេះ ចាប់តាំងពីពេលលោកបានក្លាយជាមេដឹកនាំចិននៅក្នុងឆ្នាំ២០១២ ដោយផ្តោតលើអំណាច និងលើកទឹកចិត្តដល់ការគោរពដល់ថ្នាក់ដឹកនាំ នៅជុំវិញខ្លួនលោក ដោយបានបញ្ចូលអត្ថបទនយោបាយរបស់លោកទៅក្នុងធម្មនុញ្ញរបស់គណបក្ស និងរដ្ឋាភិបាល។ រដ្ឋាភិបាលក៏បានដាក់ឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទទំនើប (smartphone) ដែលមានបង្រៀនពី «គោលគំនិតរបស់លោក ស៊ី ជីនពីង» ដែលរដ្ឋាភិបាលបានអះអាងថា មានភាពពេញនិយមបំផុតនៅក្នុងប្រទេសចិន។
ស្របពេលមានការផ្តោតលើការអប់រំមនោគមវិជ្ជាកាន់តែច្រើនទៅៗ សារព័ត៌មានលោកខាងលិចកំពុងរាយការណ៍ថា ឯកសារផ្លូវការចេញពីសាកលវិទ្យាល័យចិនបង្ហាញថា មានកិច្ចប្រឹងប្រែងថ្មីៗក្នុងការតាមដានគំនិតរបស់សាធារណជននៅតាមបរិវេណសាកលវិទ្យាល័យ។
នៅក្នុងឯកសារមួយក្នុងចំណោមឯកសារទាំងនោះ វិទ្យាស្ថាន Heilongjiang សម្រាប់ការសិក្សាស្ថាបត្យកម្ម និងបច្ចេកវិទ្យាវិជ្ជាជីវៈបានសង្ខេប «ហានិភ័យចំនួន៨» សម្រាប់ការអប់រំនយោបាយនៅក្នុងសាកលវិទ្យាល័យ។ ហានិភ័យទាំង៨នេះរួមមាន អង្គការក្រៅរដ្ឋាភិបាលបរទេសបង្កើតទំនាក់ទំនងជាមួយនឹងនិស្សិត «ធាតុអាក្រក់ៗ» របស់បរទេសក្នុងការលើកកម្ពស់ «នយោបាយតាមផ្លូវ» ព្រមទាំងអ្វីដែលគេហៅថា ភាពទន់ខ្សោយនៅក្នុងមនោគមវិជ្ជារបស់និស្សិត និងការលំបាកក្នុងការគ្រប់គ្រងខ្លឹមសារនៃការបណ្តុះបណ្តាលរបស់គ្រូនៅក្រៅសាលា។
លោកQin Weiping ដែលជាអ្នកវិភាគនយោបាយមួយរូបបានប្រាប់ VOA ថា បើនិយាយពីវិធានការជារួមទាំងនេះ វាបង្ហាញពីរបៀបដែលគណបក្សកុម្មុយនិស្តខ្វះការទុកចិត្តលើខ្លួនឯង ហើយនិស្សិត និងគ្រូបង្រៀននៅតាមសាលាទាំងនោះមិនមែនជាអ្នកជឿជាក់យ៉ាងមុតមាំលើទ្រឹស្តីរបស់គណបក្សកុម្មុយនិស្តនោះទេ។
លោក Qin បាននិយាយក្នុងន័យដើមថា «នៅក្នុងន័យមួយ ប្រសិនបើគណបក្សកុម្មុយនិស្តចិនពិតជាជឿជាក់លើខ្លួនឯង គណបក្សនេះនឹងមិនបញ្ចេញឯកសារ និងបង្កើតចលនាអំពីជំនឿទុកចិត្តទាំង ៤ នោះទេ។ ប៉ុន្តែវាឆ្លុះបញ្ចាំងពីអសន្តិសុខខ្លាំងក្លា ដែលជាវិបត្តិអភិបាលកិច្ចបន្ទាន់នៅក្នុងក្រុមដឹកនាំជាន់ខ្ពស់របស់គណបក្សកាន់អំណាច។ ក៏មានការសង្ស័យផងដែរនៅក្នុងគណបក្ស និងក្នុងសង្គមអំពីគោលនយោបាយរបស់គណបក្ស និងទិសដៅអនាគតរបស់ប្រទេស»។
កម្មវិធីសិក្សាថ្មីសម្រាប់សញ្ញាបត្រសម្រាប់មុខវិជ្ជាទូទៅ
គំនិតផ្តួចផ្តើមថ្មីមួយទៀតរបស់គណបក្សកុម្មុយនិស្តនៅសាកលវិទ្យាល័យចិនគឺមានបំណងកែប្រែកម្មវិធីសិក្សាមុខវិជ្ជាទូទៅនៅពេលបច្ចុប្បន្ន ដើម្បីបញ្ច្រៀប «គោលគំនិតរបស់លោក ស៊ី ជីនពីង» ឱ្យបានកាន់តែច្រើន និងដើម្បី «លើកកម្ពស់ការយល់ដឹងផ្នែកមនោគមវិជ្ជា និងកម្រិតសីលធម៌របស់និស្សិត»។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ក្រសួងអប់រំបានចេញសេចក្តីប្រកាសមួយស្តីពីការបង្កើតមុខវិជ្ជាទូទៅថ្មី។ ការប្រកាសនេះបានស្នើបង្កើតវិធីសាស្ត្រថ្មីក្នុងការបង្រៀនទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គម ដែលក្រសួងនេះបានអះអាងថា នឹងជួយធ្វើឱ្យអំណាចទន់ផ្នែកវប្បធម៌របស់ប្រទេសនេះល្អប្រសើរជាងមុន។ វិធីសាស្ត្រថ្មីនេះរួមមានទាំងការបញ្ចូលអត្ថបទសំណេរ និងមនោគមវិជ្ជារបស់លោក ស៊ី ទៅក្នុងកម្មវិធីសិក្សាមុខវិជ្ជាទូទៅនេះផងដែរ។
នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីគណបក្សកុម្មុយនិស្តចិនបានសង្កត់ធ្ងន់ពីការដកចេញ «គុណតម្លៃលោកខាងលិច» ពីកម្មវិធីសិក្សាចិន ដោយមិនបានបញ្ជាក់លម្អិតថា អ្នកនិពន្ធបរទេស ឬគំនិតបរទេសមួយណាត្រូវបានដកចេញនោះទេ។
ការលើកឡើងបែបនេះនៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសចិន បានធ្វើឱ្យអ្នកគ្រប់គ្រងសាលាមួយចំនួននិយាយថា ដេប៉ាតឺម៉ង់ទាំងមូលចាំបាច់ត្រូវរៀបចំឡើងវិញ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន លោក Xu Xianming ដែលជាមន្ត្រីនៃក្រសួងអប់រំបានសង្កត់ធ្ងន់ថា «មុខវិជ្ជាទូទៅនេះគួរតែដាក់ឱ្យស្ថិតនៅក្រោមប្រព័ន្ធដឹកនាំរបស់ចិន និងដកចេញពីប្រព័ន្ធដឹកនាំរបស់លោកខាងលិច។ កម្មវិធីសិក្សាមុខវិជ្ជាទូទៅថ្មីរបស់ចិននឹងមិនមានវត្តមាននោះទេ ប្រសិនបើការកែប្រែនេះមិនត្រូវបានបញ្ចប់នោះ»។
លោកJia Huixuan សាស្ត្រាចារ្យជំនាញមុខវិជ្ជាទូទៅចូលនិវត្តន៍មួយរូបនៅសាកលវិទ្យាល័យ Peking មិនយល់ស្របតាមការណែនាំនេះទេ។
លោក Jia បាននិយាយក្នុងន័យដើមថា «យើងនៅសាកលវិទ្យាល័យ Peking តែងតែតស៊ូមតិឱ្យមានការចូលរួមពីគ្រប់ភាគី និងសេរីភាពក្នុងការសិក្សាស្រាវជ្រាវ និងសម្រាប់វិទ្យាសាស្ត្រ។ ការព្យាយាមដាក់ការរឹតត្បិតលើសកម្មភាពសិក្សាស្រាវជ្រាវបែបនេះមិនមែនជារឿងល្អនោះទេ»។
មនុស្សមួយចំនួនទៀតរិះគន់កាន់តែខ្លាំងលើការផ្លាស់ប្តូរដែលបានស្នើឡើងខាងលើ។
លោក Qin បាននិយាយក្នុងន័យដើមថា «ការពង្រឹងការអប់រំលើមុខវិជ្ជាទូទៅអាចជាការឃោសនានយោបាយមួយប្រភេទ ដោយសារតែមុខវិជ្ជាទូទៅរបស់គណបក្សកុម្មុយនិស្តត្រូវបានរបបដឹកនាំនេះប្រើប្រាស់... ដើម្បីពង្រឹងភាពស្មោះស្ម័គ្រចំពោះគោលគំនិតរបស់ថ្នាក់ដឹកនាំ»៕