នៅថ្ងៃអង្គារនេះ ប្រទេសចិនបានស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់របស់មន្រ្តីគណបក្សកុម្មុយនិស្តនិងរដ្ឋមន្រ្តីរបស់គណៈរដ្ឋមន្រ្តីវៀតណាមដែលបំពេញទស្សនៈកិច្ចដើម្បីផ្សារចំណងទាក់ទង បន្ទាប់ពីមានភាពតានតឹងលើការទាមទារទឹកដីក្នុងសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) បានស្វាគមន៍លោក Nguyen Phu Trong ប្រធានគណបក្សកុម្មុនិស្ត ដោយមានក្បួនកិត្តិយសកងទ័ពនៅថ្ងៃអង្គារនេះ នៅឯមហាសាលរបស់ប្រជាជន ជាទីកន្លែងរបស់អង្គការនីតិប្រតិបត្តិនៅកណ្តាលទីក្រុងប៉េកាំង បន្ទាប់ពីមេដឹកនាំទាំង២ធ្វើជាអធិបតីភាពនៅក្នុងការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ។
លោក Trong ត្រូវបានរួមដំណើរបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃដោយរដ្ឋមន្រ្តីការបរទេសលោក Pham Binh Minhរដ្ឋមន្រ្តីការពារប្រទេសលោក Phung Quang Thanh ហើយនិងរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈលោក Tran Dai Quang។
ការតានតឹងបានកើនឡើងខ្ពស់ បន្ទាប់ពីចិនបានដំឡើងការដ្ឋានខួងប្រេងដ៏ធំមួយកាលពីខែឧសភាឆ្នាំទៅ នៅជិតប្រជុំកោះមានជម្លោះ Paracel ដែលត្រូវបានទាមទារដោយប្រទេសវៀតណាមផងដែរ។
បាតុកម្មដ៏ធំប្រឆាំងចិនក្នុងប្រទេសវៀតណាម បានធ្វើឲ្យពលរដ្ឋចិនយ៉ាងហោចណាស់ក៏៤នាក់ដែរស្លាប់។ កប៉ាល់មកពីប្រទេសទាំង២ បានជន្លដាក់គ្នានៅក្នុងផ្ទៃទឹកនៅជុំវិញការដ្ឋានខួងប្រេងនោះ ដែលនាំឲ្យមានការភ័យខ្លាចនៃការប្រឈមដាក់គ្នាដោយអំពើហិង្សា។
ចិនបានច្រានចោលការចោទប្រកាន់របស់វៀតណាមពីការរំលោភទឹកដីរបស់ខ្លួន ក៏ប៉ុន្តែបានដកការដ្ឋានខួងប្រេងដែលមានតម្លៃរាប់ពាន់លានដុល្លាចេញកាលពីខែកក្កដា ដោយនិយាយថាខ្លួនបានបញ្ចប់បេសកម្មរបស់ខ្លួនហើយត្រូវការប្រុងប្រៀបសម្រាប់ការចាប់ផ្តើមរដូវព្យុះសង្ឃរា៕