ប្រទេសចិនបានព្រមានថា ការបោះឆ្នោតរបស់គណបក្សដែលមានទំនោររកប្រជាធិបតេយ្យនៅទីក្រុងហុងកុងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីជ្រើសរើសបេក្ខជនសម្រាប់ការបោះឆ្នោតរដ្ឋសភាហុងកុងនៅពេលខាងមុខ ប្រហែលជាបានរំលោភលើច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានអនុម័តកាលពីពេលថ្មីៗនេះ។
ពលរដ្ឋហុងកុងជាង ៦ សែននាក់ បានទៅបោះឆ្នោតនៅតាមស្ថានីយបោះឆ្នោតប្រហែល ២៥០ កន្លែង ដើម្បីជ្រើសរើសបេក្ខជនខ្លាំងជាងគេបំផុតដែលមានទំនោររកប្រជាធិបតេយ្យ ដើម្បីទៅប្រកួតជាមួយនឹងបេក្ខជនដែលមានទំនោររករដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងការបោះឆ្នោតរដ្ឋសភាហុងកុងនៅខែកញ្ញាខាងមុខ។
សេចក្ដីប្រកាសមួយដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទម្សិលមិញដោយការិយាល័យទំនាក់ទំនង ដែលតំណាងឱ្យរដ្ឋាភិបាលចិនដីគោកនៅហុងកុង បានហៅការបោះឆ្នោតនេះថាជា «ការបង្កហេតុធ្ងន់ធ្ងរចំពោះប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន»។
សេចក្ដីប្រកាសនេះក៏បានរិះគន់ផងដែរលើកិច្ចប្រឹងប្រែងរបស់អ្នករៀបចំការបោះឆ្នោតថាជាការប៉ុនប៉ង «ដើម្បីដណ្ដើមអំណាចគ្រប់គ្រងលើទីក្រុងហុងកុង និងបង្កើតឱ្យមានបដិវត្តន៍ពណ៌»៕