រដ្ឋមន្រ្តីក្រសួងការបរទេសចិនបានព្រមានថា សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើងកំពុងឆ្ពោះទៅរកការប៉ះទង្គិចគ្នា ដោយលើកពីហេតុផលនៃការកើនឡើងនៃការតានតឹងនៅឧបទ្វីបកូរ៉េ។ លោករដ្ឋមន្រ្តីការបរទេសចិន ក៏បានជំរុញឲ្យភាគីទាំង២ចាត់វិធានការដើម្បីបន្ធូរបន្ថយស្ថានភាពនេះ។
ក៏ប៉ុន្តែនៅពេលដែលរដ្ឋមន្រ្តីការបរទេសចិន Wang Yi បាននិយាយពីអ្វីដែលលោកពណ៌នាថា «វិបត្តិកាន់តែធ្ងន់ធ្ងរឡើង» នោះ ពួកអ្នកវិភាគបាននិយាយថា កំណត់សម្គាល់របស់លោករដ្ឋមន្រ្តីការបរទេសចិនសង្កត់ពីការចុះថយឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ហើយនិងព្រឹត្តិការណ៍នៅលើឧបទ្វីបកូរ៉េ។
ថ្លែងប្រាប់ពួកអ្នកយកព័ត៌មាននៅខាងក្រៅជំនួបនយោបាយកម្រិតខ្ពស់ប្រចាំឆ្នាំ លោករដ្ឋមន្រ្តីការបរទេសចិន Wang Yiបានរិះគន់រដ្ឋាភិបាលក្រុងព្យុងយ៉ាងពីការមិនអើពើការដាក់ទណ្ឌកម្មរបស់អន្តរជាតិ ហើយនិងការជំទាស់ប្រឆាំងដល់កម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង។ លោករដ្ឋមន្រ្តីការបរទេសចិន បានជជែកឲ្យហេតុផលថា សមយុទ្ធយោធាទ្រង់ទ្រាយធំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏បានបង្កើនការតានតឹងដែរ។
លោករដ្ឋមន្រ្តីការបរទេសចិន Wang Yi បាននិយាយបន្ថែមទៀតថា «ភាគីទាំង២ដូច ជារទេះភ្លើង២ខ្សែដែលកំពុងបង្កើនល្បឿនសំដៅដាក់គ្នា ដោយគ្មានភាគីណាមួយមានឆន្ទៈដកថយទេ។ សំណួរគឺថា តើភាគីទាំង២ប្រុងប្រៀបដើម្បីប៉ះទង្គិចគ្នាហើយឬនៅ?»។
លោករដ្ឋមន្រ្តីការបរទេសចិន បានអំពាវនាវកូរ៉េខាងជើងបញ្ចប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលរបស់ខ្លួនជាមុនសិនហើយសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់សមយុទ្ធយោធារបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង៕