ប្រទេសចិនបានជំរុញដល់ប្រទេសអូស្ត្រាលីឱ្យជូនដំណឹងមកខ្លួន ពីការចល័តនាវាណាមួយនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត ដោយមន្ត្រីជាន់ខ្ពស់ចិនមួយរូបព្រមានថា ឧប្បត្តិហេតុតូចតាចមួយរវាងកងយោធានៃប្រទេសទាំងពីរ អាចបង្កើតឱ្យមានភាពតានតឹង និងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងទ្វេភាគីបាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយកាលពីសប្តាហ៍មុនថា នាវាចម្បាំងចិនមួយគ្រឿង បានធ្វើសកម្មភាពដែលអាចបង្កគ្រោះថ្នាក់ ដោយប្រើឧបករណ៍សូណាឆ្លុះចូលទៅបាតសមុទ្រ នៅក្នុងឧប្បត្តិហេតុមួយជាមួយនាវាកងទ័ពជើងទឹកអូស្ត្រាលីមួយគ្រឿង ដែលស្ថិតនៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ដោយធ្វើឱ្យរបួសដល់អ្នកមុជទឹកយោធាមួយរូប។
នាវាយោធាអូស្ត្រាលីដដែលនោះ ដែលមានឈ្មោះថា Toowoomba បានចាប់ផ្តើមការល្បាតរបស់ខ្លួនជាមួយប្រទេសហ្វីលីពីន នៅក្នុងសមុទ្រចិនខាងត្បូងជាលើកដំបូងកាលពីថ្ងៃសៅរ៍កន្លងទៅ ស្របពេលដែលមានភាពតានតឹងកើនឡើង រវាងរដ្ឋាភិបាលចិននិងហ្វីលីពីន ជុំវិញតំបន់ខ្ពង់រាបបាតសមុទ្រដែលកំពុងមានជម្លោះ។
ថ្លែងក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារនេះ ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃគណបក្សកុម្មុយនីស្តចិន លោក Liu Jianchao បាននិយាយថា ឧប្បតិ្តហេតុនៃការប្រើប្រព័ន្ធសូណានោះកើតមានឡើងនៅក្នុងតំបន់ទឹក ដែលកំពុងមានជម្លោះរវាងចិននិងជប៉ុន ហើយបានចោទជាសំណួរថា តើនាវាចម្បាំងអូស្ត្រាលីទៅកាន់ទីនោះធ្វើអ្វី។
ទន្ទឹមនឹងនេះដែរ កងឆ្មាំសមុទ្រចិននិយាយថា ខ្លួនបានព្រមានដល់នាវាជប៉ុន ដែលបានរំលោភចូលដោយខុសច្បាប់ទៅក្នុងតំបន់ជុំវិញដែនទឹកកំពុងមានជម្លោះក្នុងប្រជុំកោះនៃសមុទ្រចិនខាងកើតនៅថ្ងៃអង្គារនេះ។
ចិនបានទទូចដល់ប្រទេសជប៉ុនឱ្យបញ្ឈប់រាល់សកម្មភាពខុសច្បាប់នានាជាបន្ទាន់ នៅក្នុងតំបន់ជម្លោះ ដើម្បីជៀសវាងកុំឱ្យមានហេតុការណ៍ស្រដៀងគ្នានេះកើតឡើងជាថ្មីម្តងទៀត។ នេះបើតាមការបញ្ជាក់របស់ក្រុមកងឆ្មាំសមុទ្រចិន។
រីឯប្រទេសវៀតណាមវិញកំពុងបូមភក់ពីបាតសមុទ្រនិងចាក់បំពេញដីនៅប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង។ នេះជាវិធានការមួយដែលហាក់ដូចជាមានបំណងតតាំងនឹងឥរិយាបថគឃ្លើនរបស់ចិននៅក្នុងដែនទឹកដែលមានជម្លោះនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគនានា។
កិច្ចការពង្រីកផ្ទៃដីរបស់វៀតណាមកាលពីពេលថ្មីៗនេះនៅប្រជុំកោះ Spratly ដែលបានចាប់ផ្ដើមកាលពីឆ្នាំ ២០២១ ត្រូវបានគេកត់សម្គាល់ឃើញច្បាស់ជាងគេនៅថ្មប៉ប្រះទឹក Barque Canada Reef។ នេះបើយោងតាមរបាយការណ៍មួយដែលចេញផ្សាយកាលពីសប្ដាហ៍មុនដោយគម្រោងផ្ដួចផ្ដើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) របស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងកិច្ចការអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
របាយការណ៍នេះបានបញ្ជាក់ថា វៀតណាមបានបង្កើតផ្ទៃដីទំហំ ០,៨៤ គីឡូម៉ែត្រការ៉េកាលពីមួយឆ្នាំកន្លងមកនេះ។
កិច្ចការពង្រីកផ្ទៃដីរបស់វៀតណាមលើថ្មប៉ប្រះទឹក Barque Canada Reef ដែលគេហៅថា Bai Thuyen Chai ជាភាសាវៀតណាមនេះ កំពុងដំណើរការទៅមុខយ៉ាងលឿនដោយធ្វើឱ្យថ្មប៉ប្រះទឹកនេះក្លាយជាផ្ទៃដីដែលវៀតណាមកាន់កាប់ធំជាងគេបង្អស់នៅប្រជុំកោះ Spratly។ នេះបើយោងតាមអង្គការគម្រោងផ្ដួចផ្ដើមត្រួតពិនិត្យសមុទ្រចិនខាងត្បូង (South China Sea Probing Initiative (SCSPI)) របស់ប្រទេសចិន។
តាំងពីខែកក្កដាមក ផ្ទៃដីជិត ០,៥៦ គីឡូម៉ែត្រការ៉េត្រូវបានចាក់បំពេញយក ហើយអាចមានការសាងសង់វាលយន្តហោះទីពីរលើថ្មប៉ប្រះទឹកនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អង្គការ SCSPI របស់ចិននេះនៅលើបណ្ដាញសង្គមអនឡាញ X កាលពីថ្ងៃទី ២២ ខែវិច្ឆិកា៕