មន្ត្រី​ថា​កិច្ចសហប្រតិបត្តិការ​អាកាស​ធាតុ​រវាង​ចិន​និង​​អាមេរិក​មិន​អាច​ផ្តាច់ចេញពី​បញ្ហា​ពាណិជ្ជកម្មដ៏​ធំ​នោះ​ឡើយ

  • ​Reuters

រូបឯកសារ៖ ទង់ជាតិ​ចិន​និង​អាមេរិក​នៅ​ខាង​ក្រៅ​ក្រុមហ៊ុន​មួយ​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន កាលពីថ្ងៃទី១៤ ខែ​មេសា ឆ្នាំ២០២១។ (REUTERS/Aly Song)

មន្ត្រីជាន់​ខ្ពស់​ពាណិជ្ជកម្ម​ចិន​ម្នាក់​កាលពី​ថ្ងៃ​ពុធ​ បាន​និយាយ​ថា​ ចិន​និង​សហរដ្ឋ​អាមេរិក មាន​មូលបទ​រួម​គ្នាជុំវិញ​បញ្ហា​នៃ​ការ​ប្រែប្រួលអាកាសធាតុ ​និង​ការកាត់​បន្ថយ​ឧស្ម័ន​កខ្វក់​កាបោន ក៏ប៉ុន្តែ​កិច្ចសហប្រតិបត្តិការ​នេះ មិន​អាច​កាត់ផ្តាច់​ចេញ​ពី​បញ្ហា​ពាណិជ្ជកម្ម​ដែល​រីកកាន់តែ​ធំឡើង​រវាង​ប្រទេស​ទាំង​២នេះ​ទេ។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ​

អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជម្ម​ចិន​លោក Wang Shouwen បាន​ថ្លែង​នៅ​ក្នុងពីធី​ពាណិជ្ជកម្មមួយ​រវាង​សហរដ្ឋ​អាមេរិក​និងចិន​ ​ក្នុង​ទី​ក្រុង​ Xiamenថា​ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ពណ៌​បៃតង​និង​កាបោនកម្រិតតិច នឹង​មិន​ត្រឹមតែ​ជួយ​ភាគី​ទាំង​២ឲ្យ​សម្រេច​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កខ្វក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មផងដែរ។

នៅពេល​មាន​ភាពតានតឹង​ខាង​ពាណិជ្ជកម្ម​និងនយោបាយជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ស្វះស្វែង​ចាត់​វិធានការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​ថា​ជា​បញ្ហា​ដាច់​ដោយ​ឡែក​ពីគ្នា។

ទោះជាយ៉ាង​ណាក៏ដោយ ក្នុង​អំឡុង​នៃ​ជំនួប​ជាមួយ​លោក John Kerry បេសកជន​អាកាសធាតុ​របស់​សហរដ្ឋ​អាមេរិក​ដែល​បានធ្វើ​ទស្សនកិច្ចទៅ​កាន់​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន អ្នក​ការទូត​ជាន់​ខ្ពស់​ចិន​លោក Wang Yi បាន​និយាយ​ថា «កិច្ចសហប្រតិបត្តិការ​អាកាស ធាតុ»មិន​អាច​កាត់ផ្តាច់​ចេញពីទំនាក់​ទំនង​ទ្វេភាគី​កាន់តែ​ធំឡើង​រវាង​ប្រទេស​ផលិត​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏ធំ​បង្អស់​២​របស់​ពិភពលោក​នោះ​ទេ។

លោក Kerry បាន​ទទួលស្គាល់​កាលពី​សប្តាហ៍​មុន​ថា ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ធំឡើង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក អាច​មាន​ផលប៉ះពាល់​កាន់តែ​ខ្លាំង​ឡើង​លើ​កិច្ចសហប្រតិបត្តិការ​អាកាសធាតុ។

ថ្លែង​ទៅកាន់​ពួក​អ្នក​កាសែត​បន្ទាប់ពី​ការចរចា​រយៈពេល​២ថ្ងៃ​ជាមួយ​សមភាគី​ចិន​របស់​លោក​គឺ​លោក Xie Zhenhua លោក Kerry បាន​លើកយក​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​លើ​ក្រុមហ៊ុន​ផលិត​បន្ទះ​ថាមពលព្រះអាទិត្យ (solar)​ ថា​មាន​ការជាប់ទាក់ទិន​នឹង​តំបន់​Xinjiang ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនចោទប្រកាន់​ថា ចិន​បាន​រំលោភ​សិទ្ធិ​មនុស្ស៕