កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសចិនបានជំរុញប្រទេសហ្វីលីពីនឲ្យត្រឡប់មករក «ការអភិវឌ្ឍដោយសន្តិវិធី» វិញ ដោយបានបញ្ជាក់ថាការសម្រេចរបស់រដ្ឋាភិបាលហ្វីលីពីនក្នុងការប្រើប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធយោធាគឺមានតែបណ្ដាលឲ្យមានហានិភ័យនៃការប្រជែងសព្វាវុធនៅក្នុងតំបន់តែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិក ដែលអាចបំពាក់មីស៊ីលស្វ័យនាំផ្លូវដែលមានសមត្ថភាពអាចវាយប្រហារគោលដៅនៅក្នុងប្រទេសចិនបាន ត្រូវបានដាក់បញ្ចូលនៅក្នុងសមយុទ្ធរួមគ្នារវាងហ្វីលីពីននិងសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ។
កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilberto Teodoro បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Typhon នេះសម្រាប់ការធ្វើសមយុទ្ធរួមគ្នាគឺ «ត្រឹមត្រូវ ស្របច្បាប់ និងមិនអាចរិះគន់បាន»។ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនលោក Roy Galido បាននិយាយកាលពីថ្ងៃចន្ទថាហ្វីលីពីនក៏មានផែនការធ្វើយ៉ាងណាឲ្យខ្លួនមានប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមផ្ទាល់ខ្លួនផងដែរ។
ការប្រជែងគ្នារវាងចិននិងហ្វីលីពីនបានកើនឡើងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះទាក់ទិននឹងការអះអាងទាមទារកម្មសិទ្ធិរបស់ពួកគេនៅសមុទ្រចិនខាងត្បូង។ ហ្វីលីពីននិងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយគ្នាជាយូរមកហើយក៏បានពង្រឹងទំនាក់ទំនងយោធាឲ្យកាន់តែស៊ីជម្រៅផងដែរ ដោយធ្វើឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើងថែមទៀត។
អ្នកនាំពាក្យក្រសួងការបទេសចិនអ្នកស្រី Mao Ning បាននិយាយថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកនៅក្នុងនាំចូលមកនូវប្រព័ន្ធមីស៊ីល Typhon ភាគីហ្វីលីពីនបានលះបង់ចោលឲ្យប្រទេសដទៃនូវសន្តិសុខផ្ទាល់ខ្លួននឹងការការពារជាតិនិងនាំមកនូវហានិភ័យនៃការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយនិងការប្រជែងសព្វាវុធនៅក្នុងតំបន់ ដោយបង្កការគំរាមកំហែងខ្លាំងក្លាចំពោះសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់»។
អ្នកស្រីបានប្រាប់អ្នកកាសែតក្នុងសន្និសីទកាសែតជាប្រចាំថា៖ «ជាថ្មីម្ដងទៀត យើងណែនាំភាគីហ្វីលីពីនថាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ការការពារសន្តិសុខរបស់ខ្លួនគឺការប្រកាន់ខ្ជាប់នូវស្វ័យភាពយុទ្ធសាស្ត្រ ភាពជាអ្នកជិតខាងដ៏ល្អ និងការអភិវឌ្ឍដោយសន្តិវិធី»។
អ្នកស្រីបានបន្ថែមថា ចិននឹងមិននៅស្ងៀមឡើយ ប្រសិនបើផលប្រយោជន៍ផ្នែកសន្តិសុខរបស់ខ្លួនរងការគំរាមកំហែង៕