តុលាការមួយនៅខេត្ត Hunan ប៉ែកខាងត្បូងនៃប្រទេសចិន កាលពីថ្ងៃចន្ទ បានបើកសវនាការលើករណីសកម្មជនសិទ្ធិមនុស្សតៃវ៉ាន់ លោក Lee Ming-che និងលោក Peng Yuhua ដែលជាជនជាតិចិន។ អ្នកទាំងពីរបានសារភាពទទួលកំហុសពីបទចោទលើកទឹកចិត្តឲ្យផ្តួលរំលំរដ្ឋាភិបាល។
ក៏ប៉ុន្តែអ្នកវិភាគនៅក្រៅប្រទេសចិនបានថ្កោលទោសសវនាការនេះថាជារឿងកំប្លែង ឬគ្រាន់តែជាសវនាការបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ ពួកគេនិយាយថា សវនាការរបស់តុលាការខេត្ត Hunan មិនបានគូសបញ្ជាក់ពីអ្វីនោះទេ ប៉ុន្តែគ្រាន់តែបង្ហាញនូវកម្រិតខុសគ្នានៃលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋរវាងតៃវ៉ាន់និងចិនតែប៉ុណ្ណោះ។
អ្នកវិភាគទាំងនោះបានទាមទារឲ្យអាជ្ញាធរចិនដោះលែងលោក Lee ជាបន្ទាន់ ខណៈដែលតុលាការចិនបានបញ្ចប់សវនាការរយៈពេល៤ម៉ោងរបស់ខ្លួនកាលពីថ្ងៃចន្ទ តាមរយៈការប្រកាសថា ខ្លួននឹងចេញសាលក្រមនៅកាលបរិច្ឆេទក្រោយទៀត។
យោងតាមវីដេអូខ្លីៗដែលត្រូវបានបង្ហោះលើគណនី Weibo ផ្លូវការរបស់តុលាការនេះសម្រាប់ឲ្យសាធារណជនបើកមើល រដ្ឋអាជ្ញានៅក្នុងទីក្រុង Yueyang បានចោទប្រកាន់លោក Peng និងលោក Lee ថាបានរៀបចំក្រុមពិភាក្សាលើបណ្តាញសង្គមនានាដូចជាបណ្តាញសង្គមQQ បណ្តាញសង្គម Wechat និង ហ្វេសប៊ុក ចាប់តាំងពីឆ្នាំ២០១២មក ដើម្បីតស៊ូមតិលើប្រព័ន្ធប្រជាធិបតេយ្យពហុបក្សនិងការបោះឆ្នោតដោយសេរីនៅក្នុងប្រទេសចិន ដើម្បីប៉ុនប៉ងផ្តួលរំលំគណបក្សកាន់អំណាចកុម្មុយនិស្ត៕