ច្បាប់​ឆ្មាំ​សមុទ្រ​ដ៏​តឹងរ៉ឹង​ថ្មី​មួយ​របស់​ចិន​មាន​គោលដៅ​លើ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​គាំទ្រ​ដោយ​អាមេរិក

  • Ralph Jennings

រូប​ឯកសារ៖ នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​នាវា​ទាហាន​ជើងទឹក​ឥណ្ឌូណេស៊ី​ ក្នុង​អំឡុង​ពេល​យាមល្បាត​មួយ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ឥណ្ឌូណេស៊ី នៅ​ខាង​ជើង​កោះ Natuna ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។

អ្នក​វិភាគ​កំពុង​ព្រមាន​ថា ​នេះ​គឺ​ជា​ការ​យក​ប្រទេស​នៅ​អាស៊ី​ចំនួន​៥​ជា​គោលដៅ។ ប្រទេស​ទាំង​នោះ​ប្រជែង​ការ​ទាមទារ​ចំណែក​នៅ​ក្នុង​សមុទ្រ​នេះ និង​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើងៗ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​ជា​គូប្រជែង​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សមាជ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​បាន​អនុម័ត​ច្បាប់​មួយ​កាលពី​ថ្ងៃទី២២ ខែមករា​ ដែល​អនុញ្ញាត​យ៉ាង​ច្បាស់ៗ​ឱ្យ​ឆ្មាំសមុទ្រ​ប្រើប្រាស់​កងកម្លាំង។ ច្បាប់​នេះ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់ «គ្រប់​មធ្យោបាយ​ចាំបាច់​ទាំង​អស់» ដើម្បី​បញ្ឈប់​នាវា​បរទេស រួម​ទាំង​ការ​ប្រើប្រាស់​សព្វាវុធ​នៅ​លើ​នាវា​ចិន​ផង​ដែរ។

នាវា​ឆ្មាំ​សមុទ្រ​ចំនួន​ប្រមាណ​២០០​បាន​ប្រឈម​នឹង​នាវា​របស់​ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​ជាប្រចាំ។ ប្រទេស​ទាំង​បី​នេះ​មាន​ការ​ប្រជែង​ទាមទារ​អធិបតេយ្យភាព​លើ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ និង​លាត​សន្ធឹង​ពី​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​ហុងកុង​រហូត​ដល់​ឥណ្ឌូណេស៊ី។​

កង​ទ័ព​ជើង​ទឹក​សហរដ្ឋអាមេរិក​បើក​នាវា​ចម្បាំង​របស់​ខ្លួន​ជាប្រចាំកាត់​ផ្លូវ​ទឹក​ដែល​មាន​ទំហំ​៣,៥​លាន​គីឡូម៉ែត្រ​ការ៉េ​នេះ​ដើម្បី​ព្រមាន​ដល់​ចិន ដែល​ជា​អតីត​សត្រូវ​របស់​ខ្លួន​ក្នុង​សង្គ្រាម​ត្រជាក់ និង​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ផ្សេង​ទៀត​ដែល​មាន​ការ​ទាមទារ​ចំណែក​នៅ​ក្នុង​សមុទ្រ​នេះ​ដែរ។ ចិន​បាន​លើក​ឡើង​ពី​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដើម្បី​គាំទ្រ​ដល់​ការ​ទាមទារ​របស់​ខ្លួន​ដែល​មាន​រហូត​ដល់​ប្រមាណ​៩០%​នៃ​សមុទ្រ​នេះ។ ប្រទេស​ផ្សេង​ទៀត​ជឿ​ថា ការ​ទាមទារ​របស់​ចិន​រំលោភបំពាន​ច្បាប់​សមុទ្រ​អន្តរជាតិ។

លោក Alexander Vuving សាស្ត្រាចារ្យ​នៅ​មជ្ឈមណ្ឌល​អាស៊ីប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់​ការ​សិក្សា​សន្តិសុខ​នៅ​ក្នុង​រដ្ឋ Hawaii សហរដ្ឋអាមេរិក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ការ​ប្រើប្រាស់​កាំភ្លើង និង​កម្លាំង​ប្រឆាំង​ប្រទេស​ផ្សេង​គឺ​ដើម្បី​ប្រឆាំង​វៀតណាម ហ្វីលីពីន និង​ម៉ាឡេស៊ី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយសារ​តែ​អតុល្យភាព​អំណាច​សម្រាប់​ចិន»។ លោក​បាន​បន្ថែម​ថា «កាំភ្លើង​ធំ» នៅ​លើ​នាវា​ឆ្មាំ​សមុទ្រ​ចិន​អាច​នឹង​បន្លាច​ដល់​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍។

ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ទាំង​បី​ រួម​ទាំង​ប៊្រុយណេ និង​តៃវ៉ាន់​ដែល​ជា​ប្រទេស​ទាមទារ​ស្ងាត់ៗ​ខឹងសម្បា​នឹង​ចិន​ដោយសារ​តែ​ការ​ពង្រីក​អំណាច​របស់​ខ្លួន​នៅ​សមុទ្រ ជាពិសេស​នៅ​លើ​កោះ Paracel និង Spratly ដែល​មាន​ជម្លោះ​ខ្លាំងក្លា។ ប្រទេស​ចិន​ដោយ​មាន​កងកម្លាំង​ខ្លាំង​បំផុត​នៅ​តំបន់​អាស៊ី​ និង​ជា​ប្រទេស​មាន​អំណាច​ធំបំផុត​ទី៣​នៅ​ក្នុង​ពិភពលោក​បាន​សាងសង់​កូន​កោះ​មួយ​ចំនួន​ដែល​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​និយាយ​ថា ជា​របស់​ពួកគេ។ សមុទ្រ​នៅ​ជុំវិញ​នោះ​មាន​តម្លៃ​ដោយសារ​តែ​ទិន្នផល​ត្រី និង​ធនធាន​ឥន្ធនៈ​នៅ​បាត​សមុទ្រ។

បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា លោក Delfin Lorenzana រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​បាន​និយាយ​ថា ច្បាប់​ឆ្មាំ​សមុទ្រ​របស់​ចិន​បង្កើន​ហានិភ័យ​នៃ​ «ការ​វិនិច្ឆ័យ​នៅ​សមុទ្រ​ខុស»។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​បាន​ប្រតិកម្ម​ទៅ​នឹង​ចំណាត់ការ​របស់​ចិន​ដោយ​បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំង​អស់​គោរព​ច្បាប់​អន្តរជាតិ។

កងទ័ព​ជើង​ទឹក​វៀតណាម​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ១៩៧៤ និង​ឆ្នាំ១៩៨៨ នៅ​ក្នុង​ការ​ប៉ះទង្គិច​យោធា​ជាមួយនឹង​ចិន។ ប្រទេស​ទាំង​ពីរ​បាន​បុក​ទូក​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ឆ្នាំ២០១៤ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ដំឡើង​អណ្តូង​ជីក​យក​ប្រេង​របស់​ចិន​នៅ​លើ​ផ្ទៃ​ទឹក​មាន​ជម្លោះ។ ចិន និង​ហ្វីលីពីន​បាន​ជាប់​ក្នុង​ភាព​ទ័លច្រក​នៅ​ក្នុង​ឆ្នាំ២០១២ ដោយសារ​តែ​ភាគី​ចិន​បាន​ក្តោបក្តាប់​ផ្ទៃ​ទឹក​នៅ​ខាង​លិច​កោះ Luzon។ ចិន និង​ម៉ាឡេស៊ី​បាន​ជាប់​ក្នុង​ភាព​ទ័លច្រក​នៅ​ដើម​ឆ្នាំ២០២០។

ប្រទេស​ទាមទារ​នៅ​អាស៊ីអាគ្នេយ៍​ក៏​តាមដាន​កប៉ាល់​របស់​ចិន​ដែល​បើក​នៅ​ក្បែរ​កោះ​មាន​ជម្លោះ និង​បណ្តេញ​កប៉ាល់​នេសាទ​របស់​ចិន​ផង​ដែរ។​

ការ​ខឹងសម្បា​របស់​ចិន​បាន​កើន​ឡើង​ដោយសារ​តែ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​ទាមទារ​នៅ​អាស៊ីអាគ្នេយ៍​ បូក​រួម​នឹង​ការ​បើក​នាវា​ចម្បាំង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ប្រចាំ ជា​ឧទាហរណ៍ ការ​ធ្វើ​សមយុទ្ធ​របស់​ក្រុម​កប៉ាល់​ដឹក​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​កាលពី​ដើម​ខែ​នេះ។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដែល​មិន​មាន​ការ​ទាមទារ​នៅ​ក្នុង​សមុទ្រ​នេះ​ បាន​ជួយ​បង្វឹក​ទាហាន​ហ្វីលីពីន​ ហើយ​នៅ​ក្នុង​ឆ្នាំ២០១៦ សហរដ្ឋអាមេរិក​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​លក់​អាវុធ​ដ៏​ប្រល័យ​ទៅ​ឱ្យ​វៀតណាម។ តៃវ៉ាន់​បាន​ទិញ​សព្វាវុធ​ទំនើបៗ​ពី​សហរដ្ឋអាមេរិក​រួច​ហើយ។

លោក Eduardo Araral សាស្ត្រចារ្យ​រង​នៅ​សាលា​គោលនយោបាយ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «ខ្ញុំ​គិត​ថា កងទ័ព​រំដោះ​ប្រជាជន​ចិន​កំពុង​លេង​ល្បែង​នៃ​ភាព​មិន​ច្បាស់លាស់​នៅ​ក្នុង​ការ​គិត​របស់​មនុស្ស​គ្រប់​គ្នា ដើម្បី​ឱ្យ​ភាព​មិន​ច្បាស់​លាស់​នេះ​ធ្វើ​ជា​រនាំង​មួយ​ដោយ​និយាយ​ថា កុំ​ធ្វើ​សកម្មភាព​លឿន​ពេក​នៅ​ក្នុង​ទឹកដី​ទាំង​នេះ ដោយសារ​តែ​យើង​មាន​ជម្រើស​នេះ»។

នៅ​ក្នុង​ក្រុង​ប៉េកាំង លោក Li Shanzhu ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​និយាយ​ថា ច្បាប់​ឆ្មាំ​សមុទ្រ​នេះ «ផ្តល់​ការ​ធានា​ផ្លូវ​ច្បាប់​ដើម្បី​ការ​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​អធិបតេយ្យភាព​ជាតិ សិទ្ធិ និង​ផលប្រយោជន៍​ដែន​សមុទ្រ និង​សន្តិសុខ» នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Xinhua ផ្លូវ​ការ​របស់​ចិន។

លោក Vuving បាន​និយាយ​ថា ឆ្មាំ​សមុទ្រ​ចិន​មាន​នាវា​ដែល​មាន​កងកម្លាំង​ត្បាត​ធំៗ​បំផុត​នៅ​ក្នុង​ពិភពលោក ប៉ុន្តែ​ចិន​មិន​អាច​ប្រៀបធៀប​ជាមួយ​នឹង​កងកម្លាំង​សហរដ្ឋអាមេរិក​បាន​ទេ។

លោក Yun Sun អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ី​ខាង​កើត​នៅ​មជ្ឈមណ្ឌល Stimson បាន​និយាយ​ថា ផ្ទុយ​ទៅ​វិញ ចិន​សង្ឃឹម​នឹង​ស្តារ​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden បន្ទាប់​ពី​ទំនាក់ទំនង​រកាំរកូស​រយៈពេល​៤ឆ្នាំ​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump។

លោក Yun Sun បាន​និយាយ​ក្នុង​ន័យ​ដើម​ថា «បរិបទ​នៃ​ការ​ប្រកួតប្រជែង​មហាអំណាច​ក្នុង​រយៈពេល​បួន​ឆ្នាំ​មុន​គឺ​ជា​រឿង​អវិជ្ជមាន​ខ្លាំង​មែនទែន។ ប្រសិនបើ​រដ្ឋាភិបាល​ចិន​មាន​ក្តីរំពឹង​ថា នឹង​មាន​ការ​ល្អប្រសើរ​ឡើង ការ​ប្រតិកម្ម​លើស​កម្រិត​នៅ​ចំណុច​នេះ​មិន​មែន​ជា​យុទ្ធសាស្ត្រ​ល្អ​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា