រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាងមុនជាមួយប្រទេសមីយ៉ាន់ម៉ា និងបានសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋរបស់មីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ បន្ទាប់ពីលោក Wang Yi បានធ្វើដំណើរទៅដល់ប្រទេសមីយ៉ាម៉ា ដែលជាប្រទេសទីមួយក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃរបស់លោក ទៅកាន់តំបន់អាស៊ីអាគ្នេយ៍។
លោក Wang បានជួបប្រជុំជាមួយប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint និងប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi។
លោក Wang មានគម្រោងជួបពិភាក្សាជាមួយមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅក្នុងរដ្ឋធានីណៃពិដោ នៅថ្ងៃអង្គារនេះ មុនពេលចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ប្រ៊ុយណេ និងហ្វីលីពីន។
លោក Wang និងមន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខព្រំដែន កិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជាតួនាទីរបស់ចិននៅក្នុងការស្វែងរកសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា និងក្នុងការធ្វើមាតុភូមិនិវត្តន៍ដែលអាចទៅរួចរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) ផងដែរ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវិទ្យុនិងទូរទស្សន៍មីយ៉ាន់ម៉ា (MRTV)។
បន្ថែមពីលើកិច្ចពិភាក្សាទាំងនេះ លោក Wang ក៏បានសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនចិន ចំនួន ៣ សែនដូស ដល់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕