ប្រទេសចិននឹងបង្កើនពន្ធគយលើទំនិញស.រ.អា.មានទឹកប្រាក់៧៥ពាន់លានដុល្លារ ហើយនឹងដកពន្ធ២៥ភាគរយជាថ្មីឡើងវិញលើឡានអាមេរិកាំង ជាការសងសឹកប្រឆាំងនឹងគម្រោងរបស់ប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ ដែលថានឹងបង្កើនពន្ធគយលើទំនិញចិនចាប់តាំងពីថ្ងៃទី១ខែកញ្ញាទៅ។
ប្រាក់ចំណូលរបស់ក្រសួងហិរញ្ញវត្ថុស.រ.អា.ចុះថយកាលពីថ្ងៃសុក្រនៅក្រោយសេចក្តីប្រកាសថ្មីបំផុតនេះរបស់ប្រទេសចិនដែលកំណត់កំណើនសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានវាយប្រហារប្រឆាំងនឹងប្រទេសចិនតាម Twitter កាលពីថ្ងៃសុក្រហើយលោកបាននិយាយថា លោកនឹងឆ្លើយតបនឹងការដកពន្ធដារចិននៅរសៀលនេះ។
លោក ត្រាំ បាននិយាយថា៖ «ប្រទេសយើងបានខាតបង់បា្រក់រាប់លានលានដុល្លារជាមួយប្រទេសចិនជាច្រើនឆ្នាំមកហើយ។ ពួកចិនបានលួចកម្មសិទ្ធិបញ្ញារបស់យើងតាមអត្រារាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំៗហើយពួកគេចង់បន្តធ្វើដូច្នេះទៀត។ ខ្ញុំមិនអនុញ្ញាតឱ្យមានការណ៍នេះទៀតទេ។ យើងមិនត្រូវការប្រទេសចិនទេ ហើយបើនិយាយដោយត្រង់ទៅគឺថា យើងអាចសំបូរធនធានច្រើនជាងនេះឆ្ងាយណាស់ប្រសិនបើគ្មានចិនទេ»។
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងដាក់កំហិតពន្ធគយបន្ថែមចំនួន ៥ភាគរយឬ ១០ភាគរយ លើទំនិញអាមេរិកាំងចំនួន៥ពាន់៧៨មុខដោយមានរួមបញ្ចូលផលិតផលកសិកម្ម, ប្រេងឆៅ, យន្តហោះតូចៗ និងរថយន្ត។
ពន្ធដារចិនលើទំនិញស.រ.អា.ខ្លះនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ហើយខ្លះទៀតនឹងត្រូវអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ។
មន្ត្រីម្នាក់នៃរដ្ឋបាលលោក ត្រាំ បាននិយាយថាស.រ.អា. និងប្រទេសចិននៅតែគ្រោងធ្វើការចរចាពាណិជ្ជកម្មទល់មុខគ្នាមួយលើកទៀតនៅខែក្រោយ៕