ប្រទេសចិនបាននិយាយថា ខ្លួននឹងលុបពន្ធគយលើសណ្តែកសៀង, សាច់ជ្រូក និងផលិតកសិកម្មស.រ.អា.ឯទៀតដែលដឹកជញ្ជូនចូលទៅលក់ក្នុងប្រទេសចិនដែលជាសញ្ញាមួយទៀតនៃការបន្ធូរភាពតានតឹងរវាងប្រទេសទាំងពីរ។ ការប្រកាសនេះធ្វើឡើងនៅមុនកិច្ចចរចាពាណិជ្ជកម្មដែលមានកំណត់នឹងធ្វើនៅខែក្រោយនេះ។
សេចក្តីប្រកាសនេះដែលបានត្រូវរាយការណ៍កាលពីថ្ងៃសុក្រដោយទីភ្នាក់ងារព័ត៌មាន Xinhua របស់ប្រទេសចិនជាកាយវិការថ្មីៗបំផុតក្នុងបណ្តាដែលប្រទេសទាំងពីរនេះដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកបានធ្វើដើម្បីកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតមានឡើងរវាងប្រទេសទាំងពីរនេះ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Gao Feng អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ប្រទេសចិនពិចារណាអំពីការទិញផលិតផលកសិកម្មស.រ.អា.ដូចជាសាច់ជ្រូកនិងសណ្តែកសៀងជាដើម។
លោក Gao ក៏បាននិយាយដែរថា ភាគីទាំងពីរនឹងបន្តបង្កើតស្ថានភាពល្អប្រសើរសម្រាប់កិច្ចចរចាពាណិជ្ជកម្មក្នុងពេលខាងមុខនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
កាលពីពេលមុនប្រទេសចិនបានដាក់កំហិតពន្ធដារ២៥ភាគរយលើកសិផលស.រ.អា. ហើយបានបញ្ជាដល់ពួកអ្នកដឹកជញ្ជូនទំនិញមកលក់ក្នុងប្រទេសឱ្យឈប់ទិញសណ្តែកសៀងដែលជាផលិតផលច្រើនបំផុតដែលស.រ.អា.ដឹកទៅលក់ក្នុងប្រទេសចិន។ រដ្ឋាភិបាលក្រុងប៉េកាំងមិនបានបញ្ជាក់កាលពីថ្ងៃសុក្រទេថាតើនឹងមានការទិញសណ្តែកសៀងជាថ្មីឡើងវិញឬបែបណាឡើយ។
ការហូតពន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានត្រូវដាក់កំហិតជាការឆ្លើយតបនឹងការបង្កើនពន្ធដារដោយលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ លើផលិតផលចិន។
កាលពីថ្ងៃពុធ លោក ត្រាំ បានប្រកាសថា លោកបានពន្យារពេលការដកពន្ធដារលើទំនិញចិនមានទឹកប្រាក់២៥០ពាន់លានដុល្លារពីថ្ងៃទី១ទៅថ្ងៃទី១៥ខែតុលាវិញ។
លោកបាននិយាយតាម Twitter ថា លោកឧបនាយករដ្ឋមន្ត្រីចិន Liu He បានសុំឲ្យមានការពន្យារពេលនេះដោយសារមានការប្រារព្ធខួបឆ្នាំទី៧០នៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១ ខែតុលា៕