កម្ពុជានិងចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (Free Trade Agreement) ជាផ្លូវការ នៅថ្ងៃច័ន្ទនេះ ហើយទីក្រុងប៉េកាំង ក៏បានសម្រេចផ្តល់ជំនួយឥតសំណងដល់ទីក្រុងភ្នំពេញប្រមាណ ១៤០ លានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងដែលកម្ពុជាធ្វើជាមួយរដ្ឋបរទេសនេះ ត្រូវបានចុះហត្ថលេខានៅទីបញ្ចប់នៃដំណើរទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ នៅកម្ពុជារបស់លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីក្រសួងការបរទេសចិន។
កម្ពុជាអះអាងថាកិច្ចព្រមព្រៀង FTA ជាមួយចិននេះ នឹងធ្វើឲ្យខ្លួនដែលជាប្រទេសផលិតស្បៀង អាចបង្កើននាំចេញកសិផលចូលទៅទីផ្សារចិនដីគោក បើទោះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំខុសគ្នាឆ្ងាយ ហើយប្រទេសចិនខ្លួនឯងជាប្រទេសមួយដែលដាំដុះកសិផលស្ទើរតែសព្វមុខក៏ដោយ។
ក្នុងពិធីចុះហត្ថលេខានៅការិយាល័យនាយករដ្ឋមន្ត្រីកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថាកិច្ចព្រមព្រៀងនេះនឹងនាំឲ្យកម្ពុជា និងចិនក្លាយជាដៃគូពាណិជ្ជកម្មរឹងមាំនិងយូរអង្វែង។ លោកបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយការអនុវត្តកិច្ចព្រមព្រៀង នឹងចាប់ពីដើមឆ្នាំ ២០២១។
សមភាគីចិនរបស់លោក ប៉ាន សូរស័ក្តិ គឺលោករដ្ឋមន្ត្រីពាណិជ្ជកម្មចិន Zhong Shan បានថ្លែងតាមប្រព័ន្ធទូរគមនាគមន៍ពីទីក្រុងប៉េកាំងមកថា រដ្ឋាភិបាលចិននឹងត្រៀមខ្លួនធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះចូលជាធរមានឱ្យឆាប់បំផុត។
ខ្លឹមសារទាំងស្រុងនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ហើយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលក៏មិនបានអនុញ្ញាតឲ្យសួរសំណួរនោះទេ ក្រោយបញ្ចប់ការចុះកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងនេះធ្វើឡើង ស្របពេលសហភាពអឺរ៉ុបទើបនឹងដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ ឬ Everything But Arms (EBA)» កាលពីខែសីហា ដោយចាប់ផ្ដើមយកពន្ធលើទំនិញ ២០% ដែលនាំចេញពីកម្ពុជា ជាការឆ្លើយតបនឹងការ «រំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយក្នុងប្រទេសនេះ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ មុនការបោះឆ្នោតជាតិឆ្នាំ ២០១៨។
មុនមានការចុះហត្ថលេខាដែលប្រព្រឹត្តទៅនៅម៉ោងជិត ១ រសៀលថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន ក៏មានជំនួបទ្វេភាគីជាមួយលោក វ៉ាង យី ផងដែរ។
លោក អ៊ាង សុផល្លែត ជំនួយការរបស់នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះមានសារសំខាន់ណាស់ ហើយលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA) នឹងបាត់បង់នៅថ្ងៃណាមួយ ហើយពាណិជ្ជកម្មសេរីនេះ មិនបាត់បង់នោះទេ។
«ហើយសម្ដេចបានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅថ្ងៃនេះ គឺមានសារៈសំខាន់ណាស់។ EBA គង់មានថ្ងៃណាមួយនឹងបាត់បង់។ ប៉ុន្តែកិច្ចព្រមព្រៀងទីផ្សារសេរីរវាងកម្ពុជានិងចិន គឺនៅកម្ពុជាជារៀងរហូត»។
លោក អ៊ាង សុផល្លែត បន្តថា ភាគីចិនរក្សាជំហរបន្តគាំទ្រប្រទេសកម្ពុជា។
«ឯកឧត្ដម [Wang Yi] ក៏បានបន្តថា ចិននៅតែបន្តគាំទ្រកម្ពុជាយ៉ាងរឹងមាំជាទីបំផុត ធ្វើយ៉ាងណាឲ្យកម្ពុជារក្សាឲ្យបាននូវអធិបតេយ្យ និងភាពថ្លៃថ្នូររបស់កម្ពុជា»។
មុនការចុះកិច្ចព្រមព្រៀងនេះ លោក វ៉ាង យី បានជួបជាមួយអតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង កាលពីល្ងាចថ្ងៃអាទិត្យ ភ្លាមៗក្រោយលោកបានចុះពីលើយន្តហោះ។
ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនលោក ហោ ណាំហុង បានលើកឡើងថា ភាគីចិនបានប្រគល់នូវកំណត់ទូតអំពី «ជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា» ដែលមានទឹកប្រាក់ ៩៥០ លានយ័ន (ប្រហែល១៤០លានដុល្លារ)។ លោក ហោ ណាំហុង មិនបានបញ្ជាក់ទេថានេះជាជំនួយអ្វីនិងលើវិស័យណា។
ជំនួយផ្សេងទៀតរួមមានគម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង គម្រោងសាងសង់ផ្លូវ គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទគម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ដដែលរបស់លោក ហោ ណាំហុង។
ស្ថានីយ៍ទូរទស្សន៍មជ្ឈឹមចិន CCTV ដែលគ្រប់គ្រងដោយរដ្ឋ បានចុះផ្សាយដោយស្រង់សម្ដីលោក វ៉ាង យី ក្នុងពេលជួបជាមួយលោក ហោ ណាំហុង ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជួយលើកកម្ពស់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែវាថែមទាំងចូលរួមចំណែកជួយកម្ពុជាដោះស្រាយបញ្ហាប្រឈម ដោយសារជំងឺរាតត្បាតកូវីដ១៩។
ប្រព័ន្ធឃោសនាផ្លូវការដដែលបានចុះផ្សាយការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសចិនបន្ថែមថា៖ «ប្រទេសចិននៅតែត្រៀមខ្លួនរួចរាល់ ដើម្បីបន្តពង្រឹងនូវការទុកចិត្តផ្នែកនយោបាយនិងបង្កើនការគាំទ្រទ្វេភាគី ហើយបង្ហាញផ្លូវរួមគ្នា និងលើកកម្ពស់ការអភិវឌ្ឍចំណងទាក់ទងទ្វេភាគីក្រោយការបញ្ចប់ជំងឺកូវីដ១៩»។
បើតាមលោក ហោ ណាំហុង ភាគីចិនបានយល់ព្រមទិញស្វាយ (ដែលបានចុះអនុស្សារណៈរួចហើយ) និងត្រីទៅប្រទេសចិន និងស្នើជំរុញការនាំចូលឲ្យបានឆាប់។ លោកក៏បានស្នើប្រទេសចិនជួយទិញផលិតផលកសិកម្មខ្មែរឲ្យបានច្រើនថែមទៀត រួមមានម្រេច ទុរេន ស្ករស ផ្លែតាង៉ែនជាដើម។ លោកក៏បានស្នើឲ្យចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិន ក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិនមានទឹកប្រាក់ប្រមាណ ៩,៤ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩ ដែលក្នុងនោះ ភាគច្រើនលើសលប់ជាការនាំចូលពីចិនមកកម្ពុជា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។ ប្រទេសទាំងពីរគ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០២៣។
ព័ត៌មានទាក់ទង៖ ចិននឹងធ្វើពាណិជ្ជកម្មសេរីជាមួយកម្ពុជា ពេលលោកខាងលិចគាបសង្កត់កម្ពុជា
លោក Jayant Menon សេដ្ឋវិទូនិងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ ISEAS ក្នុងប្រទេសសិង្ហបុរី បានឱ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននឹងបង្កើន «ភាពងាយរងគ្រោះ» របស់កម្ពុជាក្នុងកាលៈទេសៈ ឬសេណារីយោ ដែលសេដ្ឋកិច្ចចិនជួបបញ្ហា។ លោកប្រាប់ VOA តាមសារអ៊ីម៉ែលថា៖
«ដើម្បីបន្ថយហានិភ័យនេះ កម្ពុជាគួរសំឡឹងទៅមុខបន្ថែមទៀតក្នុងការធ្វើពិពិធកម្មបង្កើនប្រភពផ្សេងៗនៃលំហូរពាណិជ្ជកម្មវិនិយោគចូលក្នុងប្រទេស ដែលធ្វើដូច្នេះនឹងបន្ថយការពឹងពាក់លើសកម្រិតទៅលើដៃគូពាណិជ្ជកម្មតែមួយឬតិចតួច។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះគួរតែត្រូវបានពិចារណាឱ្យល្អិតល្អន់ ក្នុងបរិបទដែលថា តើវាប៉ះពាល់ដល់កម្មវត្ថុនៃការធ្វើពិពិធកម្មយ៉ាងណា តើវាបង្កើនការពឹងអាស្រ័យ[ចិន]ដល់កម្រិតណា»។
បណ្ឌិត អៀ សុផល សាស្ត្រាចារ្យរងជំនាញការទូតនៅមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងបង្កើនឥទ្ធិពលចិនដែលមានស្រាប់នៅកម្ពុជា លើការគ្រប់គ្រងលំហូរវិនិយោគការកុម្ម៉ង់ទិញ និងការផ្ដល់ហិរញ្ញប្បទានដល់វិនិយោគក្នុងប្រទេសកម្ពុជា។
ហានិភ័យអាចបន្ថយឱ្យនៅទាបបាន លុះត្រាណាកម្ពុជា «ប្រកាសខ្លួនឯករាជ្យ» ពីឥទ្ធិពលប្រទេសចិន តាមរយៈការធ្វើតុល្យកម្មជាមួយទំនាក់ទំនងនឹងសហរដ្ឋអាមេរិក ហើយបកត្រឡប់ក្រោយមកអនុវត្តលទ្ធិប្រជាធិបតេយ្យឱ្យបានខ្ជាប់ខ្ជួនឡើងវិញ។ នេះបើយោងតាមបណ្ឌិតអៀ សុផល៕