ប្រទេសចិនបានឆ្លើយតបទៅនឹងបម្រាមថ្មីរបស់សហរដ្ឋអាមេរិកទាក់ទិននឹងក្រុមហ៊ុន Huawei ដោយបានគំរាមធ្វើការសងសឹកតាមរយៈវិធានការប្រឆាំងតបតផ្សេងៗដូចជា ការដាក់ក្រុមហ៊ុនអាមេរិកាំងមួយចំនួនដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Cisco ជាដើម ទៅក្នុង «បញ្ជីអង្គភាពដែលមិនអាចទុកចិត្តបាន» ដែលករណីនេះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកាំងទាំងនោះនៅក្នុងទីផ្សារចិន។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសដាក់បម្រាមថ្មីលើការផ្គត់ផ្គង់របស់ពិភពលោកនូវបន្ទះ chip ដល់ក្រុមហ៊ុន Huawei ហើយស្របពេលនោះដែរ អនុញ្ញាតឲ្យក្រុមហ៊ុនតៃវ៉ាន់បើករោងចក្របច្ចេកវិទ្យាជំនាន់ថ្មីនៅក្នុងសហរដ្ឋអាមេរិក។
នៅក្នុងអត្ថបទបញ្ចេញមតិមួយដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយកាសែត Global Times រដ្ឋាភិបាលចិនបានអះអាងថា ការដាក់ទណ្ឌកម្មថ្មីនេះបានធ្វើឲ្យប្រទេសទាំងពីរធ្លាក់ទៅក្នុង «សង្គ្រាមត្រជាក់ដ៏យូរអង្វែងនៅក្នុងវិស័យបច្ចេកវិទ្យា»៕