អ្នក​វិភាគ​និយាយ​ថា ចិន​និង​កូរ៉េខាង​ត្បូង​ស្វែង​រក​វិធី​ដោះ​ស្រាយ​បញ្ហា​កូរ៉េខាង​ជើង

រូបឯកសារ៖ មនុស្ស​​មើល​ទូរទស្សន៍​ដែលបង្ហាញ​ពី​ការ​បាញ់​កាំ​ជ្រួចរបស់​កូរ៉េ​ខាង​ជើង​​​ នៅ​ស្ថានីយ៍​រថ​ភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ពួក​អ្នក​វិភាគ​និយាយ​ថា បញ្ហា​នានា​ជុំ​វិញ​ប្រទេស​កូរ៉េខាង​ជើង​និង​ការ​តានតឹង​នៅ​លើ​ឧបទ្វីប​នឹង​ក្លាយ​ជាអាទិភាព​កំពូល​នៅ​ពេល​ដែល​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក ​Moon Jae-in ​ទៅ​បំពេញ​ទស្សនកិច្ច​ប្រទេសចិន​នៅ​សប្តាហ៍​ក្រោយ។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​សាក​ល្បងអ្វី​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​ជាកាំជ្រួច​មីស៊ីល​អន្តរទ្វីប ​ICBM ដ៏​ធំ​បង្អស់​ហើយ​និង​ខ្លាំង​បំផុត​ដែល​ពួក​អ្នក​ជំនាញ​ប៉ាន់​ស្មាន​ថា​ អាច​មាន​លទ្ធភាព​បាញ់​ដល់​ឆ្នេរ​សមុទ្រ​ផ្នែក​ខាង​កើត​សហរដ្ឋ​អាមេរិក។ ការ​គំរាម​កំហែង​សង្គ្រាម​នុយ​ក្លេអ៊ែរ​កំពុង​ធ្វើ​ឲ្យ​អាប់​អួរ​ដល់​ការ​រៀប​ចំ​កីឡា​អូឡាំពិក​រដូវ​រងា​ដែលកូរ៉េខាង​ត្បូង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ហើយ​អង្គការ​សហ​ប្រជាជាតិ​កំពុង​ពិភាក្សា​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី។

ចំពោះ​ប្រទេស​ចិននិង​កូរ៉េខាង​ត្បូង ជំនួប​រវាង​មេដឹកនាំប្រទេស​ទាំង​២​ក៏​នឹង​ក្លាយ​ជា​ឱកាស​មួយ​ដើម្បី​ចាប់​ផ្តើម​ទំនាក់​ទំនង​ជា​ថ្មី។

ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២​មាន​ភាព​ល្មីង​ជូរ​ចត់​នៅ​ដើម​ឆ្នាំ​នេះ​ បន្ទាប់​ពី​កូរ៉េ​ខាង​ត្បូង​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​កាំជ្រួច​មីស៊ីល​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិកដើម្បី​ជួយ​ការ​ពារ​ខ្លួន​ទប់​ទល់​នឹង​លទ្ធភាព​នៃ​ការ​វាយ​ប្រហារ​ពីកូរ៉េខាង​ជើង។​ ចិន​ជឿ​ថា ​ប្រព័ន្ធការ​ពារ​កាំជ្រួច​មីស៊ីល​នេះ​ជាការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លួន​ហើយ​បាន​ជំរុញ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក្នុងការ​ឆ្លើយ​តប។

ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​បាន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​និង​ទេសចរណ៍​ហើយ​ក្រុមហ៊ុន​ធំៗ​ខ្លះ​របស់​កូរ៉េ​ខាង​ត្បូង​រួម​មាន​ក្រុមហ៊ុន ​Lotteដែល​គ្រប់​គ្រង​ដីធ្លី​ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធការ​ពារ​កាំជ្រួច​មីស៊ីល​នោះ​ដែល​ហៅ​កាត់​ថា THAAD។

លោក​ Shen Dingli ​ជា​សាស្រ្តាចារ្យ​វិទ្យា​សាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យា​ល័យ Fudan​ ក្នុង​ក្រុង​សៀងហៃ​បាន​និយាយ​ថា ​ខណៈ​ដែល​ជំនួប​នោះ​នឹង​ស្វះ​ស្វែង​ធ្វើ​ឲ្យ​មាន​ភាពរលូន​ដែល​ជាប់​ទាក់​ទិន​នឹង​ជម្លោះ ​ការ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថេរភាពដល់​តំបន់​អាស៊ី​ឦសាន​នឹង​ក្លាយ​ជា​អាទិភាព៕