ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន​ប៉ះពាល់​ដល់​ប្រទេស​ជិត​ខាង​ប៉ុន្តែផ្ដល់​នូវរនាំង​ការពារ

រូបភាព​ឯកសារ៖ ស្រ្តី​ម្នាក់​ធ្វើការ​ក្នុង​រោង​ចក្រកាត់ដេរ​ខ្នាត​តូច​មួយដែលផលិត​ផល​ជាង​ពាក់​កណ្តាល​បាន​ឈប់​ដំណើរ​ការ​ដោយសារ​តែ​ការ​ធ្លាក់ចុះ​នៃ​ជំនួញ​ក្នុង​ទីក្រុង​ឧស្សាហកម្ម Qingyundian ប៉េកាំងកាល​ពី​ថ្ងៃ​ទី​១៩ តុលា​២០១៥។

ការ​ធ្លាក់​ចុះ​នូវ​សេដ្ឋកិច្ច​ចិន អាច​មាន​ផល​ប៉ះពាល់​ទៅ​លើ​តំបន់​អាស៊ីអាគ្នេយ៍ ខ្លាំង​ជាង​ការ​ដក​ខ្លួន​របស់​អង់គ្លេសចេញ​ពី​សហភាព​អឺរ៉ុប​ដោយសារ​ប្រទេស​ជិតខាង​ជាច្រើន​របស់​ចិន ពឹងផ្អែក​ទៅលើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ​ដើម្បី​កំណើន​សេដ្ឋកិច្ច។

​ខណៈ​ដែល​ប្រទេសជិត​ខាង​ចិនជាច្រើន​មាន​អារម្មណ៍​ថាពួកគេ​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ចិន ប្រជាពលរដ្ឋ​វណ្ណៈ​កណ្តាល​ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​នៅ​ក្នុង​តំបន់​ ក៏​កំពុង​ជួយ​ធ្វើ​ជា​រនាំង​ការ​ពារ​សម្រាប់​ប្រទេស​ទាំង​នោះ​ផង​ដែរ។

ផលិតផល​ក្នុង​ស្រុក​សរុប​ឬ GDPចិន មាន​អត្រាកំណើន​ ៦.៧ ភាគរយ ​ក្នុងពាក់ឆមាស​ទី​១​នៃ​ឆ្នាំ​នេះ ដែល​ជា​អត្រា​ទាប​បំផុត​ចាប់​តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​សកលលោក​នៅ​ដើម​ឆ្នាំ​២០០៩​មក។

លោក Joseph Incalcaterra សេដ្ឋកិច្ច​វិទូ​នៃ​ធនាគារ HSBC បាន​មាន​ប្រសាសន៍​ថា៖ «ចាប់​ពី​ឆ្នាំ​ ២០០០​ដល់​២០០៥ ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៦ ដល់​២០១៤ អ្វី​ដែល​យើង​ឃើញ​នោះ​គឺ​ថាដំបូង​ឡើយ​ សហរដ្ឋ​អាមេរិក ឬ​សូម្បី​តែ​សហភាព​អឺរ៉ុប គឺ​ជា​អ្នក​រុញច្រាន​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺ​ប្រទេស​ចិន​ទៅ​វិញ​ទេ​ លើកស្ទួយ​សេដ្ឋកិច្ច​អាស៊ី។ យើង​មើល​ឃើញ​ថា កំណើន​សេដ្ឋកិច្ចដែល​កំពុង​ធ្លាក់ចុះ​នៅ​ប្រទេស​ចិន ធ្វើ​ឲ្យ​មានផល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល»។

ផលិតផល​ក្នុង​ស្រុក​សរុប​ឬ ​GDP ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល​គឺ​មាន​ចំនួន ២.៦០០​ ពាន់លានដុល្លារ។

នៅ​ឆ្នាំ​ ២០១៥ កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នេះ បាន​ធ្លាក់​ចុះនៅ​ក្នុង​ប្រទេស​ចំនួន​៧ ក្នុង​ចំណោម​ប្រទេសសមាជិក​អាស៊ានទាំង​១០។ ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​នាំ​ចេញ​ទំនិញ​យ៉ាង​ច្រើន​ទៅ​កាន់​ប្រទេស​ចិន៕