ឧទាហរណ៍មួយនៃចំណុចនេះគឺរមណីយដ្ឋានកម្សាន្ត Oceanwide Plaza ដែលចំណាយទឹកប្រាក់វិនិយោគអស់រាប់ពាន់លានដុល្លារនៅក្នុងទីក្រុង Los Angeles។ ការងារសាងសង់បានជាប់គាំងនៅក្នុងខែមករា សម្រាប់អាគារខុនដូ សណ្ឋាគារ និងកន្លែងប្រកបអាជីវកម្មលក់រាយ ដែលស្ថិតនៅក្នុងទីតាំងដ៏មានតម្លៃជិតមជ្ឈមណ្ឌលសន្និបាតរបស់ទីក្រុង Los Angeles និងបណ្ដុំអាគារ ដែលក្រុមបាល់បោះ Lakers និងក្រុមបាល់បោះ Clippers លេងនៅទីនោះ។
ភាពជាប់គាំងនេះគឺជាសញ្ញាមួយនៃការធ្លាក់ចុះខ្លាំងនៃការវិនិយោគពីប្រទេសចិន នៅចំពេលដែលមានភាពតានតឹងកើនឡើងរវាងមហាអំណាចពិភពលោកទាំងពីរ។
មូលហេតុមួយដែលបណ្ដាលឲ្យមានការធ្លាក់ចុះនេះគឺការផ្លាស់ប្ដូរគោលនយោបាយរូបិយវត្ថុរបស់ចិន។ នេះបើតាមការបញ្ជាក់របស់លោក Dale Goldsmith មេធាវីផ្នែកដីធ្លីនៅទីក្រុង Los Angeles។
លោក Goldsmith ថ្លែងដូច្នេះថា៖ «យើងឃើញមានការគ្រប់គ្រងរូបិយវត្ថមិនឲ្យហូរចេញពីប្រទេសចិន ដែលនៅទីនោះ ក្រុមហ៊ុនជាច្រើនបានវិនិយោគលើផ្នែកដែលមានហានិភ័យទាប។ ខ្ញុំគិតថា វាប្រហែលជាមកពីការវិនិយោគលើផ្នែកដែលមានសុវត្ថិភាពនៅក្រៅប្រទេស ដែលនៅទីបំផុត ប្រទេសចិនបានបង្ក្រាបលើរឿងនេះ»។
មូលហេតុមួយទៀតគឺការបង្កើនការត្រួតពិនិត្យរបស់គណៈកម្មាធិការវិនិយោគបរទេសនៅក្នុងសហរដ្ឋអាមេរិក។
វិទ្យាស្ថានស្រាវជ្រាវ Rhodium Group បានប៉ាន់ប្រមាណថា ការត្រួតពិនិត្យរបស់គណៈកម្មាធិការនេះបានធ្វើឲ្យអ្នកវិនិយោគចិនបោះបង់ចោលនូវកិច្ចសន្យាវិនិយោគជាមួយសហរដ្ឋអាមេរិក ដែលមានទឹកប្រាក់ជាង ២ ពាន់ ៥ រយលានដុល្លារ។
លោក Goldsmith បានបន្ថែមថា សេដ្ឋកិច្ចខ្លាំងក្លារបស់សហរដ្ឋអាមេរិកគឺជាមូលហេតុមួយផ្សេងទៀត ដែលបណ្ដាលឲ្យមានការធ្លាក់ចុះនៃការវិនិយោគរបស់ចិននេះ។
លោក Goldsmith និយាយថា៖ «ប្រាក់ដុល្លារអាមេរិកមានឥទ្ធិពលខ្លាំង ដែលធ្វើឲ្យការវិនិយោគមិនសូវជាមានការចាប់អារម្មណ៍ខ្លាំងសម្រាប់ជនជាតិចិន និងនៅក្នុងសហរដ្ឋអាមេរិក។ ចំណុចមួយទៀតគឺថ្លៃសាងសង់កើនឡើងខ្ពស់បំផុត»។
ចំណុចចុងក្រោយ ដែលនោះគឺសង្គ្រាមពាណិជ្ជកម្មដែលនៅបន្តរវាងសហរដ្ឋអាមេរិក និងចិន បានបង្កឲ្យមានភាពស្រពិចស្រពិលក្នុងបរិយាកាសវិនិយោគដែលកំពុងតែមានការប្រឈមរួចមកហើយ។
សង្គ្រាមពាណិជ្ជកម្មកំពុងបង្កើតទំនោរមួយផ្សេងទៀត ដែលនោះគឺការគេចពីពន្ធគយខ្ពស់ ដោយក្រុមហ៊ុនអន្តរជាតិនានាបានផ្លាស់ទីតាំងផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិនទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។
ប្រទេសខ្លះទទួលបានប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មនេះ។ ប្រទេសផ្សេងទៀតកំពុងព្យាយាមបង្កើនការវិនិយោគដោយផ្ទាល់របស់ពួកគេ ដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពលអវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្មនេះ។
ដរាបណាភាពតានតឹងសេដ្ឋកិច្ចរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង នៅតែខ្ពស់ ទីក្រុង Los Angeles និងទីក្រុងផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិកនឹងត្រូវស្វែងរកមូលធនវិនិយោគពីកន្លែងផ្សេង៕
ប្រែសម្រួលដោយ ភី សុភាដា