ចិន បាន​ឲ្យ​សញ្ញា​ពី​ការ​បន្ទន់​វោហារ៍សាស្រ្ត​ដល់​កោះ​តៃវ៉ាន់​បន្ទាប់​ពី​ការរកាំ​ចិត្ត​ជា​ច្រើន​ឆ្នាំ

  • Ralph Jennings

លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ថ្លែង​នៅ​ក្នុង​កិច្ចសន្ទនា​ស្តីអំពី​ការពង្រឹង​ទំនាក់ទំនង​ដៃគូ​ដែល​ធ្វើ​ឡើង​នៅ​ផ្ទះ​សំណាក់​របស់​រដ្ឋ Diaoyutai ក្នុង​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី៨ ខែវិច្ឆិកា​ឆ្នាំ២០១៤។

ប្រធានា​ធិបតី​ចិន ស៊ី​ ជីន​ពីង​ ទទួល​ស្គាល់​ថា បញ្ហា​ថ្មី ​មាន​នៅ​ក្នុង​ទំនាក់​ទំនងរបស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជាមួយ​កោះ​តៃវ៉ាន់​ ​ដែល​ជា​កោះ​ត្រួតត្រា​ដោយ​ខ្លួនឯង​ដែល​ចិន ​សង្ឃឹមថា នឹងយក​មកធ្វើ​ជារបស់​ខ្លួន​នៅ​ថ្ងៃ​ណាមួយ។ ​

នៅពេល​ដែល​ប្រធានា​ធិបតី​ចិន ​ស៊ី​ ​ជីង​ពីង ​បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ​កោះ​តៃ​វ៉ាន់​នៅ​សន្និសីទ​កំពូល​សេដ្ឋ​កិច្ច​ក្នុង​តំបន់​ប្រចាំ​ឆ្នាំ ​លោក បាន​កត់​សម្គាល់​ថា ​មាន​បញ្ហា​ថ្មី​ក្នុង​ទំនាក់​ទំនង​ហើយ​បានជំរុញ​ឲ្យ​ភាគី​ទាំង​២ ​ធ្វើឲ្យ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់​ទង​សម្រាប់​រយៈ​ពេល​យូរ។

​នៅឯវេទិការអង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចតំបន់​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ី​ហ្វិក​ (APEC) ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​អាទិត្យ ​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ចិន បាន​រាយការណ៍​ថា ​លោកស៊ី ​បាន​និយាយ​ថា ​ទោះ​បី ​វា ​ជាការ​ជៀស​មិន​រួច​ក៏ដោយ​ដែល​ភាគី​ទាំង​២ ​នឹងមាន​ការ​ខ្វែង​គំនិត​គ្នា​ ​ភាគី​ទាំង​២ ​ត្រូវ​តែ​គោរព​ជម្រើស​មាគ៌ា​អភិវឌ្ឍន៍​និង​ប្រព័ន្ធសង្គម​របស់​ភាគី​និមួយៗ​។

​ចិន ​បាន​ទាម​ទារត្រួតត្រា​កោះ​តៃ​វ៉ាន់ចាប់​តាំង​ពី​ទសវត្សរ៍​១៩៤០​ហើយ​ចង់​ធ្វើ​ការ​ប​ង្រួប​បង្រួម ថ្វីបើ​ជំទាស់​ប្រឆាំង​កោះ​ដែល​គ្រប់​គ្រង​ដោយ​ខ្លួន​ឯង​ក៏ដោយ។ ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក ​ចិន ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ខាង​សេដ្ឋ​កិច្ច​ចំនួន​២១​ជាមួយ​កោះ​តៃវ៉ាន់​ជាការ​លើកទឹក​ចិត្តដើម្បី​បញ្ចូល​គ្នា​នេះ។

ក៏ប៉ុន្តែ ​ការ​តវ៉ា​ប្រឆាំងចិន​នៅ​កោះ​តៃវ៉ាន់ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីដែល​បាន​អូសបន្លាយ​ជាយូរយា​ហើយ​នឹង​ភាព​ជាប់​គាំង​កំណែទម្រង់​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ជាមួយ​កោះ​តៃវ៉ាន់។

​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ​ប្រធានា​ធិបតី Ma Ying-jeou នៃ​កោះ​តៃវ៉ាន់ ​ក៏​បាន​ជំរុញ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ឲ្យ​យល់​ព្រមដល់​ការទាម​ទារ​របស់​ពួក​បាតុករក្នុង​ទីក្រុង​ហុងកុងឲ្យ​មានការ​បោះឆ្នោត​ជាសាកលសម្រាប់​ប្រធាន​ប្រតិបត្តិ​របស់​ដែន​ដី​នោះ។

​លោក​ Tung Chen-yuan ​ជាសាស្រ្តា​ចារ្យ​ការ​សិក្សា​ខាង​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យាល័យ​ជាតិ Chengchi ​ក្នុង​ទីក្រុង​តៃ​ប៉ិ ​និយាយ​ថា ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​មាន​ការ​ឆ្លៀស​វៃ​ដើម្បី​បញ្ចៀសកុំឲ្យចំណង​ទាក់​ទង​នោះ​កាន់​តែ​អាក្រក់​ឡើង។

«លោក ​និយាយ​ថា ​ការ​អភិវឌ្ឍន៍​នៃ​ទំនាក់​ទំនង​រវាង​ចិន​និង​កោះ​តៃ​វ៉ាន់ បាន​ធ្លាក់​ចុះ​បន្តិចម្តង​ៗ​។ ​ប្រសិនបើ ​អស់​លោក ​អ្នក សួរ​អំពី​ការចាត់​វិធានការ​ធ្វើ​ឲ្យ​ជឿន​លឿន​នោះ លោក Tung ​និយាយ​បន្ថែម​ទៀត​ថា មាន​ការ​លំបាក​កម្រិត​ខ្ពស់​។ ​ដូច្នេះ ​លោក ​និយាយ​បន្ត​ទៀត​ថា ​ចំពោះ​ចិន​ដីគោក​ ​វា ​ជាការ​ណ៍​ល្អ​មួយដែល​ទំនាក់​ទំនង​នោះ វិលត្រឡប់ទៅ​កាន់​ស្ថិរភាពនិង​កុំ​ធ្វើ​ឲ្យ​ទំនាក់​ទំនងស្មុគ​ស្មាញ​ម្តង​ទៀត​ហើយ​ថា មហិច្ឆិតា​របស់​ចិន ​មិន​គួរ​ខ្លាំង​ពេកទេ»។

​ប្រធានា​ធិបតី​ចិន ​មិន​បានថ្លែង​ជាសាធារណៈ​ពី​បញ្ហា​ជាក់​លាក់​ណាមួយ​រវាង​ភាគី​ទាំង​២​នៅពេល​ដែល​លោក ​បាន​ជួប​ជាមួយ​លោក Vicent Siew ​អតីត​អនុ​ប្រធានា​ធិបតីកោះ​តៃវ៉ាន់​ ​និងជា​ប្រធាន​គណៈប្រតិភូ​របស់​កោះ​នោះនៅ​សន្និសីទ​កំពូលរបស់​ពួកមេដឹកនាំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋ​កិច្ច​តំបន់​អាស៊ី​និង​មហា​សមុទ្រប៉ាស៊ី​ហ្វិក​ក្នុង​ទីក្រុង​ប៉េកាំង​ទេ។

​ពួក​អ្នក​ជំនាញ​ការ​ រំពឹង​ថា ​ពួក​មន្រ្តី​ចិន​ នឹង​បន្ត​ធ្វើ​ការ​ឆ្ពោះទៅ​កាន់​កិច្ច​ព្រម​ព្រៀង​ថ្មីស្តី​ពី​ពាណិជ្ជកម្ម ការ​ឆ្លង​កាត់​និង​ការ​វិនិយោគ​ទុននៅពេល​ដែល​ពួកគេ ​មាន​ចាប់​តាំង​ពីលោកម៉ាដែល​ជាប្រធានា​ធិបតី​សម្រុះ​សម្រួល ​បាន​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០០៨​មក។

​ពួកគេ ​ជឿជាក់​ថា ​ពួក​មន្រ្តី​ចិន​ ​នឹង​នៅ​រក្សា​មិត្ត​ភាពដល់​កោះ​តៃវ៉ាន់​ដើម្បី​ធ្វើ​ឲ្យសម្រេច​គោល​ដៅ​របស់​ខ្លួន​នៅទី​បញ្ចប់​គឺការ​បង្រួប​បង្រួម​ជាតិ។ ឧទាហរណ៍ ​ពួកគេ ​នឹង​ព្យាយាម​ពិនិត្យ​មើល​ទស្សនៈ​របស់ប្រជា​ពលរដ្ឋ​សាមញ្ញ​នៅ​កោះ​តៃវ៉ាន់​ហើយ​នឹង​បង្អន់​វោហាសាសន៍ប្រទេស​មួយ ​ប្រព័ន្ធ​២។ ​រដ្ឋាភិបាល​កុម្មុយ​និស្ត ប្រើ​ប្រាស់​គំរូ​នោះដើម្បី​ត្រួតត្រា​ទីក្រុង​ហុងកុង​និង​កោះ​ម៉ាកាវ​ដោយ​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ។

លោក Li Chong-pin ​ជា​សាស្រ្តាចារ្យខាងការ​សិក្សា​យុទ្ធ​សាស្រ្តដែល​បានចូល​និវត្តន៍​នៅ ​កោះ​តៃ​វ៉ាន់ ​និយាយ​ថា ​ចិន ​អាច​ធ្វើ​បន្តិចបន្តួច​ថែម​ទៀត​។

«បរិយាកាសដ៏​ស្រអាប់ដែល​ពួកគេ ​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរឡើង​លើបញ្ហា​នេះ។ខ្ញុំគិតថា ​រដ្ឋាភិបាលទីក្រុង​ប៉េកាំង​ ​នឹង​ធ្វើ​ដូច​គ្នា​នេះ​និងកាល​ពី​ពេល​មុនដែរ។ ក៏ប៉ុន្តែ បញ្ហា​ប្រឈម​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃទំនាក់​ទំនង​ឆ្លង​កាត់​ច្រក​សមុទ្រ ខ្ញុំ ​គិត​ថា​ រដ្ឋាភិបាល​ទីក្រុងប៉េកាំង ​មិន​អាច​ធ្វើ​បាន​ច្រើន​ទៀត​ទេ»។

ចិន ​នឹង​ពិនិត្យមើល​ដោយ​យក​ចិត្តទុកដាក់​ចំពោះ​អារិភាព​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​កោះ​តៃវ៉ាន់​មុនពេលការ​ប្រកួត​ប្រជែង​តំ​ណែង​ប្រធានា​ធិបតីរបស់​កោះ​នោះ​នៅ​ដើម​ឆ្នាំ​២០១៦។ ​លោកប្រធានា​ធិបតីម៉ា​នៃ​កោះ​តៃវ៉ាន់ ​ត្រូវ​តែចុះ​ចេញ​ពី​តំណែង​ដោយ​សារ​ការ​កម្រិតអាណត្តិ ​ហើយ​អាសនៈ​របស់​លោក ​អាច​ធ្លាក់​ទៅ​លើ​គណបក្សប្រជា​ធិបតេយ្យ​ជឿនលឿន​ដែល​ជាគណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​កោះ​តៃវ៉ាន់។ ​គណបក្ស​នោះ ​ប្រកាន់​ជំហរយ៉ាង​ប្រុង​ប្រយ័ត្នខ្លាំង​ជា​ង​ប្រធានា​ធិបតី​ម៉ា​លើ​បញ្ហា​ទំនាក់​ទំនង​ជា​មួយ​ចិន៕​

ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន