អាជ្ញាធរ​ចិន​នឹង​ចាប់​ផ្តើម​រឹត​បន្តឹង​មិន​ឲ្យ​ជន​បរទេស​ចូល​ក្នុង​ប្រទេស​ជា​បណ្តោះ​អាសន្ន​ដើម្បី​ទប់​​ស្កាត់​ការ​រាលដាល​នៃ​មេរោគ​កូរ៉ូណា​​​

មនុស្ស​ពាក់​ម៉ាស​ដើរ​នៅ​លើ​ផ្លូវ​ពេល​ចេញ​ពី​ការងារ កាល​ពី​ថ្ងៃ​ទី​២៦ មីនា ២០២០ នៅ​ទីក្រុង​ប៉េកាំង នៅ​ពេល​មុខ​ជំនួញ​នានា​បាន​វិល​មក​រក​ភាព​ធម្មតា​​វិញ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា។

ប្រទេស​ចិន​ថា​ខ្លួន​នឹងដាក់​បម្រាម​ជា​បណ្តោះ​អាសន្ន មិន​ឲ្យ​ជន​បរទេស​ដែលមាន​ទិដ្ឋាការ​ឬ​ប័ណ្ណ​ស្នាក់​នៅ​ក្នុង​ប្រទេស​ចិន ចូល​ប្រទេស​ចិនបាន​ចាប់​ពី​ពាក់​កណ្តាល​អាធ្រាត​ថ្អៃ​សុក្រ ចូល​ថ្ងៃ​សៅរ៍​ទី​២៨​ខែ​មីនា នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែងចុង​ក្រោយ​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​បន្ត​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី។

ក្រសួង​ការ​បរទេស​ចិន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​ចិន​បាន​ដាក់​ការ​រឹតត្បិត​ថ្មី​នេះ «ដោយ​ផ្អែក​លើ​ស្ថានភាពការ​ផ្ទុះ​រាតត្បាតនិង​ការ​អនុវត្តនានា​នៅ​ប្រទេស​ដទៃ។»​

អាជ្ញាធរ​ចិនថា ​ខ្លួន​នឹង​បើក​ចំហ​ការ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត និង​ចេញ​គោលការណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ទាក់​ទង​នឹង​កម្មវិធី​ផ្លាស់​ប្តូរ​បុគ្គលិក​ក្រោម​លក្ខខណ្ឌ​ពិសេស​នានា។

រដ្ឋាភិបាល​ចិន​ក្នុង​ទី​ក្រុង​ប៉េកាំង​និយាយ​ថា អ្នក​កាន់​ទិដ្ឋាការ​ការទូត​នឹង​មិន​ត្រូវ​ប៉ះ​ពាល់​ពី​បម្រាម​ជា​បណ្តោះ​អាសន្ន​មិន​ឲ្យជន​បរទេស​ចូល​ប្រទេស​ចិន​នេះ​ទេ។​

កាល​ពី​ខែ​មករា ប្រទេស​ចិន​បាន​បិទ​រាល់​ការ​ធ្វើ​ដំណើរ​ចេញ​ចូលពី​ទី​ក្រុង​នានា​ក្នុង​ខេត្ត​ហ៊ូប៉េ ដោយ​រួម​ទាំង​ទី​ក្រុង​វូហាន ដែល​ជា​ទី​កន្លែង​គេ​បាន​រក​ឃើញ​វីរុស​ថ្មី​នេះ​ដំបូង​បំផុត៕